«មាន​ថ្ងៃ​ ៧មករា ទើប​មាន​ថ្ងៃ ២៣តុលា...»

ពលរដ្ឋដែលចូលរួម ក្នុងការប្រារព្ធទិវារំលឹកខួបលើកទី ២៣ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បាន​និយាយចាត់​ទុក​ថា ថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១ ជាថ្ងៃ«កំណើតទីពីរ»របស់ប្រទេសកម្ពុជា បន្ទាប់ពីថ្ងៃបុណ្យ​ឯករាជ្យទី ៩ វិច្ឆកា ឆ្នាំ​១៩៥៣។ តែមន្ត្រី​គណបក្ស​ប្រជាជនកម្ពុជា និយាយ​ថា បើគ្មានថ្ងៃទី៧មករាទេ ក៏គ្មាន​ថ្ងៃ​ទី២៣ តុលា​ដែរ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី ២៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 26, 2014
  • ប្រធានបទ: ប្រវត្តិមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើរដ្ឋាភិបាលលោក ហ៊ុន សែន នៅ​តែ​អនុវត្ត​នយោបាយ​ដឹកនាំ​ប្រទេស​ដូច​កន្លង​មក នឹង​នៅ​មាន​ថ្ងៃ​ទី២៣ តុលា ទី​ពីរ ឬ​ថ្ងៃ​ទី២៣ តុលា ទី​បី ទី​បួន​ជា​បន្ត​ទៅ​ទៀត។ អញ្ចឹង សូម​កុំ​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មាន​មោទនភាព ដោយ​លើក​យក​ថ្ងៃ​ ៧មករា​មក​បាំង​មុខ​ឲ្យ​សោះ។ នេះ​ជា​ការ​បញ្ជាក់​របស់ អ្នក​ស្រាវជ្រាវ និង​ជា​អ្នក​សរសេរ​សៀវភៅប្រវត្តិ​សាស្ត្រ លោក ស.គ.ស.ម នៅ​ក្នុង​ប្រតិកម្ម​ជា​កិច្ច​សម្ភាស​មួយ​របស់​លោក ជាមួយ​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តប​ទៅ​នឹង​ការ​លើក​ឡើង​ របស់​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​​អំណាច​សព្វ​ថ្ងៃ។

នៅចំពោះពលរដ្ឋច្រើនរយនាក់ ដែល​​បាន​​ចូល​​រួម​ប្រារព្ធ​ទិវា រំលឹក​ខួប​លើក​ទី ២៣ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ២០១៤ កន្លង​​មក​នេះ លោក​ស្រី ឡោ ខេង តំណាង​រាស្រ្ត​មណ្ឌល​ភ្នំពេញ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា​ មាន​ថ្ងៃ ៧​មករា ទើប​មាន​ថ្ងៃ ២៣ តុលា។ លោក​ស្រី​បាន​បន្ត​ទៀត​ថា៖ «ទោះ​បី​មាន ២៣​តុលា​ក៍​ដោយ ក៍​យើង​មិន​ទាន់​មាន​សន្តិភាព សន្តិសុខ ឯកភាព​គ្នា​ទេ លុះ​ត្រា​តែ​យើង​មាន​គោល​នយោបាយ​ឈ្នះៗ ទើប​យើង​បាន​ចាប់​បង្ខំ កំលាំង​ខ្មែរ​ក្រហម ដើម្បី​ឲ្យ​ខ្មែរ​ក្រហម​ដាក់​អាវុធ មក​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​បាន។ នេះ​គឺ​អ្វី​ដែល​យើង​ទទួល​បាន ពី​ការ​ឯកភាព​ជាតិ​តែ​មួយ។»

សម្រាប់លោក ស.គ.ស.ម បានថ្លែងទទួលស្គាល់ថា ថ្ងៃ៧ មករា ១៩៧៩ បានរំដោះប្រជាជនកម្ពុជាចេញ ពី​របប​ប្រល័យពួជសាសន៍ខ្មែរក្រហមនោះ ពិតមែនហើយ ហើយការថ្លែងរបស់លោកស្រី ឡោ ខេង ខាង​លើ​នេះ ក៏មិន​ខុសអ្វីដែរ។ ព្រោះបើគ្មានថ្ងៃ៧ មករាទេ ក៏គ្មានការចូលឈ្លានពានពីប្រទេសវៀតណាម គ្មាន​ព្រឹត្តិការណ៍​​នយោបាយ​បន្តសម្លាប់ប្រជាជនកម្ពុជា ក្នុងផែនការ«ក៥»របស់រដ្ឋាភិបាលអាយ៉ង​ក្រោយ​ឆ្នាំ​១៩៧៩ និង​គ្មាន​ការបំបិទសិទ្ធិសេរីភាព នៅក្នុងរបបកុម្មុយនីសទីពីរ​ លើកបន្តុបដោយវៀតណាម បន្ទាប់ពី​របប​កុម្មុយនីសទីមួយ​​របស់ខ្មែរក្រហម ហើយថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក៏មិនមានរូបរាង និងមិនអាច​ចាប់​កំណើត​ចេញ​​មក​នោះ​ដែរ។ គេត្រូវនិយាយថា មានថ្ងៃ៧ មករា ១៩៧៩ ទើបមានផែនការអាណានិគមថ្មី របស់​ប្រទេស​​វៀតណាម​មក​លើកម្ពុជា មានផែនការ«ក៥» ដើម្បីបន្តសម្លាប់ប្រជាជនកម្ពុជា និងមានរឿងអាក្រក់​ជា​ច្រើនទៀត ដាក់​សង្កត់​មកលើប្រទេសកម្ពុជា ហើយបណ្ដាលឲ្យមានថ្ងៃ២៣ តុលា ១៩៩១នេះឡើង។

