យុវជន​ចូល​រួម​បរិច្ចាគ​ឈាម ដើម្បី​ពង្រីក​វប្បធម៌​នៃ​ការ​ចែក​រំលែក

យុវជនជាច្រើននាក់ បានចូលរួមបរិច្ចាគឈាម ឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ដែលបានធ្វើការសហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៤នេះ។ តើយុវជនទាំងនោះ បានយល់ដឹងអ្វីខ្លះ ពី​ការ​បរិច្ចាគឈាម? និងការបរិច្ចាគឈាម មានសារៈសំខាន់យ៉ាងណា?
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី ១១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 12, 2014
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវតី ម៉ក សម្ផស្ស ជា​និស្សិត​ឆ្នាំ​ទី១​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ​ខាង​អក្សរសាស្រ្ត​ខ្មែរ​បាន​ប្រាប់​ឱ្យ​ដឹង ពី​មូលហេតុ​ដែល​កញ្ញា​មក​ចូល​រួម ក្នុង​ការ​បរិច្ចាគ​នៅ​ថ្ងៃ​នេះ ដោយ​សារ​​តែ​នាង ចង់​ជួយ​ជន​រងគ្រោះ​នានា ដែល​ត្រូវ​ការ​ឈាម។ នេះ​ជា​លើក​ទី​មួយ សម្រាប់​កញ្ញា​ដែល​បាន​បរិច្ចាគ​ឈាម ហើយ​កញ្ញា​សង្ឃឹម​ថា ឈាម​ដែល​កញ្ញា​បាន​ផ្តល់​ជូន​នេះ វា​នឹង​អាច​រួម​ចំណែក​ជួយ​ដល់​ជន​រងគ្រោះ បើ​ទោះ​ជា​វា​មាន​កម្រិត​តិចតួច​ក៏​ដោយ។

រីឯនិស្សិត ហម វិទ្ធី វិញ​និយាយ​ថា ដោយ​សារ​តែ​លោក​ឃើញ​ថា​ក្នុង​មួយ​ថ្ងៃៗ មាន​មនុស្ស​ជា​ច្រើន​បាន​រង​គ្រោះ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​អ្នក​ដែល​សល់​ជីវិតពី​​គ្រោះ​ថ្នាក់​ចៃដន្យ​នេះ សុទ្ធ​តែ​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ដើម្បី​ជីវិត​រស់​នៅ​បន្ត​ទៀត។ កត្តា​នេះ បាន​ជម្រុញ​ឱ្យ​លោក​ចូលរួម​បរិច្ចាគ​ឈាម ជា​រៀង​រាល់​ឆ្នាំ ហើយ​ក្នុង​មួយ​ឆ្នាំ​លោក​បរិច្ចាគ​រហូត​ទៅ​ដល់​បី​ដង។

យុវនិស្សិតរូបនេះ រៀបរាប់បន្តថា ការចូលបរិច្ចាគឈាម មិនត្រឹមតែអាចជួយជីវិតជនរងគ្រោះ បាននោះទេ ប៉ុន្តែវាគឺជាសកម្មភាពមួយ ដែលបង្ហាញពីវប្បធម៌ នៃការចែករម្លែករបស់យុវជន ទៅកាន់យុវជន ពីយុវជន ទៅកាន់យុវចាស់។ យុវជន ហម វិទ្ធី បានបន្ថែមថា៖ «ការបរិច្ចាគឈាម មិនបានប៉ះពាល់ដល់សុខភាពនោះទេ ពីព្រោះការបរិច្ចាគឈាម កោសិកាឈាម ដែលកើតចេញមក វានឹងស្លាប់ទៅវិញហើយ អញ្ចឹងដើម្បីយើង​ចូល​រួម​ចំណែក ជួយកាត់បន្ថយការស្លាប់ ដោយសារការខ្វះឈាម យើងជាយុវជនត្រូវតែចូលរួមបរិច្ចាគឈាម​ទាំង​អស់គ្នា ដើម្បីកាត់បន្ថយការខ្វះឈាម»។

យុវជន សួន ធានី និស្សិតឆ្នាំទី១ ឯកទេសភូមិវិទ្យា ដែលបានចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះដែរ យល់ថា​ឈាមដែល ធានី បានបរិច្ចាគ នៅថ្ងៃនេះ នឹងអាចជួយជីវិតជនរងគ្រោះ ដែលត្រូវការឈាមបន្ទាន់​សម្រាប់​ធ្វើការព្យាបាលជម្ងឺ។ លោកថា លើកក្រោយលោកនឹងបន្តការបរិច្ចាគឈាមនេះ ជាបន្តទៀត។

