ប្រតិកម្ម ប្រឆាំង​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ជន​២១នាក់ របស់​តុលាការ​កំពូល

សាច់ញាតិជនរងគ្រោះ បានសម្តែងនូវការសោកស្តាយជាថ្មី ចំពោះការសម្រេចសេចក្តីរបស់តុលាការកំពូល ដែល​សម្រាប់ពួកគេ ជាការសម្រេចដែលមាននិន្នាការនយោបាយ មិនសុខពីសាលាដំបូងក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍​ឡើយ។ ភរិយា លោក វ៉ន ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើក​ឡើងដូច្នេះថា «តុលាការ ជាតុលាការដែលស្ថិតក្រោមគំនាប របស់គណបក្សនយោបាយ»។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាច់ញាតិជនរងគ្រោះ បានសម្តែងនូវការសោកស្តាយជាថ្មី ចំពោះការសម្រេចសេចក្តីរបស់តុលាការកំពូល ដែល​សម្រាប់ពួកគេ ជាការសម្រេចដែលមាននិន្នាការនយោបាយ មិនសុខពីសាលាដំបូងក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍​ឡើយ។ ភរិយា លោក វ៉ន ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើក​ឡើងដូច្នេះថា «តុលាការ ជាតុលាការដែលស្ថិតក្រោមគំនាប របស់គណបក្សនយោបាយ»។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៩ ឧសភា ២០១៤
--------------------

ប្រព័ន្ធយុត្តិធម៌ -កាលពីថ្ងៃទី២ ខែឧសភា តុលាការកំបូលបានបើកសវនាការលើ ពាក្យបណ្តឹងសាទុក្ខ ស្នើសុំ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន នៃអ្នក២១នាក់នោះ។ ក្នុងព្រឹកថ្ងៃទី៩ ខែឧសភានេះ តុលាការកំពូល បន្ទាប់ពីសម្រាកអស់​រយៈពេល ជិតមួយសប្តាហ៍ ដើម្បីធ្វើការពិចារណាលើការសម្រេចរបស់ខ្លួនចំពោះអ្នក២១នាក់នោះ។ តុលាការ​កំពូល​បានសម្រេច និងប្រកាសសាលដីកាជាសាធារណៈ លើពាក្យបណ្តឹងសាទុក្ខ ដោយដំកល់សាលក្រម និងសាលដីកា​ឧទ្ធរណ៍ទុកជាបានការ និងបន្តឃុំខ្លួនអ្នកទាំង២១នាក់ជាបន្ត។

អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយា លោក វ៉ន ពៅ បានភ្ជាប់ការបន្តឃុំខ្លួនស្វាមីរបស់អ្នកស្រីនេះ ថាក្រោមហេតុផល​នយោបាយដែលអ្នកមានអំណាច បុណ្យសក្តិរៀបចំឡើង។ អ្នកស្រីបន្តថា បើស្ថានការនយោបាយនៅតែជាប់គាំង​ដូចសព្វថ្ងៃ ហើយគណបក្សនយោបាយធំៗទាំងពីរនៅតែមិនត្រូវគ្នា នោះអ្នកស្រីនឹងគ្មានសង្ឃឹមថា ស្វាមីអ្នកស្រីនឹង​បានរួចពីពន្ធនាគារទេ។ អ្នកស្រីបានបញ្ជាក់ថា តុលាការកំពូល សំអាងហេតុថារឿងនេះស្ថិតក្នុងអង្គសេចក្តី ដែល​សាលាដំបូងរាជធានី មិនទាន់សម្រេចទៅវិញ។

ភរិយា លោក វ៉ន ពៅ បានបន្តរិះគន់មន្រ្តីនៃតុលាការកំពូល ថាកំពុងរង់ចាំមើល​លទ្ធផល​នៃការបោះឆ្នោតក្រោយ​ថ្ងៃ​ទី២០សិន ។ តុលាការកំពូលមិនបានពិនិត្យទៅតាមភស្តុតាង សាក្សី អង្គហេតុ និងអង្គច្បាប់ទេ តែបែរយោង​ទៅលើ​លទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី១៨ ខែឧសភាខាងមុខនេះទៅវិញ។ «បើសិនជាតុលាការមិននៅក្រោម គំនាបនៃ​គណបក្សនយោបាយណាមួយទេ ខ្ញុំធានាថាស្វាមីខ្ញុំនឹងមានការដោះលែង ដោយសារយើងមានភស្តុតាង​ជាវីដេអូ​បញ្ជាក់យ៉ាងច្បាស់ថា ស្វាម៉ីខ្ញុំមិនបានប្រព្រឹត្តិអ្វីខុស។ (...) បើគណបក្សនយោបាយទាំងពីត្រូវគ្នា ទើបមានការ​ដោះ​លែង​ស្វាម៉ីខ្ញុំ »។

