អាជីវករ​សុំ​ផ្អាក​ការ​អភិវឌ្ឍន៍​ផ្សារ​ដើម​គ និង​ជម្រះ​បញ្ជី​ប្រធាន​ផ្សារ

ការប្រមូលផ្តុំគ្នា របស់ក្រុមអាជីវករផ្សារដើមគរ ដើម្បីដាក់ញតិ្តស្នើសុំ ឲ្យនាយរដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ជួយ​អន្តរាគមន៍ រឿង​គម្រោងរុះរើផ្សាររបស់ សាលារាជធានីភ្នំពេញ មានគោលបំណងពីរ ដាច់​ដោយ​ឡែក​ពី​គ្នា។ ទីមួយ សុំឲ្យ​បញ្ឈប់​គម្រោង រហូតដល់ឆ្នាំ២០២១ និងទីពីរ សុំឲ្យជួយអន្តរាគមន៍ ពី​បញ្ហា​ប្រធាន​ផ្សារ​ថ្មី លោក សេង សារ៉ន ដែល​មិន​យក​ចិត្ត​ទុក​ដាក់ បញ្ហាផ្សារ និងអាជីវករ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស៊្រុន ទិត្យ - ភ្នំពេញថ្ងៃទី ១៨ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 18, 2015
  • ប្រធានបទ: អភិវឌ្ឍន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គម្រោងអភិវឌ្ឍន៍ និងសាងសង់ផ្សារដើមគរថ្មីនោះ ត្រូវបានលោក ឃួន ស្រេង អភិបាលរងសាលារាជធានី​ភ្នំពេញ បង្ហាញកាលពីពេលកន្លងមក រួចមកហើយ នៅសាលារាជធានីភ្នំពេញ ដោយមានដូចជាផែនទីជា​ដើម សម្រាប់អជីវករមើល។ ប៉ុន្តែគម្រោងនេះ មិនត្រូវបានក្រុមអាជីវកររីករាយ ទទួលយល់ព្រមនោះទេ។ ដូច្នេះ​ហើយ ទើបនៅ​ម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃ ទី១៧ ខែសីហានេះ ក្រុមអាជីវករផ្សារដើមគរ ប្រមាណជាង​១០០​នាក់ ជួបជុំគ្នានៅមុខខុទ្ធកាល័យនាយករដ្ឋមន្ត្រី ដើម្បីដាក់ញត្តិសុំអន្តរាគនម៍ ពីរដ្ឋាភិបាល។

ក្នុងការតវ៉ាខាងលើ អាជីវករម្នាក់អ្នកស្រី ទិត្យ ផល្លា អ្នកលក់សម្លៀកបំពាក់ក្នុងផ្សារ បានបញ្ជាក់ថា អ្នកស្រី​ចង់​ឲ្យមានការទទួលខុសត្រូវ ចំពោះអាជីករ ពីប្រធានផ្សារលោក សេង សារ៉ន។ អ្នកស្រីមានប្រសាសន៍ថា ការ​ដែល​មានគម្រោសាងសង់ផ្សារ របស់សាលារាជធានីភ្នំពេញ ជារឿងមួយ តែនៅមានរឿងមួយទៀត គឺតាំងពី​មានបញ្ហានេះមក ប្រធានផ្សារ លោក សេង សារ៉ន ហាក់មិនសូវរវីរវល់ ពីបញ្ហាបរិស្ថាននៅក្នុងផ្សារទេ។ អាជីវករ​លក់ខោអាវរូបនេះ បានលើកយកឧទាហរណ៍ កាលពីថ្ងៃដែលអភិបាលរាជធានីភ្នំពេញ ចុះទៅផ្សារ​ដើមគ មកបញ្ជាក់ថា ប្រធានផ្សារហាក់មានចេតនា នាំលោក ប៉ា សុជាតិវង្ស ដើចុះភក់ជ្រាំ ដើម្បីបញ្ជាក់​ពីផ្សារ​គ្មានអនាម័យល្អ។

ចំណែកលោក ហៀង សុភា អាយុ ៤៨ឆ្នាំ មានមុខរបរអ្នកលក់ស្បែកជើង នៅផ្សារខាងលើដែរ បានប្រាប់​អ្នក​សារព័ត៌មានថា អាជីវករប្រមាណ៨២៥តូប ចេញមុខតវ៉ានៅមុខផ្ទះលោក ហ៊ុន សែន នៅថ្ងៃនេះ គោលបំណង គឺសុំឲ្យនាយករដ្ឋមន្ត្រីជួយ ព្រោះផ្សារដើមគរ ជាផ្សាររបស់រដ្ឋ បើសាលារាជធានីភ្នំពេញ ចេញគម្រោង​សាង​សង់​ហើយនោះ អាជីវករច្បាស់ជាលំបាក។ លោកបន្ថែមទៀតថា អស់រយៈពេលមួយឆ្នាំហើយ ដែលប្រធាន​ផ្សារថ្មី លោកសេង សារ៉ន មកកាន់ដំណែងនៅផ្សារដើមគ តែចេះតែមានបញ្ហារហូត ស្ទើមិនលួសពេល។

អាជីវករម្នាក់ទៀត នៅជិតនោះ ក៏បានឆ្លើយឆ្លង ជាមួយអ្នកសារព័ត៌មានថា ប្រធានផ្សាររូបនេះ ត្រូវ​បាន​តែង​តាំង​មក ដោយសាលារាជធានីភ្នំពេញ ដែលក្រុមអាជីវករ មិនពេញចិត្តដូចប្រធានផ្សារចាស់នោះទេ។

ទស្សនាវដ្តី មិនអាចទាក់ទង សុំការបំភ្លឹពីប្រធានផ្សារ លោក សេង សារ៉ន តបនឹងការចោទប្រកាន់ របស់​ក្រុម​អាជីវករខាងលើបានទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។

នៅថ្ងៃដដែលនោះដែរ ក្រុមអ្នកតវ៉ាបានបំបែកគ្នា ទៅកាន់គេហដ្ឋានវិញ បន្ទាប់ពី លោក ប៉ាល់ ច័ន្ទតារា តំណាង​ខុទ្ធកាល័យលោក ហ៊ុន សែន ចេញមកទទួលញត្តិ និងធ្វើការសន្យាជាថ្មីម្តងទៀត ពីបញ្ហាថា សាលារាជធានី​ភ្នំពេញ នឹងមិនអនុវត្តន៍គម្រោងនោះទេ បើមានអាជីវករណាមួយមិនពេញចិត្ត។ លោកបានបន្ថែមថា សូមឲ្យ​ក្រុមអាជីវករទាំងអស់ ស្ងប់អារម្មណ៍ ហើយបើមានបញ្ហាអ្វី សូមទាក់ទងមកលោក នោះខាងខុទ្ធកាល័យ នឹង​ជួយ​ដោះស្រាយជូនអាជីវករភ្លាម។

តែការសន្យារបស់លោក ប៉ាល់ ច័ន្ទតារា បានធ្វើឡើង ត្រឹមតែពាក្យសម្តី នៅចំពោះមុខអ្នកកាសែតជាច្រើននាក់ និងក្រុមអាជីវករប៉ុណ្ណោះ តែមិនមានចេញ ជាលិខិតស្នាមណាមួយឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...