អាមេរិក​​ប្រតិកម្ម​ចំពោះ​ការ​បាញ់​«ឆៅ» សម្លាប់ កែម ឡី

ក្រសួងការបរទេសអាមរិក បានសម្ដែងការរន្ទត់ និងបារម្ភយ៉ាងខ្លាំង ចំពោះការបាញ់សម្លាប់ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម និង​ជាអ្នកធ្វើអត្ថាធិប្បាយ​​នយោបាយ​ដ៏ល្បីឈ្មោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយ​កាល​ពី​ម្សិល​ម៉ិញ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​​ការបរទេស​អាមេរិក បានអំពាវនាវឲ្យរដ្ឋភិបាលកម្ពុជា ត្រូវធ្វើការ​ស៊ើប​អង្កេត ដោយ​ម៉ត់ចត់ និងមិនលំអៀង។
អាមេរិក​​ប្រតិកម្ម​ចំពោះ​ការ​បាញ់​«ឆៅ» សម្លាប់ កែម ឡី
សពលោក កែម ឡី ដែលមានទឹកមុខនៅញញឹមនៅឡើយ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 12, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពិភពលោក ដែលឲ្យតម្លៃ«សិទ្ធិសេីភាព នៃការបញ្ចេញមតិ» មិនបាននៅស្ងៀមឡើយ នៅចំពោះ​ទង្វើ​បាញ់​«ឆៅ» សម្លាប់លោក កែម ឡី កណ្ដាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ។ ក្រសួងការបរទេស​អាមេរិក តាមរយៈអ្នកនាំពាក្យរបស់ខ្លួន លោក ចន ឃេប៊ី (JOHN KIRBY) បានចេញសេចក្ដីថ្លែងការណ៍ ភ្លាមៗ​កាល​ពី​ថ្ងៃ​អាទិត្យ​ដដែលនោះ តែទើបតែមកដល់ដៃ​អ្នកសារព័ត៌មាន នៅថ្ងៃទី១១ម្សិលម៉ិញ ប្រតិកម្ម​នៅចំពោះ​ការ​បាញ់​សម្លាប់​ដ៏សាហាវមួយនេះ។

សេចក្ដីថ្លែងការណ៍ បានសរសេរថា៖ «យើងកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ នៅក្នុងករណីនេះ និងបាន​កត់សម្គាល់ផងដែរ ពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានការស៊ើបអង្កេត និងសូមអំពាវនាវ ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត ក្នុងករណីនេះ ដោយម៉ត់ចត់​និងមិនលម្អៀង»។

ករណីបាញ់សម្លាប់នេះ បានកើតឡើងនៅម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាង «Star Mart» នៃស្ថានីយចាក់ប្រេងឥន្ទនៈសាខាស្ដុបបូកគោ កណ្ដាលបេះដូងនៃរាជាណាចក្រ។ លោក កែម ឡី ដែលជាអ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយ​នយោបាយ​ដ៏ល្បីឈ្មោះ ត្រូវបានខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ នៅនឹងកន្លែងភ្លាម ដោយគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ មួយគ្រាប់ចំសៀតផ្កា និងមួយគ្រាប់ទៀត ចំ​ទ្រូង។

ជំនួសមុខឲ្យក្រសួងការបរទេសអាមេរិក លោក ចន ឃៀប៊ី បានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍ទៀតថា៖ «យើងមានការរន្ធត់ និងបារម្មណ៍យ៉ាងខ្លាំង ចំពោះព័ត៌មានស្តីពីការបាញ់សំលាប់ ដ៏រន្ធត់លើអ្នកវិភាគ​នយោបាយ​​ដ៏​សំខាន់ របស់ប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី។ យើងសូមចូលរួមរំលែកមរណទុក្ខ ដ៏សែន​ក្រៀម​ក្រំ និងស្មោះស្ម័គ្រដល់ក្រុមគ្រួសារ មិត្តភ័ក្តិ និងសហការីរបស់លោកបណ្ឌិត កែម ឡី។»

នៅប្រមាណជា១ម៉ោង ក្រោយការបាញ់សម្លាប់ ដែលកើតឡើង នៅមិនឆ្ងាយប៉ុន្មាន ពីគេហដ្ឋានលោក ហ៊ុន តូ (ក្មួយនាយករដ្ឋមន្ត្រី ហ៊ុន សែន) អាជ្ញាធរកម្ពុជា​បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលគេគិតថា ជាអ្នកបាញ់​សម្លាប់​លោក កែម ឡី។ ជននោះបានសារភាព ថាខ្លួនបានបាញ់សម្លាប់លោក កែម ឡី ដោយហេតុលោក កែម ឡី ជំពាក់​​ប្រាក់​ខ្លួន ៣០០០ដុល្លារ។ ប៉ុន្តែចម្លើយសារភាពនេះ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ ជា​ពិសេស​ភរិយា​ផ្ទាល់​របស់​លោក កែម ឡី ប្រតិកម្មច្រានចោល និង​បរិហារ​ឃាតកម្មនេះ ថាមានលក្ខណៈ​«នយោបាយ»។

កាលពីថ្ងៃចន្ទម្សិលម៉ិញ លោក ហ៊ុន សែន បានថ្លែងនៅចំពោះមន្ត្រីរាជអាវុធហត្ថ ច្រើនរយនាក់ថា ឃាតកម្ម​ទៅ​លើ​លោក កែម ឡី បានធ្វើឲ្យប៉ះពាល់ ដល់មុខមាត់រដ្ឋាភិបាល និងបានថ្លែងថា ទង្វើនេះជាការ​ផ្ចាញ់​ផ្ចាល​មួយ។ លោកនាយករដ្ឋមន្ត្រី បានចោទសួរថា៖ «អ្វីទៅ ដែលហៅថាជាការខាតបង់? នេះជាការប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះមុខមាត់ របស់រាជរដ្ឋាភិបាលតែម្តង? តើអ្នកណានឹងទទួលផលចំណេញ អំពីរឿងបែបនេះកើតឡើង នៅ​ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល កំពុងនិយាយអំពីសន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...