បាល់ទាត់​អេស្ប៉ាញ៖ រៀលម៉ាឌ្រីដ បង្ហាញ​គ្រូ​បង្វឹក​៤​រូប អាច​មក​ជំនួស ជូសេ

កាសែតអេស្ប៉ាញ អ៊ិនធឺខនមីកា (Intereconmica) បានឲ្យដឹងថា ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការនាំយកគ្រូបង្វឹករូបណាមួយ ដើម្បីមកជំនួសដំណែងលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចនឹងចាកចេញពីកីឡាដ្ឋាន បឺណាប៊ូ (Bernabeu)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតអេស្ប៉ាញ អ៊ិនធឺខនមីកា (Intereconmica) បានឲ្យដឹងថា ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បាន​ត្រៀម​ខ្លួនរួចរាល់ហើយ ក្នុងការនាំយកគ្រូបង្វឹករូបណាមួយ ដើម្បីមកជំនួសដំណែងលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែល​គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចនឹងចាកចេញពីកីឡាដ្ឋាន បឺណាប៊ូ (Bernabeu)។


លោកជឺកិន ខ្លប់ ជាជម្រើសទីមួយ សម្រាប់ក្រុមបាល់ទាត់នៃទីក្រុងម៉ាឌ្រីដ។

ក្រុមយក្សរបស់អេស្ប៉ាញ នឹងអនុញ្ញាតឲ្យគ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះ ចាកចេញ បើសិនជាគាត់មានការស្នើសុំ។ លោក ម៉ូរីញ៉ូ ប្រហែលជាពេញចិត្ត ក្នុងការទៅជំនួសដំណែង លោក រ៉ាហ្វា បេនីតេស (Rafa Benitez) ក្នុងកីឡាដ្ឋាន ស្តេមហ្វដ ប្រិជ (Stamford Bridge) របស់ក្រុមតោខៀវឆែលស៊ី (Chelsea)។ ចំណែកឯក្រុមរៀលម៉ាឌ្រីដ ក៏កំពុងតែសម្លឹងមើល​បេក្ខភាព​ចំនួន៤រូប ដែលត្រូវមកធ្វើការពិចារណា ថាតើត្រូវយកបុរសរូបណា ទើបសមរម្យ ដែលមានដូចជា៖

១. ជឺកិន ខ្លប់ (Jurgen Klopp)
គ្រូបង្វឹករបស់ក្រុម បូរ៉ាសៀ ដតម័ន (Borussia Dortmund) ជឺកិន ខ្លប់ ជាគោលដៅទី១ របស់ក្រុមអធិរាជស។ បុរសវ័យ ៤៥​ឆ្នាំរូបនេះ បានបង្ហាញពីភាពប៉ិនប្រសព្វរបស់ខ្លួន យ៉ាងអស្ចារ្យ ក្នុងរយះពេលប៉ុន្មានឆ្នាំនេះ ដែលបានជួយឲ្យក្រុម ដតម័ន ឈ្នះជើងឯក បូដេសលីកា (Bundesliga) លីកកំពូលនៃប្រទេសអាឡឺម៉ង់ និងជួយឲ្យ ដតម័ន ឈានដល់វគ្គ ១ភាគ៨ នៃ​ពានរង្វាន់ឆែមពានលីក (Champions League) ក្នុងឆ្នាំនេះ។

២. អេនតូនីញ៉ូ ខន់តេ (Antonio Conte)
គ្រូបង្វឹករបស់ក្រុម ជូវីនទូស (Juventus) មានបទពិសោធន៏ច្រើន និងទទួលបានជោគជ័យយ៉ាងធំធេងក្នុងរយះពេល ១៨​ខែចុងក្រោយ។ បុរសសញ្ជាតិអ៊ីតាលី វ័យ៤៣ឆ្នាំរូបនេះ បានជួយឲ្យក្រុមសេះបង្កង់ ជូវីនទូស ទទួលបានជើងឯកអ៊ីតាលី ស៊េរីអេ (Serie A) កាលពីរដូវកាលមុន ដោយគ្មានពាក្យថាចាញ់ សូម្បីតែ១លើក។ ហើយនៅរដូវកាលនេះ ក៏បានជួយឲ្យ ជូវីនទូស កំពុងតែនាំមុខដាច់គេ នៅលើកំពូលតារាង និងឈានដល់វគ្គ ១ភាគ៨ នៃពានរង្វាន់ឆែមពានលីកផងដែរ។

៣. អេនដ្រេ វីឡាសបូអាស (Andre Villas-Boas)
អតីតជំនួយការផ្ទាល់របស់ ជូសេ ម៉ូរីញ៉ូ លោក អេនដ្រេ វីឡាសបូអាស ក៏អាចជាបេក្ខជនមួយរូប ក្នុងការមកជំនួសដំណែង​នេះដែរ បើសិនជាក្រុមមាន់ខ្នាយមាស ទទិនហេម ហតស្ពឺ (Tottenham Hotspur) អនុញ្ញាតបុរសវ័យក្មេងរូបនេះ​ចាក​ចេញ។ បើគ្រូបង្វឹករូបនេះ មកដឹកនាំរៀលម៉ាឌ្រីដ នោះគាត់នឹងអាចនាំយកកីឡាករសំខាន់ ដែលកំពុងតែលេងឡើងជើង ការ៉ែត ប៊េល (Gareth Bale) មកចូលរួមក្រុមជាមួយដែរ។

៤. កាឡូ អេនសេឡូទី (Carlo Ancelotti)
គ្រូបង្វឹករបស់ក្រុម ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) លោក កាឡូ អេនសេឡូទី កំពុងតែធ្វើបានយ៉ាងល្អ ឲ្យក្រុម​នៃទីក្រុងប៉ារីស។ ហើយគាត់កំពុងតែបង្ហាញដល់ម្ចាស់ក្លឹបសញ្ជាតិកាតា ឲ្យដឹងថា ក្រុមនៅក្នុងកីឡាដ្ឋាន ផាកដេស ព្រីនសេស (Parc des Princes) មួយនេះ អាចនឹងលើកពានរង្វាន់លីក១ របស់បារាំង ជាលើកទី១ បន្ទាប់ការរងចាំ​អស់​រយះពេល ១៩ឆ្នាំ។ ជាពិសេស គ្រូបង្វឹករូបនេះ បានជួយឲ្យក្រុម ប៉ារីស របស់ប្រទេសបារាំងតែ១គត់ ដែលឈានដល់វគ្គ ១ភាគ៨ផ្តាច់ព្រត្រ នៃពានរង្វាន់អ៊ឺរ៉ុប ឆែមពានលីក នារដូវកាលនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...