អាមេរិកថ្កោលទោសការបោះឆ្នោត «មិនសេរី ឬយុត្តិធម៌» និងព្រមានពីទណ្ឌកម្មបន្ថែម
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 30, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខុសគ្នាតែប៉ុន្មានម៉ោង ពោលគឺនៅល្ងាចថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដដែល (ល្ងាចនៅអាមេរិកខាងកើត ត្រូវជាព្រឹកស្អែកឡើង នៅកម្ពុជា) រដ្ឋាភិបាលអាមេរិកបានចេញប្រតិកម្មខ្លាំងៗ ទៅនឹងការបោះឆ្នោតជាតិ នៅកម្ពុជា ដោយហៅការបោះឆ្នោតនេះ មិនមានភាពសេរី ឬយុត្តិធម៌ នោះឡើយ។ តាមយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យរបស់សេតវិមាន បានប្រកាសថ្កោលទោស ការបោះឆ្នោតនេះ និងព្រមានចាត់វិធានការទណ្ឌកម្មបន្ថែមទៀត ប្រឆាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យសេតវិមាន ដែលត្រូវបានផ្សាយបន្ត ដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA» បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកសោកស្តាយ ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា មិនមានភាពសេរី ឬយុត្តិធម៌ ហើយខកខាន មិនបានតំណាងឲ្យឆន្ទៈ របស់ពលរដ្ឋកម្ពុជា»។
អ្នកនាំពាក្យបានបន្តថា៖ «ការបោះឆ្នោតប្រកបដោយភាពចម្រូងចម្រាសនេះ និងដែលមានការរាំរាំង នូវការចូលរួមរបស់គណបក្សប្រឆាំង ដ៏សំខាន់របស់កម្ពុជា តំណាងឲ្យការដើរថយក្រោយ ដ៏ធ្ងន់ធ្ងរបំផុត ចំពោះប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចារនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សមិទ្ធិផលរបស់កម្ពុជា ក្នុងការលើកតម្កើងការសម្រុះសម្រួលខាងនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលមានចាប់តាំង ពីកិច្ចព្រមព្រៀងសន្ដិភាពក្រុងបារីស ឆ្នាំ១៩៩១ មក»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានសរសេរព្រមានថា សហរដ្ឋអាមេរិកនឹងចាត់វិធានការ ជាបន្តបន្ទាប់ តបនឹងការបោះឆ្នោតជាតិនេះ ដែលធ្វើឲ្យដើរថយក្រោយ ខាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា ដោយពីក្នុងចំណោមវិធានការថ្មីៗទាំងនោះ នឹងមានរួមទាំងការបន្ថែម ការរឹតត្បិតទិដ្ឋាការចូលសហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសធ្វើរួចហើយ កាលពីខែធ្នូ ឆ្នាំ២០១៧៕