កោះល័នតា៖ តុលាការជាយក្រុងប៉ារីសអង្កេត ពីបទធ្វើអោយស្លាប់ដោយអចេតនា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តុលាការនៅជាយក្រុងប៉ារីស បានបើកសំនុំរឿង ពីបទធ្វើអោយស្លាប់ដោយអចេតនា នៅបន្ទាប់ពីសាក្សីម្នាក់មិនបញ្ជេញឈ្មោះ បានចេញមកបកអាក្រាត ហេតុការណ៍ ដែលទំនងជាពិត (?) ហើយបានផ្សាយព្រោងព្រាង នៅលើប្រព័ន្ធផ្សព្វផ្សាយបារាំង។ ចំណែកខាងស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មវិញ ក៏ត្រៀមវាយលុក តាមប្រព័ន្ធតុលាការតបវិញដែរ ពីបទ«បរិហាកេរ្ត៍»។
រូបតំណាងអោយកម្មវិធីទូរទស្សន៍ «កោះល័នតា»។
បើទោះជាអាជ្ញាធរកម្ពុជា បានបិទសំនុំរឿងនេះហើយក៏ដោយ ក៏ហេតុការណ៍នេះ នៅបារាំងឯណោះ ស្ថិតនៅឆ្ងាយនៅឡើយ ពីការបិទបញ្ចប់។ ក្នុងអត្ថបទមុន យើងបានស្រង់ប្រភពមួយ មកបញ្ជាក់ថា តុលាការទីក្រុងប៉ារីស នឹងមិនបើកការអង្កេតលើសំនុំរឿងនេះទេ។ តែនៅថ្ងៃព្រហស្បត្តិ៍ទី២៨ខែមិនានេះ តុលាការមួយទៀត នៅតំបន់ក្រេតីយ៍ (Créteil) ជាយទីក្រុងបារីស បានសម្រេចបើកការអង្កេត លើសំនុំរឿងនេះ ពីបទ«ធ្វើអោយស្លាប់»ដោយអចេតនា។
កោសលវិច្ច័យ លើសាកសព ដែលដឹកត្រឡប់ពីកម្ពុជា មកដល់បារាំងនៅព្រឹកថ្ងៃព្រហស្បត្តិ៍នោះ នឹងចាប់ផ្ដើមធ្វើនៅថ្ងៃសុក្រទី២៩មខែមិនានេះ។ លោក ហ្សេរ៉ា បាបាំង អាយុ២៥ឆ្នាំ បានរងគ្រោះដល់ជីវិត ដោយជម្ងឺគាំងបេះដូង នៅក្នុងកម្មវិធីមួយ ដែលលោកបានចុះឈ្មោះចូលលេង ផលិតដោយ ផលិកម្មអេវេនឈើ ឡាញ (Adventure line productions - ALP ) និងចាក់ផ្សាយជារៀងរាល់សប្ដាហ៍ នៅលើកញ្ចក់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ។ កម្មវិធីនេះ បានដំណើរការនៅលើកោះរ៉ុង កណ្ដាលឆកសមុទ្រកំពង់សោមខ្មែរ ហើយទើបតែចាប់ផ្ដើមថត នៅថ្ងៃសុក្រទី២២ខែមិនា បានតែមួយថ្ងៃដំបូងប៉ុណ្ណោះ តែក៏ទទួលហេតុការណ៍ ដ៏អកុសលនេះកើតឡើង។
ការស៊ើបអង្កេតជាជំហានដំបូង ពីបទ«ធ្វើអោយស្លាប់ដោយអចេតនា» ត្រូវបានធ្វើដោយតុលាការប្រចាំតំបន់ ដោយសារតែហ្សេរ៉ា បាបាំង មុនមរណភាព មានទីលំនៅក្នុងទីក្រុងវិលជីហ្វ (Villejuif) ដែលស្ថិតក្រោមដែនអំណាចយុត្តិធម៌ នៃតំបន់ វ៉ាលឌឺម៉ាន (Val-de-Marnne 94) ដែលមានរដ្ឋបាលកណ្ដាល នៅឃុំក្រេតីយ៍។ ការស៊ើបអង្កេតនេះ នៅមិនទាន់ជាការសង្ស័យណាមួយនៅឡើយ ហើយក៏មិនទាន់បានធ្វើការចោទប្រកាន់ ទៅលើនរណាម្នាក់ដែរ។ តែគ្រាន់តែបានបើកធ្វើ នៅក្នុងរង្វង់ច្បាប់ ដែលអនុញ្ញាតអោយប្រព័ន្ធតុលាការ មានសិទ្ធិធ្វើការងាររបស់ខ្លួនតាមទម្លាប់ ជាទូទៅក្នុងប្រទេសបារាំង ដោយមិនចាំបាច់មានពាក្យបណ្ដឹង ពីគ្រួសារជនរងគ្រោះនោះប៉ុណ្ណោះ។ ប៉ុន្តែវានឹងអាចកំណត់អោយច្បាស់ ពីមូលហេតុ និងរឿងរ៉ាវពិតប្រាកដ នៃមរណភាព ដើម្បីផ្ដល់ជាពន្លឺ ដល់សាធារណជន និងជាពិសេសជូនទៅដល់ គ្រួសារជនរងគ្រោះ។
របាយការណ៍ផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មដែលផលិតកម្មវិធី ដូចជាបានបង្កអោយមានភាពស្ងាត់ស្ងៀមរួចហើយ នៅមុននេះមួយថ្ងៃ។ តែអ្វីដែលបានធ្វើអោយ មានការរំជើបរំជួលខ្លាំងមកវិញនោះ គឺនៅបន្ទាប់ពីការផ្សាយ នូវការបកអាក្រាតមួយ កាលពីថ្ងៃព្រហស្បត្តិ៍ទី២៨ខែមិនា របស់គេហទំព័រមួយឈ្មោះ «ឈប់លើរូបភាព (Arrêt sur images)» ដោយបានដកស្រង់សម្ដី សាក្សីមួយរូប ដែលមានវត្តមាននៅផ្ទាល់កន្លែង។ អ្នកសារព័ត៌មាន ដែលបានធ្វើរបាយការណ៍នេះ ក៏បានអះអាងដែរថា ពួកគេបានធ្វើការប្រកបដោយវិជ្ជាជីវៈ ១០០% ជាមួយនឹងប្រភពច្បាស់ការណ៍ ដែលជាសមាជិកនៃផលិកម្ម អេវេនឈើ ឡាញ។ សាក្សីនោះ បានចោទផលិកម្ម ថាបានធ្វើអោយយឺត ក្នុងការបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីពេទ្យ។
សូមអានរបាយការណ៍ «បកអាក្រាត» ដោយចុចលើទីនេះ។
ចំណែកខាងផលិកម្ម អេវេនឈើ ឡាញ ឯណោះវិញ នៅថ្ងៃព្រហស្បត្តិ៍ដដែល បានប្រកាសមកថា នឹងត្រៀមប្ដឹងបក ពីបទ«បរិហាកេរ្តិ៍» ប្រឆាំងនឹងសាក្សីនោះ ដែលនិយាយបង្កាច់បង្ខូចផលិកម្មខ្លួន តាមរយៈគេហទំព័រ«ឈប់លើរូបភាព»។ ប្រភពច្បាស់ការណ៍មួយទៀត ក៏បានបញ្ជាក់ដែរថា គ្រួសារជនរងគ្រោះ ក៏បាន«ផ្ដាច់ទំនាក់ទំនង» ជាមួយផលិតកម្ម និងស្ថានីយ៍ទូរទស្សន៍នេះដែរ ប្រហែលក្រោយបន្ទាប់ពីបាន ដឹងដំណើររឿងដូចគ្នា ស្ដីពីលោកហ្សេរ៉ា បាបាំង។
មរណភាពរបស់ ហ្សេរ៉ា បាបាំង បានបង្ខំអោយស្ថានីយ៍ទូរទស្សន៍ លប់ចោលនូវកម្មវិធីវគ្គទី១៦ នៃ«កោះល័នតា»ឆ្នាំ២០១៣នេះជាស្ថាពរ ហើយបានបញ្ជូនបេក្ខជន និងក្រុមការងារទាំងអស់ អោយត្រឡប់មកបារាំងវិញ។ ក្នុងវគ្គមុនឆ្នាំ២០១២ កម្មវិធីនេះបានជួយរកទូរទស្សនិកជន អោយស្ថានីយ៍ទូរទស្សន៍ បានប្រមាណជាមធ្យម ៧,៤លាននាក់៕
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