ភក្តីភាព ជាលម្អរបស់មនុស្សគ្រប់ស្រទាប់ និងជំនាន់
ភក្តីភាពមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូបគ្រប់ជាតិសាសន៍។ បុគ្គលណាដែលខ្វះនូវភក្តីភាព ក្នុងការ ប្រាស្រ័យទាក់ទងគ្នា គេតែងតែនិយាយថា«ស៊ីបាយបោកឆ្នាំង» ឬក៏និយាយថា «មនុស្សមិនល្អ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ»។ មនុស្សបែបនេះ មិនមានគេរាប់អានឬទុកចិត្តឡើយ។
ភក្តីភាពវាជាអំណាចផ្លូវចិត្តដែលបានលើកមនុស្ស ឱ្យមកជិតអ្នកមានឬបុគ្គលសំខាន់ៗបាន។ ជាពិសេសភក្តីភាព បាន បង្កើន ចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ មានទំនុកចិត្តនិងប្រគល់មុខតំណែងសំខាន់ៗទៀតផង។ មិនតែប៉ុណ្ណោះអាច ភ្ជាប់ជាសាច់ឈាមទៀតផង ព្រោះអ្នកមាន គេមានសព្វមានគ្រប់ទៅហើយ គឺគេត្រូវការតែមនុស្សមានចិត្ត ពោលគឺមនុស្ស ដែលមានចិត្តភក្តីភាពតែប៉ុណ្ណោះ។ ដូចជាចៅចិត្រជាមនុស្សកំព្រា ក្រីក្រខ្វះទាំងញាតិខ្វះទាំងទ្រព្យ ប៉ុន្តែចៅចិត្រមាន ភក្តីភាព ចំពោះចៅហ្វាយនាយ មួយលើកជាពីរលើក ហ៊ានពុះពារ និងហ៊ានលះបង់ចំពោះចៅហ្វាយនាយ ក្នុងនាមជា បាវព្រាវ [...]