អាមេរិក៖ ចម្រូងចម្រាសលើអត្តសញ្ញាណ អ្នកសម្លាប់ប៊េន ឡាដេន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វគ្គថ្មីមួយ ស្ដីពីការស្លាប់របស់ អ៊ូសាម៉ា ប៊េន ឡាដេន (Oussama Ben Laden) បានជម្រុញអោយមានចម្ងល់សារជាថ្មី ទៅ លើអត្តសញ្ញាណរបស់ជនអ្នកបានបាញ់សម្លាប់ មេបណ្ដាញភេវរកម្ម។ បណ្ដាញទូរទស្សន៍ស៊ីអ៊ីនអ៊ីន បានបកស្រាយពីរឿងនេះ ហើយបានច្រានចោលវគ្គមុន ដែលផ្សាយដោយទស្សនាវដ្ដីអេសវ៉ាយើ (Esquire) ពីជនម្នាក់ តាំងខ្លួនជាអ្នកបាញ់ប៊េនឡាដេន។
អ៊ូសាម៉ា ប៊េន ឡាដេន នៅមុនការរកឃើញរបស់ភ្នាក់ងារសម្ងាត់អាមេរិក។
នៅខែកុម្ភះ កន្លងទៅទស្សនាវដ្ដីអេសវ៉ាយើរ បានផ្សាយនូវកិច្ចសន្ទនាមួយយ៉ាងវែង ធ្វើជាមួយនឹងជនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ តែបានតាំងខ្លួនថា ជាអ្នកបាញ់សម្លាប់ មេបណ្ដាញភេវរនិយមអាល់ កៃដា (al-Qaïda) នៅក្នុងលំនៅដ្ឋានរបស់គាត់ ក្នុងខេត្តអាប៊ុតាបាដ (ប្រទេសប៉ាគីស្ដង់) នាយប់ថ្ងៃទី១ខែមិនាឆ្នាំ២០១១។ ទាហ៊ានរូបនោះ បាននិយាយថា បានចូលទៅក្នុងបន្ទប់នោះតែម្នាក់ឯង ហើយបានបាញ់បីគ្រាប់ ចំក្បាលរបស់ប៊េន ឡាដេន។
តែសម្រាប់ស៊ីអ៊ីនអ៊ីន ការរៀបរាប់នេះ ខុសទាំងស្រុង ព្រោះបុរសនោះ មិនមែនជាមនុស្សដែលបានបាញ់សម្លាប់ មេភេវរករនោះទេ។ ទីប្រឹក្សារបស់បណ្ដាញទូរទស្សន៍មួយរូប លោកភីធើ ប៊ើជេន (Peter Bergen) ចាត់ទុកការរៀបរាប់នោះ ជារឿងដ៏«ផ្ដេសផ្ដាស»មួយ ហើយលោកបានបន្ដពាក្យសម្ដរបស់សមាជិកម្នាក់ នៃកងស្ម័គ្រប្រយុទ្ធទី៦ ដែលដូចមុន សុំមិនបញ្ចេញឈ្មោះ។
តាមលោក ភីធើ ប៊ើជេន កម្លាំងប្រយុទ្ធបីនាក់ បានចូលទៅដល់ជាន់ទីបី ក្នុងនោះមានអ្នកបាញ់បង្ហាញតាមទស្សនាវដ្ដី និងម៉ាត ប៊ីស៊ូណេត (Matt Bissonette)។ ប៊េន ឡាដេន ពេលនោះទំនងជាបាន ហុចក្បាលមកតាមចន្លោះទ្វា ហើយកម្លាំងប្រយុទ្ធទីមួយ បានបាញ់តែមួយគ្រាប់ដំបូងប៉ុណ្ណោះ ចំក្បាលរបស់គាត់។ អ្នកបាញ់នោះ មិនមែនជាជនដែលអះអាងដោយ អេសវ៉ាយើ ហើយក៏មិនមែនជាម៉ាត់ ប៊ីស៊ូណេតដែរ។
ការរៀបរាប់របស់ទីប្រឹក្សាបណ្ដាទូរទស្សន៍ វាប្រហាក់ប្រហែលនឹងការសរសេរអោយដឹង របស់សៀវភៅរបស់ប៊ីស៊ូណេត មានចំណងជើងថា «គ្មានថ្ងៃស្រួល (No Easy Day)»។ ការរៀបរាប់របស់«អ្នកបាញ់» នៅក្នុងទស្សនាវដ្ដី ទំនងជាបានបញ្ឆេះកំហឹង សមាជិកដទៃទៀតនៃកងស្ម័គ្រប្រយុទ្ធទាំងនេះ ដែលសុទ្ធតែបានស្បថថា មិននិយាយរឿងនេះ ទៅនរណាផ្សេងឡើយ។
កងកម្លាំងប្រយុទ្ធ បានបង្ហើបប្រាប់ស៊ីអ៊ីនអ៊ីនថា ជនដែលបានអះអាងថាខ្លួនជា«អ្នកបាញ់»នោះ ត្រូវបានបណ្ដេញចេញពីក្រុមហើយ ដោយហេតុថាជននេះ បានអួតអាងជ្រុលពីអ្វី ដែលខ្លួនបានធ្វើ៕
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