ហ៊ុន សែន ចេញ​បញ្ជា​ការពារ​សន្តិសុខ​កម្មករ​និង​កូដកម្ម តែ​សហជីព​ថា​ជា​«ការគំរាម»​ថ្មី

ដើម្បីអន្តរាគមន៍ បង្ការ ទប់ស្កាត់ ដោះស្រាយ និងតម្រង់ទិសការអនុវត្តសិទ្ធិធ្វើ កូដកម្ម ឲ្យស្របតាមច្បាប់ស្តីពីការងារ និង​ការអនុវត្តសិទ្ធិធ្វើបាតុកម្ម ឲ្យស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធីនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ដាក់ចេញនូវ បទបញ្ជាដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ពន្ធ័នានា ត្រូវដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដល់មន្ត្រីក្រោមឳវាទ​របស់ខ្លួន ឲ្យ​ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានចេញបទបញ្ជាជាថ្មី ស្តីពីការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាម​តំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម កាលពីថ្ងៃពុធទី២៧ ខែមិនា ឆ្នាំ២០១៣ ដែលការចេញបទបញ្ជានេះ បានធ្វើឲ្យថ្នាក់ដឹកនាំសហជីព និងកម្មករគិតថាជាការគំរាមកំហែង ដល់សិទ្ធិសេរីភាពក្នុងការតវ៉ាទាមទាររបស់កម្មករ។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករា។

ដើម្បីអន្តរាគមន៍ បង្ការ ទប់ស្កាត់ ដោះស្រាយ និងតម្រង់ទិសការអនុវត្តសិទ្ធិធ្វើ កូដកម្ម ឲ្យស្របតាមច្បាប់ស្តីពីការងារ និង​ការអនុវត្តសិទ្ធិធ្វើបាតុកម្ម ឲ្យស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធីនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ដាក់ចេញនូវ បទបញ្ជាដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ពន្ធ័នានា ត្រូវដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដល់មន្ត្រីក្រោមឳវាទ​របស់ខ្លួន ឲ្យ​ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

បទបញ្ជាបានសុំឲ្យ មានការយកចិត្តទុកដាក់ណែនាំ និងពង្រឹងការអនុវត្តច្បាប់ចំពោះនិយោជក អង្គការសហជីព និង​កម្មករនិយោជិត ខិតខំដោះស្រាយរាល់វិវាទការងារ តាមនិតិវិធីច្បាប់តាំងពីពេលចាប់ផ្តើមដំបូង ចៀសវាងការអូសបន្លាយ ពេលវេលាដែលនាំបញ្ហារាលដាលទៅជាធំ។

លោកហុន សែន បានឲ្យដឹងទៀតថា «ក្នុងករណីដែលភាគីណាគ្មានឆន្ទៈដោះស្រាយ ឬមិនគោរពតាមនិតិវិធីកូដកម្ម នៅ​ក្នុងច្បាប់ស្តីពីការងារ និងនិតិវិធីនៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ រក្សាការពារ​​​សន្តិសុខសណ្តាប់ធ្នាប់ និងចាត់វិធានការច្បាប់»។

បទបញ្ជានេះបានបន្តទៀតថា និយោជកតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវគោរព និងអនុវត្តច្បាប់ លិខិតបទដ្ឋាន​ជា​ធរមាន ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានល្អ នូវលក្ខខណ្ឌការងារ សុវត្ថិភាព អនាម័យ សន្តិសុខការងារ គោរពសិទ្ធិស្រប​ច្បាប់របស់សហជីព មិនរើសអើងចំពោះសហជីព និងត្រូវសហការឲ្យបានល្អ​ជាមួយសហជីព ដែលមានភាពជា​តំណាង​បំផុត ក្នុងការធ្វើអនុសញ្ញារួមដើម្បីសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៃរោងចក្រ សហគ្រាស គ្រឹះស្ថាន។

ក្នុងករណីមានវិវាទកើតឡើងត្រូវផ្តល់ព័ត៌មានជាបន្ទាន់ទៅស្ថាប័នមានសមត្ថកិច្ច និងត្រូវចាត់តំណាង​ដែលមានសិទ្ធិ​សម្រេចចូលរួមក្នុងការចរចា និងដោះស្រាយដោយសន្តិវិធី។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៌ នៅក្នុងលិខិតបទបញ្ជានោះទៀតថា សហជីពដែលមានសម្លេងភាគតិច ត្រូវ​សហការជាមួយសហជីព ដែលមានភាពជាតំណាងបំផុត។ ពេលមានវិវាទការងារកើតឡើង ត្រូវព្យាយាមរក​ដំណោះ​ស្រាយ ឲ្យអស់លទ្ធភាព ដោយឈរលើស្មារតីច្បាប់ជាធរមាន ក្នុងការសហការសម្របសម្រួលដើម្បីផលប្រយោជន៍រួម និងត្រូវអនុវត្តតាមនីតិវិធី និងយន្តការដែលមានជាធរមាន ដូចជា ក្រុមប្រឹក្សាអាជ្ញាកណ្តាល ចុងក្រោយបើភាគីណា​មិន​សុខចិត្ត ត្រូវប្តឹងទៅតុលាការ គប្បីខឹតខំចៀសវាងជាអតិបរិមានូវការធ្វើកូដកម្ម បាតុកម្ម។

