«បើ​និយាយ​ពី​មុខ​ខ្ញុំ ចិន​ល្មមៗ​មិន​ហ៊ាន​មក​ប្រកួត​ទេ»

មានមនុស្សច្រើននាក់ណាស់ ដែលមុខមាត់ ពណ៌សម្បុរពណ៌ខ្មៅ ឬស្រគាំបែបខ្មែរសុទ្ធ តែសុទ្ធតែអះអាង ឬជឿជាក់ថា ខ្លួនមានជាប់សែស្រឡាយចិន។ សម្រាប់លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីវិញ បានអះអាងថា បើទោះជាលោកមានជាប់សាច់ឈាមចិន ក៏ពិតមែន តែលោកមិនបានកាន់«ជើងធូប ជើងអី»​នឹងគេឡើយ។
«បើ​និយាយ​ពី​មុខ​ខ្ញុំ ចិន​ល្មមៗ​មិន​ហ៊ាន​មក​ប្រកួត​ទេ»
លោក ជុន ច័ន្ទបុត្រ នៅក្នុងបន្ទប់ការិយាល័យធ្វើការរបស់លោក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 15, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាជនខ្មែរខ្លះ មិនបានចាត់ទុកពិធីបុណ្យប្រពៃណីចិន-យួនមួយនេះ ជារឿងចាំបាច់ និងត្រូវតែប្រារព្ធនោះឡើយ។ ជាពិសេស បណ្ដាជនខ្មែរនោះមួយចំនួន ថែមទាំងមានដើមកំណើត ជាប់សែស្រឡាយចិន ឬមានសាច់ឈាមជាចិន យ៉ាងជាក់ច្បាស់នោះផង។ ដូចលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ​ផ្នែកខេមរភាសា និងជាអ្នកសារព័ត៌មានដ៏ល្បីនោះជាដើម ដែលអះអាងថា លោកមិនបានចូលឆ្នាំចិន-យួន នោះឡើយ បើទោះជាលោកមានជាប់សាច់ឈាមចិន ប្រមាណជា «២០%» ក៏ដោយ។

លោកបានជ្រើសរើស សំណេរបែបកំប្លែងលេង ដើម្បីនិយាយរៀបរាប់ អំពីការមិនប្រារព្ធ ពិធីបុណ្យប្រពៃណីមួយនេះ។ លោកថា៖ «បើនិយាយពីមុខខ្ញុំ ចិនល្មមៗមិនហ៊ានមកប្រកួតទេ តែ​ចូល​ឆ្នាំ​ចិន​លើក​ណា ​ក៏ "ឃាមជាក់" តែមីកញ្ចប់ នៅកន្លែងធ្វើការដែរ។ បើនិយាយពីអាំងប៉ាវវិញ មិនដែលស្គាល់សោះ! តើអាំងប៉ាវនោះ រូបរាងយ៉ាងណាទៅហ្ន៎?»។

នៅចំពោះសំនួរថា តើលោកមានជាប់សាច់ឈាមចិនដែរ ឬខ្លះដែរនោះ អ្នកសារព័ត៌មានល្បីឈ្មោះ បានឆ្លើយថា មានជាប់ប្រមាណជា ២០% តែមិនចេះនិយាយចិន សូម្បីតែមួយម៉ាត់។ លោក ជុន ច័ន្ទបុត្រ បានពន្យល់ថា៖ «ឳពុកម្តាយបងប្អូនស្លាប់ នៅជំនាន់ខ្មែរក្រហម តាំងពីខ្ញុំនៅកូនក្មេង ក៏មិនមានកាន់ជើងធូប ជើងអីនឹងគេទេ»។

ចូលឆ្នាំតែចិន - តែយួនអត់ចូលឆ្នាំទេ?

ចូលឆ្នាំប្រពៃណីចិន-យួន​ នឹងមកដល់ នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈខាងមុខ។ តែបណ្ដាជនខ្មែរឯណេះ បានត្រៀមលក្ខណៈរួចជាស្រេច និងនាំគ្នាប្រារព្ធពិធីនេះ ព្រមទាំងផឹកស៊ី ចែក«អាំងប៉ាវ»ពេញទឹកពេញដី ដែលមិនខុសពីពាក្យ «ចូលឆ្នាំចិន ស្រវឹងខ្មែរ» នោះឡើយ។ ការប្រារព្ធពិធីខាងលើ សឹងតែមានលក្ខណៈជាទូទៅ ហើយស្ថាប័នខ្លះ ថែមទាំងប្រកាសជាផ្លូវការ ឲ្យឈប់សម្រាក ពីការងារនោះផង។

រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក បានយកឱកាសនេះ ដើម្បីថ្លែងជូនពរ ទៅកាន់បណ្ដាជន«ខ្មែរកាត់ចិន» ដែល«អបអរសាទរពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន»។ តែអ្វីដែលចម្លែកនោះ គឺសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-យួននេះ លោក ហ៊ុន សែន ជូនពរតែបណ្ដាជនខ្មែរកាត់ចិនប៉ុណ្ណោះ ដែលហាក់ដូចជាមិនខ្វល់ ពីបណ្ដាជនយួន ឬខ្មែរកាត់យួន ដែលមានចំនួនយ៉ាងច្រើន ក្នុងព្រះរាជាណាចក្រនោះទេ៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...