សហភាព​អ៊ឺរ៉ុប​​ដាក់​ទណ្ឌកម្ម​ទីមួយ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​នេះ

សហភាពអ៊ឺរ៉ុប បានសម្រេចនៅថ្ងៃទី១២ ខែធ្នូនេះ ផ្អាកជំនួយសម្រាប់ឧបត្ថម្ភ ដល់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ ដោយគូសបញ្ជាក់​ថា ការបោះឆ្នោតមួយ ដែលគ្មានគណបក្សប្រឆាំងធំជាងគេចូលរួម នឹងមិនអាចទទួលយកបាននោះទេ។ នេះ បើតាមលិខិតមួយរបស់សហភាពអ៊ឺរ៉ុប ចុះថ្ងៃនេះដដែល ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅមុននេះ។ 
សហភាព​អ៊ឺរ៉ុប​​ដាក់​ទណ្ឌកម្ម​ទីមួយ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​នេះ
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការ​ នៃសហភាពអ៊ឺរ៉ុប និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 12, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុបកំពុងបន្តចាត់វិធានការ ដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ដូចគ្នា។ នៅថ្ងៃនេះ ស្ថាប័នអ៊ឺរ៉ុប ដែលតំណាងឲ្យលំហរទីផ្សារនាំចេញ ដ៏ធំជាងគេរបស់កម្ពុជា បានសម្រេចផ្អាកការផ្ដល់ជំនួយទាំងឡាយណា ដែលទាក់ទងនឹងវិស័យបោះឆ្នោត មកឲ្យប្រទេសកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍នយោបាយ នៅក្នុងប្រទេសនេះ បានផ្ទុះឡើងជាបន្តបន្ទាប់ ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ទទួលបានការគាំទ្រ ពីពលរដ្ឋជិតពាក់កណ្ដាលនគរ។

លិខិតមួយរបស់សហភាពអ៊ឺរ៉ុប ដែលបានផ្ញើរទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប) និងដែលបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន​ដែរនោះ បានសរសេរច្បាស់ៗ និងខ្លាំងៗថា៖  «ដំណើរការបោះឆ្នោត ដែលគណបក្សប្រឆាំងដ៏សំខាន់មួយ ត្រូវបានរំលាយចោល តាមអំពើចិត្តនោះ ពុំអាចចាត់ទុកថា ជាការបោះឆ្នោតស្របច្បាប់ បាននោះទេ»។

សហភាពអ៊ឺរ៉ុបបានបញ្ជាក់ទៀតថា៖ «នៅក្នុងកាលៈទេសៈបែបនេះ សហភាពអឺរ៉ុបមិនជឿទៅលើលទ្ធភាពណាមួយ ដែលអះអាងថា ដំណើរការបោះឆ្នោតនាពេលខាងមុខ នឹងមានភាព​គួរឱ្យទុកចិត្តបាននោះឡើយ»។

ការសម្រេចខាងលើរបស់សហភាពអ៊ឺរ៉ុប បានធ្វើឡើងស្របពេល ដែលប្រមុខការទូតរបស់សហភាពអ៊ឺរ៉ុប អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) ត្រូវចូលខ្លួនមកឆ្លើយបំភ្លឺ នៅចំពោះសភាអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ ជុំវិញវិធានការទាំងឡាយ ដែលសហភាពអ៊ឺរ៉ុបអាច នឹងចាត់ការ ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន។

សំនួរចំនួនបី ដែលសមាជិកសភាអ៊ឹរ៉ុប បានសួរទៅគណៈកម្មការអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ ដែលមានអ្នកស្រី ម៉ូហ្គេរីនី ជាប្រមុខ ហើយដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន មានសេចក្ដីជាអាទិ៍ថា៖

១) តើគណៈកម្មការបកស្រាយយ៉ាងដូចម្ដេច ពីការប្រើប្រាស់ដោយគ្មានប្រសិទ្ធិភាព នូវថវិកាដែលបានមកពីការបង់ពន្ធរបស់ពលរដ្ឋអ៊ឺរ៉ុប សម្រាប់ការចុះឈ្មោះបោះឆ្នោតមួយនៅកម្ពុជា?

២) តើគណៈកម្មការអាចរៀបរាប់ ពីសកម្មភាពរបស់ខ្លួនបានឬទេ ដើម្បីធានាដល់ការបោះឆ្នោតថ្នាក់ជាតិមួយ ដែលគួរឱ្យទុកចិត្តបាន នៅកម្ពុជា?

៣) តើគណៈកម្មការពិតជាកំពុងពិចារណា ចាត់វិធានការដ៏ជាក់លាក់ទាំងឡាយណា ដើម្បីដាក់ប្រឆាំងអាជ្ញាធរកម្ពុជា និងដើម្បីដើរទន្ទឹមនឹងវិធានការទាំងឡាយ ដែលលើកឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិក លោក ថេដ គ្រូស (Ted Cruz) ឬ?

តាមគម្រោង អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី  នឹងត្រូវឡើងមកឆ្លើយដោយផ្ទាល់ ក្នុងសភាអ៊ឺរ៉ុបដែលស្ថិតក្នុងក្រុង ស្ត្រាសប៊ួរ ខាងកើតប្រទេសបារាំង ដើម្បីតបទៅនឹងសំនួរទាំងបីខាងលើ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង នឹងតាមដានព្រឹត្តិការណ៍នេះ ដើម្បីរាយការណ៍ជូនមិត្តអ្នកអាន ក្នុងពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...