លោកបានបន្តថា «អង្គការសហជីពនានា ត្រូវគោរពគ្នាទៅវិញទៅមក មិនគប្បីប្រកួតប្រជែងដណ្តើមប្រជាប្រិយភាព ដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន ត្រូវត្រួតពិនិត្យអ្នកដឹកនាំ និងសមាជិករបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់ និងលក្ខន្តិកៈរបស់ខ្លួន»។

បទបញ្ជាដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា បងប្អូនកម្មករកម្មការិនីត្រូវចូលរួមគោរព និងអនុវត្តច្បាប់ ចូលរួមក្នុងការរក្សាភាពសុខសាន្ត សាមគ្គីភាពនៅក្នុងកន្លែងធ្វើការ អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស គ្រឹះស្ថានចាត់ទុករោងចក្រ សហគ្រាស គ្រឹះស្ថាន ជាឆ្នាំងបាយរួមរបស់កម្មករ និយោជិត និងនិយោជក។ គណៈអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំបង្កើត និងពង្រឹងគណៈកម្មការសម្រាប់ដោះស្រាយបញ្ញាកូដកម្ម បាតុកម្ម​នៅតាម​គ្រប់មុខសញ្ញា នៅថ្នាក់រាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចាត់វិធានការទប់ស្កាត់ និងអន្តរាគមន៍ដោះស្រាយ ឲ្យបានទាន់ពេលវេលា រាល់ករណីកូដកម្ម បាតុកម្ម។

ចំណែកកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការឲ្យបានម៉ឹងម៉ាត់បំផុត ក្នុង​ការរក្សាសណ្តាប់ធ្នាប់សាធារណៈ ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព រាំងខ្ទប់រាល់អំពើហឹង្សា ការបិទផ្លូវសាធារណៈ ការគប់​ឬ​វាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន ការរារាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋឬឯកជន ការ​ចាក់សោបង្ខាំងមនុស្ស ការបង្ករបួសស្នាម ការគំរាមកំហែងកម្មករមិនឲ្យចូលធ្វើការ។ល។ និង។ល។

ត្រូវខិតខំការពារសន្តិសុខសុវត្ថិភាពជូនអង្គការសហជីព បងប្អូនកម្មករនិយោជិត ដែលធ្វើកូដកម្ម បាតុកម្មស្របច្បាប់។ ក្នុងករណីមានអំពើហឹង្សា ត្រូវចាត់វិធានការតាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកហ៊ុន សែនក៏បានបញ្ជាដល់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា​ប្រធានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ត្រូវដឹកនាំសម្របសម្រួល​ជាមួយ​ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក្នុងការអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។

គ្រប់ក្រសួង ស្ថាប័ន និងអជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាព​ខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

លោករ៉ុង ឈុន ប្រធានសហព័ន្ធសហភាពការងារ សម្ដែងការគាំទ្រដល់បទបញ្ជានេះ តែក៏មានការព្រួយបារម្ភទៅលើ បទ​បញ្ជាថ្មីនេះផងដែរ ដែលវាអាចជាសញ្ញាថ្មី នៃការគំរាមគំហែងដល់កម្មករ និងសហជីពឯករាជ្យមួយចំនួន។

លោកយល់ថា៖ «បទបញ្ជានេះហាក់ដូចជា ការគំរាមកំហែងដល់កម្មករ និងសហជីពចំនួន៥ ដែលគំរាមធ្វើការតវ៉ាដ៏ធំមួយ នៅពេលខាងមុខនេះ»។

លោកពន្យល់ថា លោកហ៊ុន សែនគួរតែធ្វើការជំរុញ ឲ្យបានខ្លាំងដល់ក្រុមនិយោជក ឲ្យធ្វើការគោរពច្បាប់ការងារ និងសិទ្ធិ​សេរីភាពរបស់កម្មករវាប្រសើរជាងចេញបទបញ្ជានេះ។ «វាមិនមានអីធ្វើឲ្យខ្ញុំ មានការរារែក ក្នុងការដកថយនូវ​មហិច្ចតា​របស់ខ្ញុំ ក្នុងការតវ៉ាទាមទារប្រាក់ឈ្នួល ជូនដល់កម្មករនិយោជិត រហូតដល់១០០ដុល្លារអាមេរិក នោះទេ»។

សម្រាប់លោករ៉ុងឈុន លោកមានការគាំទ្រ ចំពោះលោកនាយករដ្ឋមន្រ្តី ដែលបានជំរុញឲ្យនិយោជកតាមរោងចក្រ​សហ-​គ្រាស ធ្វើការគោរពសិទ្ធិស្របច្បាប់របស់សហជីព និងមិនមានការរើសអើងដល់សហជីពក្នុងបណ្តារោងចក្រនានា៕

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...