អតីត​នាយក​រដ្ឋមន្រី​អង់គ្លេស ម៉ាហ្គារេត ថាច់ឆ័រ (MT) ទទួល​មរណភាព

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ម៉ាហ្គារេត ថាច់ឆ័រ (Margaret Thatcher) ដែលបានដឹកនាំគណបក្សលោកស្រី អោយឡើងមកកាន់អំណាច ពីឆ្នាំ១៩៧០ រហូតដល់ ១៩៩០នោះ បានទទួលមរណភាពហើយ នៅល្ងាចថ្ងៃច័ន្ទទី០៨ខែ​មេសានេះ ក្នុងជន្នាយុ ៨៧ឆ្នាំ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ម៉ាហ្គារេត ថាច់ឆ័រ (Margaret Thatcher) ដែលបានដឹកនាំគណបក្សលោកស្រី អោយឡើងមកកាន់អំណាច ពីឆ្នាំ១៩៧០ រហូតដល់ ១៩៩០នោះ បានទទួលមរណភាពហើយ នៅល្ងាចថ្ងៃច័ន្ទទី០៨ខែ​មេសានេះ ក្នុងជន្នាយុ ៨៧ឆ្នាំ។


លោកស្រីម៉ាហ្គារេត ថាច់ឆ័រ អតីតនាយរដ្ឋមន្រីអង់គ្លេស។ (រូបថត Selwyn Tait, Sygma/Corbis)

នៅក្នុងពិភពលោក មនុស្សតិចណាស់ ដែលមិនស្គាល់លោកស្រី «បេះដូងដែក» ម៉ាហ្គារេត ថាច់ឆ័រ មេដឹកនាំធ្វើកំណែ​ទម្រង់យ៉ាងស៊ីជម្រៅ សម្រាប់ប្រទេសអង់គ្លេសរបស់លោកស្រី រហូតធ្វើអោយប្រវត្តិសាស្ត្រ បានកត់ត្រាចំណាំទុក។ កំណែទម្រង់ ដែលមានជាអាថ៌ ការធ្វើឯកជនភារូបនីយកម្ម បង្កើនសន្ទុះសេដ្ឋកិច្ច ការបន្ថយកម្លាំងនៃពួកសហជីប នោះ​ជាដើម។ លោកស្រីធ្លាប់ជាដៃគូរយ៉ាងជិតស្និត ជាមួយនឹងប្រធានាធិបតីអាមេរិក លោករ៉ូណាល់ រីហ្គែន (Ronald Reagan) ដើម្បីជួយអោយលោកខាងលិច មានជ័យជំនះក្នុងសង្គ្រាមត្រជាក់ លើរបបកុម្មុយនីស សូវៀត តែនៅតែចាប់ដៃ​ជាមួយ​មេដឹកនាំរបបនេះ ក្នុងសម័យនោះ លោក មីខាអ៊ីល ហ្គោបាឆូវ (Mikhaïl Gorbatchev)។

កើតក្នុងឆ្នាំ១៩២៥ នៅក្នុងគ្រួសារមួយ ជាអ្នកលក់«គ្រឿងទេស» កុមារី ម៉ាហ្គារេត ថាច់ឆ័រ បានចាប់ចិត្តដិតអារម្មណ៍ ទៅ​ក្នុងនយោបាយ តាំងពីពេលដឹងក្ដីមក។ នោះគឺដោយសារ តែឪពុកលោកស្រី ជាទីប្រឹក្សាសាលាក្រុង និយមអភិរក្សមួយរូប នៅហ្គេនថាម (Grantham) ផ្នែកកណ្ដាលនៃប្រទេសអង់គ្លេស។ នៅពេលលោកស្រីមករៀន ខាង«គីមី» នៅសកល​វិទ្យាល័យ អ៊ូស្វើដ (Oxford) លោកស្រីត្រូវបានគេជ្រើសតាំង ជាប្រធានសមាគមនិស្សិត និយមអភិរក្ស នៅទីនោះ។

លោកស្រីបានក្លាយ ជាមេដឹកនាំគណបក្សអភិរក្សនិយម របស់ប្រទេសអង់គ្លេស ដ៏គួរអោយភ្ញាក់ផ្អើលនៅឆ្នាំ១៩៧៥ ហើយ​លោកស្រីបានដឹកនាំគណបក្សនេះ រហូតទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតសកល ឆ្នាំ១៩៧៩។ នៅពេលនោះ លោកស្រីថាច់ឆ័រ គឺជានាយករដ្ឋមន្ត្រីស្ត្រី លើកដំបូងគេបង្អស់ នៅបស្ចិមលោក តែលោកស្រីត្រូវប្រឈមមុខ ដោះស្រាយ​វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ នៃប្រទេសរបស់លោកស្រី។  នយោបាយ«ត្បិតត្បៀត» របស់រដ្ឋាភិបាល​លោកស្រី មិនសូវជា​ទទួល​បានការគាំទ្រប៉ុន្មានទេ ហើយប្រជាប្រិយភាពរបស់លោកស្រី ក៏បានធ្លាក់ចុះ​ទាប​យ៉ាងខ្លាំង​ដែរ។

