នៅចំពោះការរិះគន់ ក្រុុមហ៊ុនទឹកបរិសុទ្ធត្រៀមបកស្រាយរឿង«អំណោយមឈូស»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មករា ២០១៨
- កែប្រែចុងក្រោយ: January 05, 2018
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទិដ្ឋភាពនៃការចែកអំណោយ ជាក្ដារមឈូស ជាមួយនិងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ទៅដល់ជនជរាជាច្រើនរូប ពីសំណាក់ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ នៅក្នុងស្រុកបល្ល័ង្គ ខេត្តកំពង់ធំ បានបង្កឲ្យមានព្យុះ នៃការរិះគន់នៅពាសពេញបណ្ដាញសង្គម។ នោះ គឺរូបថតជាច្រើនសន្លឹក ត្រូវបានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៥ ខែមករានេះ មុននឹងរូបថតដ៏សែនកម្រ ត្រូវបានយកទៅចែករំលែកបន្ត យ៉ាងព្រោងព្រាត។
នៅចំពោះហេតុការណ៍នេះ មន្ត្រីមួយរូបពីក្រុមហ៊ុនទឹកបរិសុទ្ធ បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនកំពុងត្រៀមចេញមកបកស្រាយ ជាផ្លូវការនៅពេលខាងមុខនេះ។ មន្ត្រីរូបនោះ បានបញ្ជាក់ថា ការចែកអំណោយ ដែលមានទាំងក្ដារមឈូសនោះ មិនមែនជារឿងអាក្រក់ និងការប្រមាណជីវិត ដល់មនុស្សចាស់ជរា ដូចការលើកឡើង របស់អ្នកលេងហ្វេសប៊ុក នោះទេ។
ចំណែកសមាជិកម្នាក់ទៀត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួម នៅក្នុងពិធីចែកអំណោយនេះ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឲ្យដឹងថា ក្ដារមឈូសទាំងអស់នោះ គឺជាការស្នើសុំ ពីលោកតា លោកយាយ នៅភូមិស្រុកខាងលើនេះ តែម្ដង។ ដូច្នេះ ទើបក្រុមការងារក្រុមហ៊ុនទឹកបរិសុទ្ធវីតាល សម្រេចតាមបំណងជូនលោកតា លោកយាយ ដោយពុំមានចេតនាអាក្រក់ណាមួយទេ។
យ៉ាងណា ក៏សកម្មភាពចែកអំណោយរបៀបនេះ មិនត្រូវបានស្វាគមន៍ជាទូទៅឡើយ។ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានឲ្យដឹង នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ថា ការចែកអំណោយ ជាក្ដារមឈូសរបៀបនេះ ជារឿងមិនល្អ ហើយលោកបានបញ្ជា ទៅអភិបាលស្រុកបល្ល័ង្គ ឲ្យពិនិត្យករណីខាងលើនេះ។ លោកថា៖ «រឿងនេះ ពិតជាមិនល្អមែន។ ខ្ញុំបានសួរទៅស្រុក ក៏មិនបានដឹងរឿងនេះដែរ។ នេះជាពិសោធន៍មួយ។ ខ្ញុំកំពុងឲ្យលោកអភិបាលស្រុក ពិនិត្យករណីនេះ។»។
នៅលើបណ្ដាញសង្គមវិញ ប្រតិកម្មបានផ្ទុះឡើងចម្រុះ។ ក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ បានពន្យល់ថា ករណីនេះដែលអាចកើតមាន នៅក្នុងប្រទេសផ្សេង តែមិនគួរកើតមាន នៅក្នុងប្រទេសកម្ពុជានោះឡើយ។ ជាពិសេសប្រទេសកម្ពុជា នៅពេលទទួលមរណភាព សាកសពត្រូវបានយកទៅបូជា ដែលផ្ទុយស្រឡះ ពីប្រពៃណីរបស់ប្រទេសផ្សេង។ ក្រុមខ្លះទៀត បានរៀបរាប់ថា គេគួរលើកទឹកចិត្ត តាមរបៀបផ្សេង ឲ្យជនចាស់ជរាទាំងនោះ ដើម្បីឲ្យពួកគាត់ មានជីវិតរស់នៅ ដោយសុខដុមរមនា ជាជាងជូនក្ដារមឈូស ដើម្បីឲ្យពួកគាត់ទន្ទឹងពីសេចក្ដីស្លាប់។
ដោយឡែក ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម មួយចំនួនធំផ្សេង មិនបានរិះគន់ក្រុមហ៊ុនវីតាល់ដោយផ្ទាល់ទេ តែបានតម្រង់ការវាយប្រហារដោយត្រង់ ឆ្ពោះទៅក្រុមគ្រួសារនាយករដ្ឋមន្ត្រីតែម្ដង។ នោះ ដោយសារតែក្រុមហ៊ុនទឹកបរិសុទ្ធមួយនេះ មានភាគហ៊ុនរបស់មន្ត្រី និងក្រុមគ្រួសារ របស់អ្នកមានអំណាចនៅកម្ពុជា ជាពិសេសគឺអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង។ សូមអានការរិះគន់ របស់អ្នកទាំងនោះ មួយចំនួនដូចខាងក្រោម៖