មន្រ្តីទំនាក់ទំនងសារធារណៈ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជាកញ្ញា អ៊ូ បាណុង បានបញ្ជាក់ថា សម្រាប់​អ្នកដែលចង់បរិច្ចាគឈាម គឺមានអាយុចាប់ពី១៨ឆ្នាំ ដល់៦០ឆ្នាំនិងមានទម្ងន់ ចាប់ពី៤៥គីឡូក្រាមឡើងទៅ និងមានសុខភាពល្អ។ ចំពោះបុរសក្នុងមួយឆ្នាំ អាចបូមឈាមបានបួនដង រីឯស្រ្តីវិញអាចបូមបានបីដង។ កញ្ញា​លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនដែលមានកម្លាំងពលំមាំមួន ចូលរួមបរិច្ចាគឈាម​ទាំង​អស់គ្នា ដើម្បីជួយសង្រ្គោះជិវិតជនគ្រោះ ដែលត្រូវបានការបន្ទាន់។ ការបរិច្ចាកឈាមនេះ គឺមិនប៉ះពាល់ដល់សុខភាព​នោះទេ ប៉ុន្តែទាមទារឱ្យអ្នកដែលបរិច្ចាគ ត្រូវទទួលទានទឹកឱ្យបានច្រើនជាងថ្ងៃធម្មតា ទាំងមុន និងក្រោយ​បរិច្ចាគ។

កញ្ញា អ៊ូ បាណុង បានឱ្យដឹងបន្តថា ក្នុងមួយម៉ោងកម្ពុជាត្រូវការឈាម៧កំប្លោក និង១៥០កំប្លោកក្នុងមួយថ្ងៃ​ដើម្បីជួយសង្រ្គោះអ្នកជម្ងឺ។ មន្រ្តីសាធារណៈរូបនេះបានសួរ និងឆ្លើយដោយខ្លួនឯងថា៖ «សួរថាបើយើង​អត់​មាន យើងត្រូវ​ធ្វើ​ម៉េច? យើងមើលឃើញហើយថា នៅរាល់ការវះកាត់ រាល់ការព្យាបាលមួយចំនួន ដូចជាអ្នក​ជម្ងឺមហារីក ជម្ងឺ​ទឹក​នោមផ្អែម ដែលគាត់ខូចក្រលៀន ខូចតម្រងនោម សុទ្ធតែត្រូវការប្រើប្រាស់ឈាម។ អញ្ចឹង​ឈាមគឺសំខាន់​មែនទែន ក្នុងការជួយសង្រ្គោះជីវិតរបស់ពួកគាត់ អញ្ចឹងយើងអត់អាចខ្វះបានទេ រាល់ថ្ងៃគឺ​យើង​ព្យាយាម​ផ្គត់​ផ្គង់ធ្វើម៉េច ឱ្យគ្រប់ឈាមក្នុងការជួយជីវិតអ្នកជម្ងឺ។»

កញ្ញាថា ឈាមដែលទទួលបានពីការបរិច្ចាកនេះ ពីប្រជាពលរដ្ឋ និងសប្បុរសជននានា ត្រូវបានមជ្ឈមណ្ឌល​ជាតិផ្តល់ឈាមកម្ពុជា ចែកចាយទៅតាមបណ្តាមន្ទីពេទ្យផ្សេងៗ ក្នុប្រទេសកម្ពុជា ដោយមិនគិតថ្លៃនោះទេ ទាំងមន្ទីពេទ្យរដ្ឋ និងមន្ទីពេទ្យឯកជន។

លោក ម៉ឹង ពន្លក ប្រធានចលនាយុវជន១៥៧ បានថ្លែងនាឱកាសបើកកម្មវិធី កាលពីថ្ងៃទី១១ ខែធ្នូ នេះថា ជា​រៀងរាល់ថ្ងៃ មជ្ឈមមណ្ឌជាតិផ្តល់ឈាមកម្ពុជា មានការប្រឈមនឹងការខ្វះខាតជាខ្លាំង ក្នុងការផ្តល់ឈាម​ទៅ​កាន់អ្នកជម្ងឺ។ លោកថា កាលពីឆ្នាំ២០១៣ កម្ពុជាត្រូវឈាម៥ម៉ឺនប្លោក ប៉ុន្តែមានតែ៣៥%តែប៉ុណ្ណោះ នៃ​ឈាម​ដែលបានមកពីការបរិច្ចាគ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «មើលឃើញជាក់ស្តែង ដោយសារប្រជា​ពលរដ្ឋ​យើង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា គឺថាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាលំដាប់ អញ្ចឹង​ទេ កម្រិត​នៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយពុំមានឈាមផ្តល់នេះ គឺ​មាន​ច្រើន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...