មិនខុសគ្នានឹងការលើកឡើងខាងលើនេះ អ្នកស្រី ហ៊ាន សុខា ភរិយាលោក ចាន់ ពុទ្ធិសាក់ បានសម្តែងនូវការ​ខក​ចិត្ត​ចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូលនេះថា ជាតុលាការធ្វើឡើយតាមបែបនយោបាយ ព្រោះថា​ការ​សម្តែង​នូវ​សិទ្ធិសេរីភាពរបស់ពួកគាត់ម្តងៗ គេតែងតែចោទថា ជាបក្សប្រឆាំងទៅវិញ។ អ្នកស្រីរៀបរាប់ទៀតថា ថ្ងៃនេះក្រុម​គ្រួសារជនរងគ្រៅទាំងនោះ មិនទាន់មកដល់ផង នៅម៉ោងទើបជាងប្រាំបី តុលាការបែរជាប្រកាស​សាលដីការួចជា​ស្រេចទៅហើយនោះ។ «តុលាការកាន់ច្បាប់ តែបែរជាឈរលើច្បាប់។ (...) នោះតុលាការគ្មានយុត្តិធម៌ទេ។»

អ្នកស្រី ហ៊ាន សុខា ក៏ដូចជាក្រុមគ្រួសារនៃអ្នកទាំង២១នាក់ផ្សេងទៀត បានរំពឹងថា នឹងបន្តស្វែងរកអន្តរាគមន៍​ពី​អន្តរជាតិវិញ ដើម្បីឲ្យមានចំណាត់ការដោះលែង ក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយឡែកមេធាវីដែលការពារអ្នកទាំង២១នាក់នោះ លោក សំ សុគង់ បានបង្ហាញថា តុលាការកំពូលមិនគួរយក​រឿងអង្គសេចក្តីនៅសាលាដំបូងរាជធានី មកភ្ជាប់ឲ្យមានការពាក់ព័ន្ធគ្នា នឹងរើឿងសុំនៅក្រៅឃុំឡើយ។ លោកបាន​បញ្ជាក់យ៉ាងដូច្នេះថា «រឿងអង្គសេចក្តីកំពុងដំណើរការក៏ដោយ តែរឿងនៅក្រៅឃុំសំខាន់ត្រង់ថា តើយើងមាន​ឯកសារ និងភស្តុតាងអ្វីខ្លះដែលអាចធានាបានថា ជនជាប់ចោទអាចធានាខ្លួន ជនជាប់ចោទអាចមកចូលខ្លួន​គ្រប់​នីតិវិធីរបស់តុលាការ។»

មេធាវីរូបនេះបានបន្ថែមថា បន្ទាប់ពីនេះមិនអាចនឹងធ្វើអ្វីជាបន្តបានទេ ព្រោះថា តាមច្បាប់ការសម្រេច​របស់តុលាការ​កំពូលបិទផ្លូវតវ៉ា ប៉ុន្តែថានឹងពន្លឿនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបើកសវនាការរឿងនេះឲ្យបានឆាប់ ហើយ​លោក​ថា នឹងអាចធ្វើការស្នើសុំឲ្យនៅក្រៅឃុំ ជាថ្មីម្តងទៀតបាន។ «ថ្ងៃនេះតុលាការកំពូលចេញសាលដីកា ផ្ទុយទៅអ្វីដែល​មេធាវីមាន និងស្នើសុំ។ ការសម្រេចអាចជាសន្ទានុសិទ្ធិរបស់តុលាការ តែការសម្រេចបែបនេះ ខាងមេធាវីក៏មិន​អាច​ទទួលយកបានដែរ។ (...) ខ្ញុំមិនថាយ៉ាងណានោះទេ តែតាមសាធារណៈជនទូទៅលើកឡើងថា វាជារឿងនយោបាយ។»

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូលោក អំ សំអាត ដែលកំពុងឃ្លាំមើលនីតិវិធី និងដំណើការក្តី នៃរឿងអ្នកទាំង២១នាក់នោះ នៅមុខតុលាការកំពូលក្នុងថ្ងៃតី៩ ខែឧសភានេះ បានលើកឡើងថា ការសម្រេចរបស់តុលាការធ្វើឡើង តាមអំណាចនយោបាយ។ លោកបានសង្កត់ធ្ងន់ ទៅលើដំណើរការតុលាការ​នៅ​កម្ពុជាយ៉ាងដូច្នេះថា៖ «ប្រព័ន្ធតុលាការបែបបក្ស មិនមែនប្រព័ន្ធ​តុលាការបែបរដ្ឋបាល​ ដើម្បីយុត្តិធម៌សម្រាប់​ប្រជា​ពលរដ្ឋទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...