មាន​ទីប្រឹក្សា និង​ជំនួយ​ការ​ច្រើន ព្រោះ​ខ្លួន​«ល្ងង់» និង​ចង់​បំបង់​ថវិកា​​ជាតិ?

មានជំនួយការ ឬទីប្រឹក្សាច្រើន សំរាប់បុគ្គលណាម្នាក់ ក្នុងប្រទេសកម្ពុជា បានក្លាយជាទំលាប់មួយ ដែលអនុវត្តបន្តបន្ទាប់គ្នា តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ បុគ្គលដែលមានទីប្រឹក្សាច្រើន ឬជំនួយការច្រើន ភាគច្រើនជាមនុស្ស«ល្ងង់»។ នេះជាការលើកឡើងរបស់មន្រ្តីមួយរូប មកពីគណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 26, 2014
  • ប្រធានបទ: បរិវា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងកិច្ចសម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក រស់ សួរ មន្រ្តី​ច្បាប់​មួយ​រូប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ថា បុគ្គល​ដែល​មាន​ទីប្រឹក្សា ឬ​ជំនួយ​ការ​ច្រើន ភាគ​ច្រើន​ជា​មនុស្ស​«ល្ងង់»។ តែ​លោក​បាន​ទទួល​ស្គាល់​ថា សម្រាប់​កម្ពុជា​នៅ​មិន​មាន​ច្បាប់​ណា​កំណត់ ឬ​និយាយ​ពី​ការ​តែង​តាំង​ទី​ប្រឹក្សា ឬ​ជំនួយ​ការ​ទាំង​នេះ​នៅ​ឡើយ។

លោក រស់ សួរ បាន​ថ្លែង​បន្ត​ទៀត​ថា សម្រាប់​បរិបទ​កម្ពុជា បុគ្គល និង​មន្រ្តី​រដ្ឋ​ស្ទើរ​គ្រប់​រូប ឲ្យ​តែ​មាន​តំណែង ឬ​ឋានៈ​មួយ​ក្នុង​ស្ថាប័ន (រដ្ឋ) តែង​មាន​គំនិត​មួយ​ចង់​បាន​ទីប្រឹក្សា ឬ​ជំនួយ​ការ​ប្រចាំ​ខ្លួន។ ទាំង​នេះ ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​ការ​តែង​តាំង ត្រូវ​ធ្វើ​ឡើង​ស្រេច​នឹង​ចិត្ត​ចង់ នៃ​បុគ្គល​រូប​នោះ ដែល​ធ្វើ​ការ​ជ្រើស​រើស​មនុស្ស ចេញ​ពី​ក្រុម​បក្ខ​ពួក​និយម ឬ​ក្រុម​គ្មាន​ចំណេះ​ដឹង​ជា​ដើម តាម​រយៈ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ដែល​នាំ​ឲ្យ​បាត់​បង់​ថវិកា​របស់​ជាតិ។

ការថ្លែងរបស់មន្ត្រីគណបក្សប្រឆាំង បានធ្វើឡើង បន្ទាប់ពីពេលថ្មីៗនេះ លោក ងួន ញ៉ិល អនុប្រធាន​ទី២​នៃ​រដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា មានទីប្រឹក្សា និងជំនួយការផ្ទាល់ខ្លួន រហូតដល់៦៣រូប។ ក្នុងព្រះរាជ​ក្រិត្យ​​ចុះ​ហេត្ថលេខា ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ដោយលោក ជា ស៊ីម ជាប្រមុខរដ្ឋស្ដីទី បានបញ្ជាក់ថា អនុ​ប្រធាន​ទី២ នៃរដ្ឋសភារូបនេះ មានទីប្រឹក្សាចំនួន៦៣នាក់ ក្នុងនោះ ១៧នាក់ មានឋានៈស្មើនឹងរដ្ឋមន្ដ្រី ២៣នាក់​មានឋានៈ ស្មើនឹងរដ្ឋលេខាធិការ ២២នាក់មានឋានៈ ស្មើនឹងអនុរដ្ឋលេខាធិការ និងម្នាក់មានឋានៈ ស្មើនឹង​អគ្គនាយក។

ដោយឡែកលោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ ក៏បានតែងតាំងមន្ត្រី​ខុទ្ទកាល័យ និងទីប្រឹក្សា មានចំនួន២១នាក់ដែរ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ សម្រាប់រដ្ឋាភិបាលកម្ពុជាអាណត្តិទីប្រាំ របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបង្ហាញគោលនយោបាយរបស់ខ្លួន ក្នុងការកំណែទម្រង់មួយចំនួន ក្នុង​នោះរួមមានការកាត់បន្ថយទីប្រឹក្សា និងជំនួយការដែលមិនចាំបាច់ជាដើម។ តែសមាជិករដ្ឋាភិបាលខ្លួនឯង ក៏​មាន​អម​ដោយឧបនាយករដ្ឋមន្ត្រី៩នាក់ ទេសរដ្ឋមន្ត្រី១៥នាក់ និងរដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីចំនួន​១៣នាក់ រួម​ទាំង​​ទីប្រឹក្សា និងជំនួយការជាច្រើន សឹងតែរាប់មិនអស់ទៀត។

បើគេរាប់ត្រួសៗ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលោក សុខ អាន ជារដ្ឋមន្រ្តីទីស្តីការគណរដ្ឋមន្រ្តីនោះ ក៏​មាន​ទីប្រឹក្សា ៥១នាក់ និងជំនួយការ ១១នាក់ សរុបមានចំនួន ៧៥ នាក់។ នេះ បើយោងតាមព្រះរាជក្រឹត្យ​ចុះថ្ងៃ​ទី១៦ តុលា ឆ្នាំ២០១៣ ក្រោយការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ កន្លងមក។ ចំនួនខាងលើ នៅមិនទាន់​ចប់​នៅ​ឡើយទេ ព្រោះលោក សុខ អាន មានទីប្រឹក្សា និងជំនួយការនៃរាជបណ្ឌិតសភា ដែលចំណុះឲ្យទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ចំនួន១៣ នាក់នោះទៀតផង។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកលោក សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ធ្លាប់បានបង្ហាញ តាមរបាយការណ៍ដែលលោកបានទទួល មានមន្ត្រីជាន់​ខ្ពស់​បក្សកាន់អំណាច បានតែងតាំងទីប្រឹក្សាគ្មានតម្លាភាព ដែលចេញមកពីក្រុមគ្រួសារ និងបក្សពួករបស់​ខ្លួន​ជា​ដើម។ លោកថា ការតែងតាំងនេះ បានធ្វើឲ្យបាត់បង់ថវិកាជាតិជាច្រើន និងក៏ជាការបើកឲ្យមាន​អំពើពុករលួយ​ផង​ដែរ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ញ៉ែម ថាវី អ្នកនាំពាក្យរដ្ឋសភា និងជា​តំណាង​រាស្រ្តគណបក្សប្រជាជនកម្ពុជាបានទេ ដោយលោកពុំទទួលទូរស័ព្ទ។ សម្រាប់លោករស់ សួរ បាន​​បញ្ជាក់​​បន្ថែម​ថា លោកសម្គាល់ឃើញថា ចំនួនមន្ត្រីក្នុងតំណែង នៃស្ថាប័នរដ្ឋនីមួយៗ នៅតែមានច្រើនលើសពី​តម្រូវ​ការ​ដដែល ខណៈដែលប្រសិទ្ធភាពការងារ មិនសូវមានប៉ុន្មាននៅឡើយ។ បើអញ្ចឹងទៅវិញទេ ការលើក​ឡើង​របស់​លោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ កន្លង​មក គ្រាន់​តែជា​ការ​លើកឡើង ប្រាប់ទៅ«ខ្យល់»យ៉ាងដូច្នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...