បាល់ទាត់អង់គ្លេស៖ អ៊ីយ៉ាន រ៉ាស ថា លីវើភូល គួរតែទិញ អាស្លី វីលែម
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីរបុរសរបស់ក្រុមលីវើភូល (Liverpool) អ៊ីយ៉ាន រ៉ាស (Ian Rush) ដែលរកគ្រាប់បាន ៣៤៦គ្រាប់ឲ្យក្រុមហង្សក្រហម នៅចន្លោះឆ្នាំ ១៩៨០-១៩៩៦ ជឿថា កីឡាករប្រធានក្រុមស្វានស៊ី (Swansea) អាស្លី វីលែម (Ashley Williams) ជាកីឡាករមួយរូប ដែលអាចមកជំនួសដំណែងកីឡាករ ជេមី ខារ៉ាកឺ (Jamie Carragher) ដែលនឹងត្រូវចូលនិវត្ត នៅចប់រដូវកាលនេះ។
កីឡាករបាល់ទាត់ អាស្លី វីលែម ជាប្រធានក្រុមស្វានស៊ី។
កីឡាករខ្សែការពារវ័យ៣៥ឆ្នាំ ខារ៉ាកឺ បានប្រកាស កាលពីដើមរដូវកាលថា គាត់នឹងបញ្ចប់អាជីពរបស់គាត់ នៅក្នុងកីឡាដ្ឋាន អេនហ្វៀល (Anfield) ក្រោយបញ្ចប់រដូវកាលនេះ។
បញ្ហាខ្សែការពារកណ្តាល នៅតែជាក្តីកង្វល់មួយរបស់គ្រូបង្វឹកលោក ប្រេនដិន រ៉ដចឺ (Brendan Rodgers) ខណៈដែលកីឡាករ ខារ៉ាកឺ ត្រូវចូលនិវត្តទៀតនោះ។ ប៉ុន្តែបច្ចុបន្ប គ្រូបង្វឹករូបនេះ ក៏កំពុងតែសម្លឹងរកមើលកីឡាករ ដែលមានបទពិសោធន៏ ដើម្បីមកជំនួសដំណែងនេះដែរ។
កីឡាករ វីលែម ដែលទើបតែចុះកិច្ចសន្យាថ្មីៗ ជាមួយនឹងក្រុមស្វានស៊ី កាលពីខែតុលាកន្លងទៅនោះ គឺជាគោលដៅមួយរបស់លោកគ្រូបង្វឹក រ៉ដចឺ ហើយក៏ជាកីឡាករដែលលោក រ៉ាស ជឿថា ជាជម្រើសដ៏ល្អដែរ។
អតីតខ្សែប្រយុទ្ធរបស់ក្រុមលីវើភូល ដែលរកគ្រាប់បាល់ឲ្យក្រុម បានច្រើនជាងគេរូបនេះ បាននិយាយថា «បើអាចទទួលបាន អាស្លី វីលែម វាពិតជាល្អ។ ខ្ញុំបានឃើញគាត់លេងឲ្យក្រុមជម្រើសជាតិវ៉ែល ពិតជាមានទម្រង់លេងល្អ ហើយក៏ជាប្រធានក្រុមដ៏ល្អដែរ។ គាត់យល់ពីអ្វី ដែលគាត់កំពុងតែធ្វើ ហើយការពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរមកក្រុមលីវើភូល ជារឿងសាមញ្ញមួយ ព្រោះលោក ប្រេនដិន រ៉ដចឺ ធ្លាប់ដឹកនាំគាត់ កាលពីគ្រូបង្វឹករូបនេះ នៅដឹកនាំក្រុមស្វានស៊ី។»
កីឡាករវ័យ ២៨ឆ្នាំ អាស្លី វីលែម អាចមានតម្លៃខ្លួនប្រហែល ៨លានផោន ប៉ុន្តែលោក រ៉ាស ជឿថា ការព្រមព្រៀងរវាងក្លឹបទាំង២ ប្រកដជាអាចទៅរួច។
លោក អ៊ីយ៉ាន រ៉ាស បានបន្តថា «បើឲ្យតម្លៃមួយដែលសមរម្យ នោះក្រុមស្វានស៊ី នឹងអាចឲ្យកីឡាកររូបនេះចាកចេញ បើទោះបីជាក្រុមរបស់ពួកគេត្រូវលេងនៅក្នុងក្របខ័ណ្ឌអ៊ឺរ៉ុប នៅរដូវកាលក្រោយក៏ដោយ។ កីឡាកររូបនេះ អាចជាជម្រើសដ៏ល្អសំរាប់ក្រុមហង្សក្រហម លីវើភូល ជាមួយនឹងបទពិសោធន៏ ដ៏សំបូរបែបរបស់គាត់ ប៉ុន្តែការផ្លាស់ប្តូរ ឬយ៉ាងណានោះ ក៏អាស្រ័យទៅលើការសម្រេចចិត្តរបស់គាត់ដែរ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