នៅឆ្នាំ២០៣៥ អ្នកភ្នំពេញអាចនឹងមានរថភ្លើងអាកាសប្រើ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី ០៨ សីហា ២០១៥
- កែប្រែចុងក្រោយ: August 09, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងហោចណាស់ រថភ្លើងអាកាសចំនួនបីខ្សែរ កំពុងត្រូវបានសាលារាជធានី រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានកិច្ចសហការ ពីក្រសួងរៀបចំដែនដី និងដឹកជញ្ជូន ជប៉ុន និងអង្គការ JICA ធ្វើការសិក្សា ដើម្បីរិះរកលទ្ធភាព ដាក់ឲ្យមានដំណើរការ ក្នុងមូលហេតុជួយបញ្ជៀស ការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីផ្នំពេញ។ ប៉ុន្តែគម្រោងនេះ មិនអាចមានរូបរាង នៅមុនឆ្នាំ២០៣៥នោះឡើយ។ នេះបើតាមការថ្លែងឲ្យ ដឹងរបស់លោក ឡុង ឌីម៉ង់ មន្ត្រីអ្នកនាំពាក្យសាលសារាជធានី នៅក្នុងកិច្ចសម្ផាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។
នៅក្នុងសិក្ខាសាលា កម្ពុជា-ជប៉ុន ស្តីពីប្រព័ន្ឋដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរៀបចំឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា សាលារាជធានី ក្រសួងរៀបចំដែនដី និងដឹកជញ្ជូន ជប៉ុន និងអង្គការ JICA នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) កាលពីព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៥នោះ ការផ្លាស់ប្ដូរយោបល់ជាច្រើន ត្រូវបានលើកយកមកពីភាក្សា ក្នុងនោះមានដូចជា៖
- គោលនយោបាយដឹកជញ្ជូន នៃប្រទេសកម្ពុជា
- ប្រព័ន្ធដឹកជញ្ជូននៅតាមទីក្រុង នៅក្នុងប្រទេសជប៉ុន
- ការផ្តល់ជំនួយរបស់អង្គការ JICA ក្នុងវិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា
- ផែនការមេ នៃគម្រោងរថភ្លេីងលេីអាកាស ប្រភេទ AGT ចំនួន៣ខ្សែ
- និងការបង្ហាញពី AGT របស់ក្រុមហ៊ុន Mitsubishi ជប៉ន។
រីឯគម្រោងរថភ្លើងអាកាស ដែលមានបីខ្សែនោះ អាចនឹងត្រូវសាងសង់៖
ខ្សែទី១- ផ្តេីមពីចំណុចវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ឋរុស្សីុ និងរង្វង់មូលចោមចៅ។
ខ្សែទី២- ផ្តេីមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លេីង រួចបត់ឆ្វេងតាមផ្លូវតាំងកសាង ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ខ្សែទី៣- ផ្តេីមពីផ្សារថ្មី វិថីហ្សាលដឺហ្គោល វិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អ្នកនាំពាក្យរាជធានី បានថ្លែងឲ្យដឹងទៀតថា គម្រោងនេះកំពុងស្ថិតនៅ ក្នុងលក្ខណៈជាការសិក្សា ដោយក្រុមអ្នកបច្ចេកទេសជប៉ុន នៅឡើយ។ ប៉ុន្តែលោក ឌីម៉ង់ បានពន្យល់ថា «រថភ្លើងអាកាស ឬ Skytrain» អាចជាជម្រើសមួយ នៅក្នុងចំណោមជម្រើស ដ៏សមស្របដទៃទៀត សម្រាប់យកមកធ្វើ ជាមធ្យោបាយដឹកជញ្ជូនសាធារណៈ នៅក្នុងរាជធានីភ្នំពេញ។ ចំពោះទឹកប្រាក់ ដែលត្រូវចំណាយ យកមកសាងសង់រថភ្លើង លើអាកាសទាំងនេះ នៅមិនទាន់ទម្លាយឲ្យដឹងនៅឡើយ។
ការសិក្សាគម្រោង ទាក់ទងនឹងការដឹកជញ្ជូនសាធារណៈ របស់សាលាដំបូងរាជធានីភ្នំពេញ ពុំមែនទើបតែកើតមាន នៅពេលនេះទេ។ កាលពីដើមខែសីហា ឆ្នាំ២០១២ សាសារាជធានីភ្នំពេញ ក៏ធ្លាប់បានសិក្សាគម្រោងមួយ ជាមួយនឹងអ្នកជំនាញ ពីប្រទេសបារាំង ដើម្បីដាក់ឲ្យដំណើរការ នូវត្រាមវ៉េយ៍ (Tramway - ប្រភេទដូចរថភ្លើង រត់នៅផ្លូវមួយច្បាស់លាស់) ដើម្បីដាក់ឲ្យរត់ក្នុងរាជធានី២ខ្សែ។ បើទោះជាគម្រោងនេះ ត្រូវបានលើកឡើង នាពេលនោះថា នឹងអាចមានរូបរាង នៅឆ្នាំ២០១៣ ក៏ដោយ តែរហូតមកដល់ឆ្នាំ២០១៥នេះ សាលារាជធានី បានដាក់ឲ្យដំណើរការ ត្រឹមតែរថយន្ដក្រុងធម្មតា បីខ្សែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក ជា ប៊ុនសៀង សាស្ត្រចារ្យស្ថាបត្យកម្ម និងនគរោបនីយកម្មមួយរូប នៅរាជធានីភ្នំពេញ បានសម្ដែងសុទិដ្ឋិនិយមថា ប្រសិនបើរថភ្លើងអាកាស ត្រូវបានដាក់ឲ្យប្រើប្រាស់នោះ វានឹងអាចជួយបញ្ជៀស ការកកស្ទះចរាចរណ៍ និងជួយបង្កើតគុណភាពដល់បរិស្ថាន ដោយសារបណ្ដាជននឹងឈប់ប្រើប្រាស់រថយន្ដ ហើយងាកមកប្រើ មធ្យោបាយដឹកជញ្ជូនសាធារណៈនេះវិញ។ លោក ប៊ុនសៀង បានថ្លែងថា រថភ្លើងអាកាសនឹងអាចធ្វើឲ្យបណ្ដាជន អ្នករស់នៅរាជធានី ផ្លាស់ប្ដូរទម្លាប់ មនុស្សម្នាក់រថយន្ដមួយ ហើយមកប្រើប្រាស់មធ្យោបាយផ្សេង ដែលមានលក្ខណៈរួម និងតាមបែបសហគមន៍៕