កោះល័នតា៖ មាន​សាក្សី​ឆ្លើយ​ដាក់​ផលិតកម្ម ពី​កង្វះ​ទំនួល​ខុសត្រូវ

គេត្រូវរងចាំប៉ុន្មានថ្ងៃក្រោយ ដើម្បីអោយសាក្សីម្នាក់ បានដកដង្ហើម ហើយងាកមកបកស្រាយ ពីហេតុការណ៍ពិតប្រាកដ (?) នៅលើកោះរ៉ុង ប្រទេសកម្ពុជា ដែលបណ្ដាលអោយបេក្ខជន ដែលចូលរួមក្នុងកម្មវិធីទូរទស្សន៍ «កោះល័នតា (Koh-Lanta)» ស្លាប់។ សាក្សី ដែលមិនបានបញ្ចេញឈ្មោះនោះ បានច្រានចោលទាំងស្រុង នូវរបាយការណ៍ចេញដោយ ផលិតកម្មអ្នកផលិតកម្មវិធី និងស្ថានីយ៍ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គេត្រូវរងចាំប៉ុន្មានថ្ងៃក្រោយ ដើម្បីអោយសាក្សីម្នាក់ បានដកដង្ហើម ហើយងាកមកបកស្រាយ ពីហេតុការណ៍ពិតប្រាកដ (?) នៅលើកោះរ៉ុង ក្នុងប្រទេសកម្ពុជា ដែលបណ្ដាលអោយបេក្ខជន ដែលចូលរួមក្នុងកម្មវិធីទូរទស្សន៍ «កោះល័នតា (Koh-​Lanta)» ស្លាប់។ សាក្សី ដែលមិនបានបញ្ចេញឈ្មោះនោះ បានច្រានចោលទាំងស្រុង នូវរបាយការណ៍ចេញដោយ អ្នក​ផលិតកម្មវិធី និងស្ថានីយ៍ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ។


រូបភាពពេលកម្មវិធី «កោះល័នតា» ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ។

សូមរំលឹកឡើងវិញ ពីរបាយការណ៍ផ្លូវការដែលចេញផ្សាយដោយ ស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មអេវេនឈើ ឡាញ (Adventure line productions - ALP ) បាននិយាយថា បេក្ខជនឈ្មោះ ហ្សេរ៉ា បាបាំង អាយុ២៥ឆ្នាំ បានបង្ហាញសញ្ញា​«មិនស្រួល» តាំងពីមុនពេលចាប់ផ្ដើមវិញ្ញាសារទីមួយ «ទាញខ្សែពួរ» ពោលប៉ុន្មាននាទី ក្រោយការមកដល់នៃបេក្ខជន នៅលើកោះរបស់ប្រទេសកម្ពុជា។ ភ្លាមនោះ ហ្សេរ៉ា បាបាំង ត្រូវបានគ្រូពេទ្យប្រចាំការ របស់កម្មវិធីនោះ ទទួលព្យាបាល ហើយបេះដូងរបស់គាត់បានឈប់ដើរជាលើកទីមួយ នៅលើវាលខ្សាច់ មុននឹងត្រូវដាស់អោយមានដំណើរការឡើងវិញ។ បន្ទាប់ពីត្រូវបានបញ្ជូនតាម ឧទ្ធម្ភាគចក្រ បេះដូងរបស់បេក្ខជនបាន ឈប់ដើរជាលើកទីពីរ និងលើកទីបីនៅពេល បញ្ជូន​អ្នកជម្ងឺនេះ មកដល់មន្ទីពេទ្យក្រុងព្រះសីហនុ។ នៅលើកចុងក្រោយ បើទោះជាមានការជួយខ្នះខ្នែង ពីមន្ត្រីពេទ្យខ្មែរ​នៅ​ទីនោះ តែបេក្ខជនលែងដឹងខ្លួនជារៀងរហូត ហើយបានលាចាកលោកនេះទៅ។

ប៉ុន្តែនៅក្នុងរបាយការណ៍មួយទៀត ផ្សាយលើគេហទំព័រ «ឈប់លើរូបភាព (Arrêt sur images)» ដោយសាក្សីម្នាក់ ក្នុង​លក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានបកស្រាយមកវិញ ថាហេតុការណ៍មិនបានកើតឡើងយ៉ាងដូច្នេះទេ។ សាក្សីនោះ ទំនង​ជាសមាជិកមួយរូបនៃផលិតកម្ម ដែលមានវត្តមាននៅនឹងកន្លែង បានបញ្ជាក់ពី«កង្វះទំនួលខុសត្រូវ» ពីរធំៗ ហើយមិនត្រូវ​បានគេ​សរសេរនៅក្នុង របាយការណ៍ផ្លូវការនោះទេ។