អ្នកនិពន្ធសៀវភៅជីវប្រវត្តិមហាបុរសខ្មែររូបនេះ បានបន្តការបកស្រាយទៀតថា៖ «នយោបាយឈ្នះៗ របស់​លោក ហ៊ុន សែន អាចយកឈ្នះសម្រាប់អ្នកមិនដឹងរឿង។ ព្រោះចរន្ដនយោបាយខ្មែរក្រហម បានថមថយ​កម្លាំង ឈានទៅរកការរលំរលាយជាបណ្ដើរៗ ចាប់ពីក្រោយការបោះឆ្នោតឆ្នាំ១៩៣មក។ ព្រោះហេតុអ្វី? ព្រោះ​​ជា​កត្តា​សត្យានុម័ត្ររបស់ធម្មជាតិ ដែលមានកើតហើយ តែងតែត្រូវស្លាប់ទៅវិញ ហើយម្យ៉ាងទៀត អន្តរជាតិ​លែង​ទទួល​ស្គាល់ និងលែងគាំទ្រ ពីបុព្វហេតុរបស់ក្រុមនេះតទៅទៀត។ (...) លោក ហ៊ុន សែន ខ្លួនលោកដឹង​ច្បាស់​ណាស់ តើជម្លោះផ្ទៃក្នុងរបស់កម្លាំងខ្មែរក្រហម នៅអំឡុងឆ្នាំ១៩៩៧ មកទល់ឆ្នាំ១៩៩៩ បានកើត​ចេញ​ពីអ្វី? មិន​ជាល្បិចបំបែកបំបាក់ របស់លោក ហ៊ុន សែន ទេឬ?»

លោក ស.គ.ស.ម បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានកាន់អំណាច តាំងពីឆ្នាំ១៩៧៩មក ឆ្លងកាត់​ថ្ងៃ​ទី២៣ តុលា និងការបោះឆ្នោតឆ្នាំ១៩៩៣ ដែលខ្លួនឯងចាញ់ឆ្នោតនោះហើយក៏ដោយ តែរហូតមកដល់​ថ្ងៃ​នេះ ក៏​នៅ​តែបង្ខំឲ្យគេឯងត្រូវតែស្តាប់ និងធ្វើតាមខ្លួន។ នយោបាយ«ឈ្នះៗ» មិនមានន័យថា ឈ្នះទាំងសង​ខាង​ទេ។ តែផ្ទុយទៅវិញ ជានយោបាយ ដើម្បីតែខ្លួនលោក ហ៊ុន សែន ឈ្នះ និងជានយោបាយគាប​សង្កត់​ប៉ុណ្ណោះ។

លោក ហ៊ុន សែន រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានសប្បាយចិត្តនិងធ្លាប់បាន​ធ្វើនយោបាយនេះ ដោយសារថ្ងៃ៧ មករា ១៩៧៩ រហូតធ្វើឲ្យមានថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព​នៅ​ទីក្រុង​ប៉ារីស ថ្ងៃ២៣ តុលា ១៩៩១នោះ។ អញ្ចឹង នៅពេលនេះ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅប្រកាន់​នយោបាយ​ដដែល ឬគ្រាន់តែប្ដូរស្នៀតថ្មី សម្រាប់តែសម្បកក្រៅទេ ក្រុមគណបក្សប្រជាជនកម្ពុជា ត្រូវរំពឹង​ទុក​ជាមុនឲ្យ​ហើយ ថានៅថ្ងៃខាងមុខ នឹងមានថ្ងៃទី២៣ ខែតុលានេះ លើកទី២ ឬលើកទី៣ ជាថ្មី និង​ជា​បន្ត​បន្ទាប់ ដើម្បីធ្វើ​យ៉ាងណា ឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ គ្មានការរំលោភសិទ្ធមនុស្ស និងធានា​នូវ​បូរណ​ភាព​ទឹកដី ព្រម​ទាំង​អធិបតេយ្យជាតិទាំងមូលពិតប្រាកដ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...