ចន ម៉ាកខេន ទទួលកិត្តិយស ដោយបុណ្យសពថ្នាក់ជាតិមួយ
បណ្ដាជនអាមេរិក នឹងមានឱកាស បានសំដែងមរណទុក្ខជាចុងក្រោយ នៅក្នុងសប្ដាហ៍នេះ ចំពោះសពលោក ចន ម៉ាកខេន (John McCain) អ្នកនយោបាយដ៏សំខាន់ - ព្រឹទ្ធសមាជិក - អតីតអ្នកបើកយន្ដហោះ ដែលរងទារុណកម្ម នៅក្នុងសង្គ្រាមវៀតណាម និងជាបេក្ខជនប្រធាធិបតី ឆ្នាំ២០០៨ របស់សហរដ្ឋអាមេរិក។
លោកព្រឹទ្ធសមាជិក ចន ម៉ាកខេន មកពីរដ្ឋអារីហ្សូណា (Arizona) បានលាចាកលោក កាលពីថ្ងៃសៅរ៍ នៅមុនប៉ុន្មានថ្ងៃនៃបុណ្យខួបកំណើត ៨២ឆ្នាំ របស់លោក។ លោកបានរងគ្រោះ ដោយជំងឺមហារីកខួរក្បាល ដែលកើតមានតាំងពី១ឆ្នាំ កន្លងមក។
កម្មវិធីបុណ្យសព ត្រូវបានប្រកាសឲ្យដឹង កាលពីថ្ងៃអាទិត្យ ដោយដំបូងឡើយ នឹងប្រព្រឹត្តិទៅ ក្នុងរដ្ឋអារីហ្សូណា មុននឹងបញ្ចប់នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។ មរឈូសសពលោក ចន ម៉ាកខេន នឹងដាក់ឲ្យសាធារណជន ចូលរំលឹកវិញ្ញាណក្ខ័ន្ធ នៅថ្ងៃពុធស្អែកនេះ នៅក្នុងរដ្ឋអារីហ្សូណា រដ្ឋដែលលោកបានធ្វើជាអ្នកតំណាង អស់រយៈពេល៣៥ឆ្នាំ។ [...]