គ្រូពេទ្យ មិនអាចធ្វើការងាររបស់ខ្លួនភ្លាមៗ ហើយត្រូវសម្ដែងឈុតឆាក ជួយសង្គ្រោះនេះឡើងវិញ

«វាច្បាស់ណាស់ហើយ ដែលគ្រប់មនុស្សនៅនឹងកន្លែង ឃើញផ្ទាល់ភ្នែកថា ហ្សេរ៉ា ធ្លាក់ខ្លួនមិនស្រួល តាំងពីមុនវិញ្ញាសារ​ទាញខ្សែរពួរចាប់ផ្ដើមម្លេះ។ ក្រោយមកភ្លាមនោះ ហ្សេរ៉ា បានដួលក្បាលផ្ទប់ទៅនឹងខ្សាច់ ហើយនៅស្ងៀមលែងកម្រើក។» សាក្សីនោះបានពន្យល់។

ប៉ុន្តែគ្រូពេទ្យដែលប្រចាំការនៅទីនោះ មិនមានការអនុញ្ញាត អោយចូលទៅជួយសង្គ្រោះភ្លាមៗ នោះទេ៖ «ច្រើននាទី បាន​កន្លងទៅ។ គ្រូពេទ្យបានបង្ហញពីក្ដីព្រួយបារម្ភ ហើយបានទទូចសុំការអនុញ្ញាត ដើម្បីអន្តរាគមន៍។ ផលិតកម្មបដិសេធ ដោយរងចាំរហូតវិញ្ញាសារបានបញ្ចប់។ ច្រើននាទីបន្ថែម បានកន្លងទៅទៀត។ គ្រូពេទ្យបានទទូចសុំជាថ្មី តែខាងផលិកម្ម​បានបដិសេធ ជាលើកទីពីរ។ ហ្សេរ៉ា នៅដេកស្ងៀមផ្ទាល់ដី ក្បាលនៅក្នុងដីខ្សាច់។ មនុស្សខ្លះបាននិយាយប្រាប់ខ្ញុំថា ហ្សេរ៉ាបានស្រែករកជំនួយ (...) តែផលិកម្មនៅតែបដិសេធ ការចូលជួយសង្គ្រោះ។ រហូតដប់នាទីផុតទៅ ទើបវិញ្ញាសារ​បានបញ្ចប់ គឺនៅពេលនោះហើយ ដែលគ្រូពេទ្យបានចូលទៅជួយ (...)។ តែកិច្ចអន្តរាគមន៍នេះ ត្រូវបានគេថត​ជារូបភាព​ដូចគ្នា។ ហើយដោយសារ តែការចូលអន្តរាគមន៍លើកដំបូង របស់គ្រូពេទ្យមិនល្អ ទើបតម្រូវអោយគ្រូពេទ្យ គាត់សម្ដែង​ឈុតឆាកជួយសង្គ្រោះនេះឡើងវិញ។»

ការបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ត្រូវបានធ្វើជាលើកដំបូង តាមទូក !

