ដីកាស្វែងរកចាប់ខ្លួន ថោង សារ៉ាត ទៅដល់គ្រប់ទីកន្លែង សូម្បីនៅវៀតណាម
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 13, 2014
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃទី១២ ខែធ្នូនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទើបទទួលបានដីកា របស់សាលាដំបូងរាជធានីភ្នំពេញមួយច្បាប់ ក្នុងសំនុំរឿងលោក ថោង សារ៉ាត់ ដែលបានចុះហត្ថលេខា តាំងពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ ដោយចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញលោក លី សុខលេង ដោយបានបញ្ជាកងកម្លាំងសាធារណៈឲ្យស្វែងរកចាប់ និងនាំខ្លួនជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ មកប្រគល់ឲ្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូដដែលនេះ ជនសង្ស័យម្នាក់ឈ្មោះ សៀង វាសនា ក្នុងចំណោម ជនសង្ស័យទាំងបួននាក់ដែលកំពុងជាប់ឃុំ ក៏ត្រូវបានចៅក្រមស៊ើបអង្កេតនៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យអនុរក្សពន្ឋនាគារនំាខ្លួនមកតុលាការ ដើម្បីបន្តសួរនំាបន្ថែមដែរ។ ការនាំមកតុលាការជាថ្មីនេះ ព្រោះចៅក្រមសាលាដំបូងចង់បានការបញ្ជាក់បន្ថែម ពីជនសង្ស័យ សៀង វាសនា ហៅស្នានេះ ពីករណីចម្លើយសារភាពថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខ្លួនបានជិះម៉ូតូ ក៏ប្រទះឃើញឡានលោក អ៊ឹង ម៉េងជឺ ក្រោយការ៉ាស់សំាងកាល់តិចបឹងត្របែក ហើយផ្តើមតាមដាន។
យ៉ាងណាក៏ដោយ រឿងឃាតកម្មដ៍ចម្រូងចម្រាស់នេះ សមត្ថកិច្ចនៅមិនទាន់បានបង្ហាញ ពន្លឺណាមួយច្បាស់លាស់នៅឡើយ ចំពោះឃាតករពិតនោះ។ ឯលោក ថោង សារ៉ាត់ ដែលសមត្ថកិច្ចជំនាញសង្ស័យថាជាមេគំនិតនោះ ក៏នៅមិនទាន់មានការបញ្ជាក់ ថាកំពុងលាស់ខ្លួននៅទីណាឲ្យច្បាស់នៅឡើយដែរ។
សូមបញ្ជាក់ផងដែរថា ដីកាស្វែងចាប់ខ្លួន និងនាំខ្លួននោះ បានបង្ហាញថា ជនជាប់ចោទមានពាក់ព័ន្ធ នឹងសំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា២៨ និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងមហាផ្ទៃ បានបង្ហើបឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ដីកាស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់ នេះ បានបញ្ជូនទៅដល់ដៃអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងគ្រប់កន្លែងអស់ហើយ រួមទាំងទៅដល់ប្រទេសវៀតណាមផងដែរ។ ហើយសមត្ថកិច្ចបានត្រៀមរួចជាស្រេច ក្នុងការចាប់ខ្លួននេះ ក្នុងពេលវេលាជាក់លាក់មួយ នាពេលខាងមុខ។
ស្របសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់នោះ ក៏ស្រាប់តែមានសម្លេង«អនាមិក»ចំនួនពីរ ត្រូវបានបង្ហោះជាបន្តបន្ទាប់ តាមបណ្តាញព័ត៌មានសង្គម។ តាមសម្លេងអនាមិកនោះ បានអះអាងថា ខ្លួនឈ្មោះ ថោង សារ៉ាត់។
ចំពោះសម្លេង«អាថកំបាំង»នេះ កាលពីថ្ងៃទី៩ ខែធ្នូ ក៏ត្រូវបានអះអាង ដោយលោក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ ថាមន្រ្តីជំនាញកំពុងធ្វើការផៀងផ្ទាត់សម្លេង ដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមនោះហើយ។ ស្រង់សម្តី ដោយសារព័ត៌មានក្នុងស្រុកមួយ កាលពីថ្ងៃទី១១ ខែធ្នូនេះ បានបង្ហាញថា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ដូច្នេះថា៖ «យើងមិនខ្វល់ ពីសំឡេងនោះឡើយ។ បញ្ហាសំខាន់ គឺយើងត្រូវចាប់ខ្លួនជនសង្ស័យឲ្យបាន។»។
កាលពីថ្ងៃទី ៨ ខែធ្នូ កន្លងមកនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃខាងលើ ក៏បានបង្ហាញថា សមត្ថកិច្ចទំនងជាដឹងថា លោក ថោង សារ៉ាត់ លាក់ខ្លួននៅកន្លែងណាហើយ។ តែលោកបដិសេធសុំមិនធ្វើអត្ថាធិប្បាយទេ។ លោកនិយាយថា៖ «ប្រសិនជាខ្ញុំជានិយាយ សមត្ថកិច្ចមិនអាចធ្វើការងារស៊ើបអង្កេតនេះ បានជោគជ័យឡើយ»៕