នៅពេលកូនឧកញ៉ាៗឈ្លោះគ្នា ឧកញ៉ាណាខ្សោយជាង ជាប់គុក?
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី១៤ មេសា ២០១៥
- កែប្រែចុងក្រោយ: April 14, 2015
- ប្រធានបទ: វាយតប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានអះអាងតាមបណ្ដាញសង្គម របស់លោកថា លោកបានបញ្ជាវ៉ៃខ្នោះ ឃាត់ខ្លួន ជនល្មើសឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ឲ្យមកយកមកទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានី ដើម្បីសួរចំលើយ និងបន្ទាប់មក ត្រូវបានបញ្ជូនទៅកាន់តុលាការរាជធានី កាលពីរសៀលម៉ោង ២ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥នេះ។
ចំណាត់ការរបស់លោក បានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្ដឹងថា យុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ដែលជាកូនប្រុសរបស់លោកឧកញ៉ា ឌួង ងៀប បានបង្ករហឹង្សា ទៅលើយុវជនម្នាក់ទៀត ឈ្មោះ ទ្រី ដាលុច ដែលជាកូន របស់លោកឧកញ៉ា ទ្រី ភាព ដ៏មានឥទ្ធិពលម្នាក់។
បើតាមប្រភព ពីអាជ្ញាធរ ដែលបានចាត់ការលើសំនុំរឿង បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅក្នុងហាងចាក់សាក់មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ នៅម៉ោងប្រមាណជិត ៨ យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥។ ដំបូងឡើយ យុវជនទាំងពីរនាក់ បានសំលឹងមើលមុខគ្នា ទៅវិញទៅមក ទំនងជាបានប្រើក្រសែរភ្នែក ឌឺដងដាក់គ្នា ស្រាប់តែភ្លាមៗនោះ យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក បានស្ទុះទៅវាយតប់ និងទះកំភ្លៀង ទៅលើយុវជនម្នាក់ទៀតឈ្មោះ ទ្រី ដាលុច។
«ឯងស្គាល់អញ ឬអត់ អញគឺឈ្មោះ ឌួង ឆាយ»
យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ត្រូវបានឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ នៅចំណុចមុខដើមពោធិ៍ ផ្លូវសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយកំលាំងអាវុធហត្ថ ខណ្ឌដូនពេញ បន្ទាប់ពីយុវជននេះ បានជិះរថយន្ដចេញកន្លែងកើតហេតុ នោះមក។
សាក្សីដែលគេស្គាល់ថា ជាបងប្អូនមិត្តភ័ក្ររបស់ យុវជន ទ្រី ដាលុច បាននិយាយប្រាប់អាជ្ញាធរថា យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក បានស្រែកខ្លាំងៗ ដូច្នេះ «ម្តេចឯងមើលមុខអញ ឯងស្គាល់អញ ឬអត់ អញគឺឈ្មោះ ឌួង ឆាយ» មុននឹងចូលមកទះកំភ្លៀង យុវជន ទ្រី ដាលុច មួយដៃ។ សាក្សីនិយាយទៀតថា បន្ទាប់ពីរងកំផ្លៀងមួយដៃនេះរួច កូនរបស់លោកឧកញ៉ា ទ្រី ភាព បានព្យាយាមដើរចេញ តែត្រូវបាន យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ស្ទុះមកវាយជាច្រើនដៃទៀត រហូតបែកចេញឈាម នៅក្រោមត្រជៀកខាងឆ្វេង និងលុះត្រាបុគ្គលិកក្នុងហាងចាប់ឃាត់។ បើទោះជាត្រូវបានបំបែកចេញ ហើយក៏ដោយ តែយុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក នៅមិនទាន់អស់ចិត្តទេ តែថែមទាំងបានហៅអង្គរក្សរបសខ្លួន ថា«យកកាំភ្លើងមកឲ្យអញ ! អញបាញ់អាហ្នឹងចោល»។ ជាសំណាងល្អ ដែលអង្គរក្សម្នាក់នោះ មិនធ្វើតាមបញ្ជា។ នេះ បើតាម សម្ដីរបស់សាក្សីទាំងនោះ។
«ពាលស៊ីពាល»
សេចក្ដីរាយការណ៍ របស់អាជ្ញាធរ ដែលត្រូវបានធ្វើចេញ តែពីភាគីម្ខាងនេះ បានធ្វើឲ្យគេនឹក ទៅដល់ឥទ្ធិពលដ៏ខ្លាំងក្លា របស់លោកឧកញ៉ា ទ្រី ភាព ដែលកូនរបស់លោក ឈ្មោះ ទ្រី ដាលុច ត្រូវបានចាត់ទុកក្នុងពេលនេះ ថាជាជនរងគ្រោះ។ យ៉ាងណាក៏ដោយ បើទោះជា លោក ទ្រី ភាព មានឈ្មោះល្បី ខាងរកស៊ីកាប់ឈើលក់ នៅប្រទេសកម្ពុជាយ៉ាងចំណាន និងជាអ្នកផ្ដល់ប្រភពហិរញ្ញវត្ថុ ទៅឲ្យគណបក្សកាន់អំណាចនោះ លោកឧកញ៉ា ឌួង ងៀប ក៏មិនជាអន់ប៉ុន្មានឡើយ។
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានយកករណីនេះ មកចែករំលែក និងធ្វើការបញ្ចេញមតិយោបល់ទៅតាម ការយល់ឃើញរៀងៗខ្លួន។ ពួកគេមួយចំនួន បាននិយាយថា ឧកញ៉ាទាំងពីរជាមនុស្សស្និត នឹងគណបក្សប្រជាជនកម្ពុជាដូចគ្នា គ្រាន់តែឧកញ្ញា ទ្រី ភាព នៅជាប់ជាមួយមន្ត្រីជាន់ខ្ពស់ នៃគណបក្សកាន់អំណាចច្រើនជាង។ អ្នកខ្លះទៀតនិយាយថា ជារឿង«ពាលស៊ីពាល» ខណៈម្នាក់ផ្សេងបកស្រាយថា៖ «បើទះចំមនុស្សធម្មតា ដូចយើង គេប្រាកដជារួចខ្លួន»។
នៅលើគណនី របស់អ្នកបង្ហោះអត្ថបទ លើបណ្ដាញអ៊ិនធើណែតដ៏ល្បី លោក កែវ សាម៉ាឌី លោកបានឲ្យរយៈពេល២ខែ ក្នុងការគិតថា យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក នឹងត្រូវជាប់ពន្ធនាគារ ដោយសារតែលោក ឌួង ងៀប ឪពុករបស់យុវជនរូបនេះ មានឥទ្ធិពលខ្សោយជាងលោក ទ្រី ភាព ឪពុករបស់យុវជន ទ្រី ដាលុច។ គំនិតនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត យល់ស្របថា យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក នឹងត្រូវជាប់ពន្ធនាគារមិនខាន។ ប៉ុន្តែម្នាក់ទៀត បានបដិសេធថា៖ «ជាប់មិនដល់ពីខែទេ យ៉ាងច្រេីនកម្លះខែ ព្រោះឪៗសំរួលគ្នា មាន ហ៊ុន សែន ជាមេអណ្តេីក»៕