សាក្សីដដែលបានបដិសេធ ការអះអាងរបស់ស្ថានីយ៍ទូរទស្សន៍ និងផលិតកម្ម ដែលថាការបញ្ជូនហ្សេរ៉ា បាបាំង ទៅ​សង្គ្រោះនៅមន្ទីពេទ្យ ត្រូវបានធ្វើតាម «តែ»ជាមួយ ឧទ្ធម្ភាគចក្រ នោះ។ សាក្សីបាននិយាយថា ហ្សេរ៉ា ត្រូវបានផលិកម្ម​បញ្ជូនចេញ ពីកោះរ៉ុង ឆ្ពោះទៅកាន់មន្ទីពេទ្យ ជាលើកដំបូងតាម«ទូក» ខណៈពេលដែល ឧទ្ធម្ភាគចក្រ ត្រូវគេបញ្ឈរ​ចោលនៅទីនោះ។ «បម្រើបម្រាស់ ឧទ្ធម្ភាគចក្រ» ត្រូវបានផលិកម្មគិតថា មិនមានប្រយោជន៍ និងអស់ប្រាក់ច្រើន។ សាក្សីបានបន្តថា «ហ្សេរ៉ា ត្រូវបានគេដាក់នៅក្នុងទូក ដើម្បីដឹកឆ្ពោះទៅកាន់មន្ទីពេទ្យ ដែលត្រូវប្រើរយះពេល​ជាច្រើន​ម៉ោង។ ពេលទៅដល់ទូកភ្លាម ហ្សេរ៉ា បានបាត់បង់ស្មារតីម្ដងទៀត។ គ្រូពេទ្យ បានជ្រួលច្របល់មែនទែន ហើយបាន​ទាម​ទារអោយដឹកអ្នកជម្ងឺតាម ឧទ្ធម្ភាគចក្រ។ តែជាអកុសល ពួកគេរកមិនឃើញ លេខទូរស័ព្ទរបស់ អ្នកបើកឧទ្ធម្ភាគចក្រ ហើយធ្វើអោយខាតពេលអស់ជាច្រើនទៀត ទើបអាចទាក់ទងអ្នកបើកបរនេះបាន។ គ្រូពេទ្យបានដាស់អោយ ហ្សេរ៉ា​ដឹង​ខ្លួនឡើងវិញម្ដងទៀត នៅលើទូក ទើបបានបញ្ជូនគាត់ មកតាមឧទ្ធម្ភាគចក្រជាចុងក្រោយ  និយាយរួម គឺក្រោយបន្ទាប់​ពី​គាត់បាន​ដួល​នៅផ្ទាល់ដី អស់រយះពេលជាងពីរម៉ោងមក។ យើងលែងបានឃើញ គាត់មានជីវិតទៀតហើយ។»

កម្មវិធីត្រៀមធ្វើនៅភូមា តែប្ដូរមកកម្ពុជា នៅនាទីចុងក្រោយ

គេហទំព័រ «ឈប់លើរូបភាព» ចង់បញ្ជាក់ពីព័ត៌មាននេះ តាមក្រុមហ៊ុនជួលឧទ្ធម្ភាគចក្រ នៅកម្ពុជា ដែលទទួលបន្ទុកដឹក​បញ្ជូន ហ្សេរ៉ា បាបាំង ទៅកាន់មន្ទីរពេទ្យ។ នាយកក្រុមហ៊ុន «អេលីខបធ័រ ខេបូឌៀ» លោក ខេវិន ត្រេល័រ (Kevin Treloar) បានឆ្លើយ ទទួលស្គាល់ថា «នៅពេលយើងទទួលទូរស័ព្ទ ជាលើកទីមួយ អ្នកជម្ងឺស្ថិតនៅលើទូក»។ សាក្សីដែល​លាក់​ឈ្មោះ បានសង្កត់ធ្ងន់ថា ដំណើរការកម្មវិធី បានចាប់ផ្ដើមធ្វើ ដោយមិនបានត្រៀមអ្វីទាំងអស់ នៅនឹងកន្លែង ដោយហេតុថា កម្មវិធីបាន«ត្រៀមធ្វើ»ជាដំបូងនៅភូមានោះទេ តែបានប្ដូរមកធ្វើនៅកម្ពុជាវិញ នៅនាទីចុងក្រោយ។

គេហទំព័រ «ឈប់លើរូបភាព» បានទាក់ទងសាក្សីផ្សេងទៀត នៅនឹងកន្លែង ដើម្បីសាកសួរបន្ថែម តែពួកគេបាន​ឆ្លើយ​មក​វិញ ថានឹងមិននិយាយអ្វីទាំងអស់ ដោយសារតែពួកគេបានចុះកិច្ចសន្យា ពីការរក្សាការសម្ងាត់ នៅក្នុងផលិកម្ម ជាពិសេស​អ្វីដែលទាក់ទងនឹងបេក្ខជន និងសមាជិកនៃក្រុមការងារ។

អាជ្ញាធរកម្ពុជាបានបិទសំនុំរឿង ដោយបានសម្រេចថា មរណភាពរបស់ហ្សេរ៉ា បណ្ដាលពីជម្ងឺគាំងបេះដូង ហើយមិនបាន​បង្ហាញពីចំនុចគួរអោយសង្ស័យអ្វីឡើយ។ ប៉ុន្តែបើគេមើលអោយយល់ ពីការបកស្រាយរបស់សាក្សីខាងលើ គេនឹងដឹងថា គ្រួសារនៃសពនឹងប្រាកដជាមិនសប្បាយចិត្តនោះឡើយ ហើយសំនុំរឿង ក៏នឹងមិនចប់ត្រឹមនេះដែរ៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...