រហូតមកដល់ សង្គ្រាមនៅប្រជុំកោះ ម៉ាលូអីន (Malouines) ទើបប្រជាប្រិយភាពលោកស្រី បាន​ងើប​មក​វិញ។ ប្រជុំកោះ​ស្ថិតនៅផ្នែកខាងត្បូងនៃផែនដី ជាផ្នែកមួយនៃទឹកដីអង់គ្លេស ហើយត្រូវបានប្រទេសអាហ្សង់ទីន ដែលនៅក្បែរនោះ ចូល​ឈ្លានពានកាន់កាប់ នៅឆ្នាំ១៩៨២។ ភ្លាមនោះ លោកស្រីបានបញ្ជូនកងទ័ព ទៅបណ្ដេញពួកអ្នកឈ្លានពានចេញពីកោះ និងការពារប្រជុំកោះ បានយ៉ាងរឹងមាំ។

នៅឆ្នាំបន្ទាប់មក លោកស្រីបានជាប់ឆ្នោត សារជាថ្មីទៀត។

ប៉ុន្តែនៅអាណត្តិទីពីរ លោកស្រីបានចាប់ផ្ដើមការងារ ជាមួយតែនឹងរឿងអាក្រក់ជាច្រើន។ នៅពេញមួយឆ្នាំ លោកស្រី​ត្រូវ​ប្រឈមមុន ទល់នឹងការធ្វើកូដកម្ម របស់ក្រុមកម្មករអ្នកជីកអណ្ដូងរ៉ែ តែក៏នៅពេលនោះដែរ ដែលគេបានឃើញ​យ៉ាង​ច្បាស់​នូវចរិក«បេះដូងដែក» របស់លោកស្រី។ ក្នុងពេលជាមួយគ្នានោះ ព្រឹត្តិការណ៍លបធ្វើឃាត មិនបានសម្រេច​មួយ​ បាន​កើត​ឡើងលើរូបលោកស្រីទៀត ពីសំណាក់ក្រុមរំដោះទឹកដី អៀរឡង់ខាងជើង (Irlande du Nord)។ លោកស្រី​បាន​រួចរស់​មានជីវិត តែមនុស្សដែលស្និតនឹងលោកស្រី បានស្លាប់ភ្លាមៗនៅនឹងកន្លែង ជាច្រើននាក់។

«ស្ត្រីបេះដូងដែក»

បន្ទាប់ពីបានឆ្លងកាត់វិញ្ញាសារដ៏ពិបាកៗ ទាំងនេះរួចអស់ លោកស្រីថាច់ឆ័រ អាចចាត់ការដោយមិនមានឧបសគ្គអ្វីទៀតទេ សម្រាប់កំណែរទម្រង់របស់លោកស្រី។ ការធ្វើឯកជនភារូបនីយកម្ម ត្រូវបានចាប់ផ្ដើមធ្វើជាដំបូងគេ ជាមួយនឹង​ក្រុមហ៊ុន​ទូរស័ព្ទរបស់អង់គ្លេស ឈ្មោះ ​ប្រ៊ីធីសតេឡេកូម (British Telecom)។ ការធ្វើកូដកម្មទាំងឡាយ ដែលគ្រាន់តែបង្ហាញ​ពី​សមាណចិត្ត ត្រូវបានហាមឃាត់ និងលំនៅដ្ឋានសង្គមភាគច្រើន ត្រូវបានដាក់លក់អោយទៅឯកជន។

នៅអាណត្តិទីបី លោកស្រីបន្តការកែទម្រង់ ជាបន្តនៅលើវិស័យអប់រំ និងសុខាភិបាល។ តែជម្លោះនយោយបាយ នៅក្នុង​គណបក្សរបស់លោកស្រី បានកើតឡើងយ៉ាងសន្ធោសន្ធៅ ជាពិសេសនយោបាយ ដែលស្ដីពី«អ៊ឺរ៉ុប»។ រដ្ឋមន្ត្រី«បះបោរ»​ជាច្រើនរបស់លោកស្រី បានបង្ខំអោយលោកស្រី លាលែងចេញពីតំណែង នៅចុងឆ្នាំ១៩៩០។

នៅឆ្នាំ២០១១ ផលិតកម្មមួយរបស់បារាំងនិងអ៊ឺរ៉ុប បានរួមសហការគ្នា យកខ្សែរជីវិតរបស់លោកស្រី មកបកស្រាយ​ជា​ភាពយន្ដ ដែលមានចំណងជើងថា «ស្ត្រីបេះដូងដែក»៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...