មេធាវី៖ តុលាការនៅតែសម្រេច«ឃុំខ្លួន» មាជ សុវណ្ណារ៉ា ទោះគ្មានភស្តុតាងនិងសាក្សី (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍ ៖ ស្រ៊ុន ទិត្យ ភ្នំពេញ ថ្ងៃទី១២ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 12, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ទរណ៍ លោក ឃុន លាងម៉េង បានប្រកាសការបិទផ្លូវតវ៉ា ដោយអះអាងថាសំណុំរឿងនេះ ស្ថិតក្នុងសមត្ថកិច្ចរបស់សាលាដំបូងរាជធានីភ្នំពេញ កំពុងតែត្រៀមខ្លួនធ្វើការជំនុំជម្រះនោះរួច លោក ជួង ជូងី សហមេធាវីការពារក្ដីឲ្យលោក មាជ សុវណ្ណរ៉ា បានថ្លែងថាកូនក្ដីរបស់លោក កំពុងរងនូវភាពអយុត្តិធម៌ កាន់តែខ្លាំងឡើងហើយ។ លោកមេធាវី បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសវនាការព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤នេះថា លោក មាជ សុវណ្ណារ៉ា មិនត្រឹមតែមិនបានធ្វើអ្វីដូចការចោទប្រកាន់ប៉ុណ្ណោះទេ តែលោកគឺជាអ្នកប្រកាស មិនឲ្យប្រើប្រាស់អំពើហិង្សានោះផងទៀត។
ក្នុងនាមជាមេធាវីនៃសវនាការ លោកមេធាវី ជូង ជូងី បានបន្ថែមទៀតថា តុលាការគ្មានទាំងភស្តុតាង គ្មានទាំងសាក្សី និងគ្មានអ្វីទាំងអស់សម្រាប់ធ្វើការដាក់បន្ទុក មកលើកូនក្តីលោកឡើយ។ យ៉ាងណាក៏ដោយ លោកថា សាលាឧទ្ធណ៍ក៏បានផ្តល់សិទ្ធិ ក្នុងការប្តឹងសាទុក្ខទៅតុលាការកំពូលដែរ។ លោកបញ្ជាក់ថា៖ «យើងនឹងពិភាក្សាជាមួយគាត់ (មាជ សុវណ្ណារ៉ា) ដើម្បីធ្វើបណ្តឹងសារទុក្ខទៅតុលាការកំពូល ក្នុងរយៈពេលពីរសប្តាហ៍»។
ដោយឡែក លោក ចាន់ ចេន សហមេធាវីការពារក្ដីមួយរូបទៀត របស់លោក មាជ សុវណ្ណារ៉ា បានបង្ហាញការ«ខកចិត្ត» ទាំងសាលាដំបូងរាជធានីភ្នំពេញ ទាំងសភាស៊ើបសួរនៃសាលាឧទ្ធណ៍ ដែលធ្វើការបដិសេធ មិនឲ្យកូនក្តីនៅក្រៅឃុំនោះ។ លោកបន្ថែមទៀតថា ករណីនេះវាបានបង្ហាញនូវភាពអយុត្តិធម៌ និងហាក់បីដូចជាគ្មានការអនុវត្តតាមនីតិវិធី ឬច្បាប់ដោយចៅក្រមទាំងនោះឡើយ ព្រោះកូនក្តីលោកជាមនុស្សចេះដឹង និងទៀងត្រង់ម្នាក់ មានទីលំនៅ និងការងារច្បាស់លាស់ ហើយតែងតែសហការជាមួយតុលាការជានិច្ច។ លោកបានថ្លែងដាក់កំហិតទៅប្រព័ន្ទតុលាការវិញថា៖ «តុលាការត្រូវគិត និងពិចារណាឡើងវិញ ត្រូវធ្វើអ្វីៗទៅតាមសុឆន្ទៈពិតប្រាកដ ទៅតាមបេះដូងពិតប្រាកដ ទៅតាមនីតិច្បាប់ពិតប្រាកដ។ កុំធ្វើទៅតាមការយល់ឃើញ ឬសម្ពាធអ្វីនោះ។»
ពាក់ព័ន្ធនឹងការភ្ជាប់រឿងនេះ ទៅនឹងរឿងនយោបាយ លោកមេធាវី ចាន់ ចេន បានបន្តថា ក្នុងនាមជាអ្នកច្បាប់ លោកមិននិយាយពីរឿងនេះឡើយ។ តែលោកគ្រាន់តែសង្កត់ធ្ងន់ថា កូនក្តីរបស់លោកជាអ្នកនយោបាយ ដូច្នេះវត្តមានរបស់គាត់ ក៏មាននៅកម្លែងកើតហេតុថ្ងៃទី១៥ ខែកក្កដានោះដែរ។ លោកបន្តថា «ហេតុអ្វីបានជាករណីតែមួយ រឿងហេតុតែមួយ ពេលវេលាតែមួយ សកម្មជនគណបក្សជាច្រើនបានរួចខ្លួន បែរជាជាប់តែកូនក្តីខ្ញុំម្នាក់»។
លោកមេធាវី ចាន់ ចេន ក៏បានបង្ហាញនូវចម្ងល់មួយចំនួន ចំពោះលោកចៅក្រមយ៉ាងដូច្នេះថា «អ្នកច្បាប់ដូចគ្នា ខ្ញុំមិនដឹងថាលោកចៅក្រមបានច្បាប់មកពីណាមកទេ ព្រោះទាំងនីតិព្រហ្មទណ្ឌ ទាំងនីតិវិធីព្រហ្មទណ្ឌ មិនបានចែងថា ដោយសារសាលាដំបូងបិទការស៊ើបសួរ ហើយសាលាឧទ្ធណ៍ (សភាស៊ើបសួរ) សម្រេចមិនបាននោះទេ នេះគ្រាន់តែជាលេសប៉ុណ្ណោះ។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្ម ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ទរណ៍ លោក ឃុន លាងម៉េង បានទេក្នុងពេលនេះ។