អគ្គលេខាធិកាអ.ស.ប. រំលឹកកូរ៉េខាងជើងជាថ្មី ថាកុំបង្កហេតុ«បន្ថែម»ទៀត
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អគ្គលេខាធិកា នៃអង្គការសហប្រជាជាតិ លោកបាន គី-មូន (Ban Ki-moon) បានអំពាវនាវ ទៅកូរ៉េខាងជើង អោយជៀសវាងនូវគ្រប់«ការបង្កហេតុ»ថ្មីៗបន្ថែមទៀត។ សេចក្ដីអំពាវនាវនេះ បានធ្វើឡើង នៅក្រោយពេលទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) បានជូនដំណឹង កាលពីព្រឹកថ្ងៃដដែល ថាកូរ៉េខាងជើង កំពុងត្រៀមការសាកល្បងនុយក្លេអ៊ែរ និងកាំជ្រួចបញ្ជាពីចម្ងាយជាថ្មីទៀត ក្នុងពេលខាងមុខនេះ។
លោកបាន គី-មូន អគ្គលេខាធិកា នៃអង្គការសហប្រជាជាតិ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសហូឡង់ នៅទីក្រុងឡាអេ ថ្ងៃច័ន្ទទី០៨ខែមេសានេះ លោកអគ្គលេខាធិការនៃ អ.ស.ប. បានថ្លែងអោយដឹងថា «ខ្ញុំសូមអំពាវនាវជាបន្ទាន់ ទៅពួកគេ មិនអោយប្រើប្រាស់វិធីណាមួយ ដែលជាការបង្កហេតុថ្មីទៀត»។
លោក បាន គី-មូន បានបញ្ជាក់ថា «ជាសេចក្ដីអំពាវនាវ បន្ទាន់ និងដោយស្មោះស្ម័គ្រ ពីសំណាក់សហគមន៍អន្តរជាតិ រាប់ទាំងរូបខ្ញុំផង។ (...) សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) មិនអាចបន្តប្រឆាំងនឹង សមត្ថកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិដូច្នេះទៀតបានទេ។»
ក្រុងព្យុងយ៉ាងបានបង្កើនការគម្រាម និងបានដាក់ឧបទ្វីបកូរ៉េទៅក្នុង ភាពតានតឹង ក្រោយពីខ្លួនបានទទួលរងនូវទណ្ឌកម្ម បោះឆ្នោតសម្រេចដោយក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប. កាលពីដើមខែកុម្ភះកន្លងមក និងការធ្វើសមយុទ្ធក្នុងតំបន់ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ សប្ដាហ៍មុន ប្រទេសកុម្មុយនីសបានតម្លើង កាំជ្រួចរយៈមធ្យមចំនួនមួយគ្រៀងទៀត នៅតាមតំបន់ឆ្នេរខាងកើត ហើយអាចនឹងទំនងត្រូវបាញ់ចេញ នៅក្នុងពេលខាងមុខ ដើម្បីបង្ខំអោយសហរដ្ឋអាមេរិក ធ្វើការសម្របសម្រួលជាមួយខ្លួន។
«សារដ៏ច្បាស់មួយ»
កាលពីព្រឹកថ្ងៃច័ន្ទនេះ កូរ៉េខាងត្បូង បានជូនដំណឹងពីសកម្មខុសធម្មតា នៅក្នុងតំបន់សាកល្បងនុយក្លេអ៊ែរ និងកាំជ្រួច របស់កូរ៉េខាងជើង ដែលទំនងជាត្រៀមរៀបចំការសាកល្បងថ្មីណាមួយទៀត។ ប៉ុន្តែនៅរសៀលថ្ងៃដដែល ទីក្រុងសេអ៊ូល បានកែតម្រូវព័ត៌មាននេះឡើងវិញ ដោយបានបញ្ជាក់ថា សកម្មភាពដែលខ្លួនបានសង្កេតឃើញ នៅជុំវិញទីតាំងសាកល្បងអាវុធរបស់កូរ៉េខាងជើង គ្រាន់តែមានភាព«មមាញឹកខ្លាំង» ប៉ុន្តែមិនទាន់បានធ្វើសេចក្ដីសន្និដ្ឋានថា យ៉ាងដូចម្ដេចឡើយ។
អគ្គលេខាធិកា របស់អង្គការពិភពលោករូបនេះ បានថ្លែងបន្តថា «ខ្ញុំបានសម្ដែង នូវការខ្វល់ខ្វាយរបស់ខ្ញុំ ជាច្រើនលើកច្រើនគ្រារួចមកហើយ ខណៈសង្គ្រាមពាក្យសម្ដីរបស់ទីក្រុងព្យុងយ៉ាង បានដើរទៅឆ្ងាយជ្រុល។ (...) វាជាពេលដែលភាគីទាំងអស់ ត្រូវកាត់បន្ថយភាពតានតឺង»។
លោកបានបន្ថែមថា «ខ្ញុំក៏ធ្លាប់ប្រកាសប្រាប់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ រួចហើយថា បង្កើតការគម្រាបតាមរយៈនុយក្លេអ៊ែរ មិនមែនជាល្បែងលេងទេ។ ក្រុមប្រឹក្សាសន្តិសុខបានបញ្ជូនសារដ៏ច្បាស់មួយ ថាសហគមន៍អន្តរជាតិ មិនអត់អោនអោយទេ នូវមហិច្ឆតានុយក្លេអ៊ែរនេះ៕»
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣
ប្រភពយោង៖ AFP
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