ខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រលានយន្ដហោះ «Fort Lauderdale» អាចទទួលទោសប្រហារជីវិត
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ០៩ មករា ២០១៧
- កែប្រែចុងក្រោយ: January 10, 2017
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសខ្មាន់កាំភ្លើង អាយុ២៦ថឆ្នាំ ឈ្មោះ «Esteban Santiago» ត្រូវបានចោទប្រកាន់ ពីបទល្មើសចំនួន៣ ទាក់ទងនឹងការបាញ់សម្លាប់មនុស្ស៥នាក់ និងរបួសជាច្រើននាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងព្រលានយន្ដហោះអន្តរជាតិ «Fort Lauderdale» នៅរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ បទចោទទាំងបីនោះ ដែលមាន (១) បង្ករបួសស្នាមធ្ងន់ធ្ងរ ទៅលើមនុស្សម្នាក់ នៅក្នុងព្រលានយន្ដហោះអន្តរជាតិ (២)ប្រើប្រាស់អាវុធ ដើម្បីប្រព្រឹត្តិឧក្រិដ្ឋកម្មហឹង្សា និង(៣)ធ្វើមនុស្សឃាត ដោយប្រើអាវុធ សុទ្ធតែមានស្ថានទំងន់ទោសធ្ងន់ធ្ងរ ដែលធ្វើឲ្យបុរសរូបនេះ អាចរងការផ្តន្ទាទោស រហូតដល់ការប្រហារជីវិត។
នៅចំពោះការស៊ើបសួរ របស់អ្នកស៊ើបអង្កេត ខ្មាន់កាំភ្លើងរូបនេះ បានអះអាងពីគម្រោងការរបស់ខ្លួន ក្នុងការបាញ់ប្រហារ កាលពីថ្ងៃសុក្រ។ ជនសង្ស័យបានទិញសំបុត្រយន្ដហោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ «Delta Air Lines» សម្រាប់ជើងហោះហើរតែមួយទិស ឆ្ពោះទៅកាន់ក្រុង «Fort Lauderdale» ក្នុងរដ្ឋផ្លរីដា ពីក្រុង «Anchorage» នៅក្នុងរដ្ឋអាឡាស្កា (Alaska) ដោយឆ្លងកាត់តាម ព្រលានយន្ដហោះក្រុង «Minneapolis»។ បុរស «Esteban Santiago» ដែលបម្រើការជាភ្នាក់ងារសន្តិសុខម្នាក់ នៅក្នុងរដ្ឋអាឡាស្កា បានយកមកជាមួយ នូវកាំភ្លើងរបស់ខ្លួន ដោយដាក់នៅក្នុងវ៉ាលីសដាក់ឥវ៉ាន់ (ដោយស្របច្បាប់)។
រោគចិត្ត...
ទូរទស្សន៍ «CNN» បានរាយការណ៍ថា ជននេះធ្លាប់មានរឿងរ៉ាវ ជំពាក់ជំពិនមួយចំនួន ជាមួយនឹងតុលាការ ជាពិសេសនៅក្នុងជម្លោះហិង្សា ជាមួយអតីតគូស្នេហ៍។ បណ្ដាញទូរទស្សន៍អាមេរិកមួយនេះ បានស្រង់សំដីរបស់សមាជិកមួយចំនួន របស់គ្រួសារជនសង្ស័យ មកបញ្ជាក់ថា ខ្មាន់កាំភ្លើងរូបនេះបាន«ផ្លាស់ប្ដូរ» បន្ទាប់ពីបានទៅបំពេញបេសកកម្ម រយៈពេល១០ខែ នៅក្នុងប្រទេសអៀរ៉ាក់រួច។ បងប្រុសរបស់ «Esteban Santiago» បានគិតថា ការបាញ់ប្រហារ នៅក្នុងព្រលានយន្ដហោះ ទំនងជាបង្កឡើង ពីបញ្ហា«រោគចិត្ត» ដែលបានឈឺរើឡើងវិញ នៅពេលត្រឡប់ ពីប្រទេសអៀរ៉ាក់វិញ។
បងប្រុសដដែលរូបនោះ បានបន្តរៀបរាប់ថា នៅពេលកន្លងមកថ្មីៗ ប្អូនប្រុសរបស់លោក (ជនសង្ស័យ) បានស្នើរកជំនួយ និងត្រូវបានវិទ្យាស្ថានរោគចិត្តមួយ ទទួលយកទៅព្យាបាល ក្នុងរយៈពេល៤ថ្ងៃ បន្ទាប់ពីជនសង្ស័យ ចេះតែស្ដាប់ឮសូរ «សម្លេងដ៏ចម្លែកៗ»។ ក្រុមគ្រួសាររបស់ជនសង្ស័យ បានបញ្ជាក់ទៀតថា បុរស «Esteban Santiago» ចេះតែមានអារម្មណ៍ មើលឃើញឡើងវិញ និងនិយាយយ៉ាងច្រើន ពីភាពខ្ទេចខ្ទាំ និងការស្លាប់របស់កុមារ ដែលខ្លួនបានឃើញដោយផ្ទាល់ នៅក្នុងប្រទេសអៀរ៉ាក់។
មកដល់ម៉ោងនេះ ជនសង្ស័យបានសហការ ជាមួយក្រុមអ្នកស៊ើបអង្កេត ដោយបានឆ្លើយទៅនឹងសំនួរជាច្រើន ក្នុងរយៈពេលជាច្រើនម៉ោង។ ប៉ុន្តែ គេនៅមិនទាន់យល់ថា តើទង្វើបាញ់ប្រហារមនុស្ស នៅក្នុងព្រលានយន្ដហោះ កាលពីថ្ងៃសុក្រ មានមូលហេតុមកពីអ្វី ឲ្យពិតប្រាកដនៅឡើយ។ កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមភ្នាក់ងារសហព័ន្ធ «FBI» ធ្លាប់បានតាមដានជននេះរួចហើយ និងបានស្នើសុំ ឲ្យធ្វើការវាយតម្លៃ ពីសភាព«រោគចិត្ត» របស់ជនសង្ស័យ។ ប៉ុន្តែការវាយតម្លៃ បានបញ្ជាក់ថា ជននេះមិនទាន់ដល់ថ្នាក់ «បាត់សតិ» និងដល់កម្រិត ដែលត្រូវគេដកហូតសិទ្ធិ ក្នុងការកាន់កាំភ្លើងខ្លីនោះឡើយ៕