អាមេរិក​ព្រមាន​ដាក់​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច បន្ទាប់​ពី​កាំជ្រួច​កូរ៉េ​ខាង​ជើង​ផ្ទុះ​លើ​អាកាស

របបក្រុងព្យុងយ៉ាង បានទទួលបរាជ័យដ៏ជូរចត់ នៅក្នុងការសាកល្បងកាលពីថ្ងៃសុក្រ នូវការ​បាញ់​កាំជ្រួច បំពាក់​ដោយ​គ្រាប់​បែក​របស់ខ្លួន។ កាំជ្រួច ដែលទំនងជាមានឈ្មោះ «Musudan» បានផ្ទុះឆេះនៅពេល​​វា​បាន​ហោះ​ឡើង ទៅ​ដល់​លើអាកាស។
អាមេរិក​ព្រមាន​ដាក់​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច បន្ទាប់​ពី​កាំជ្រួច​កូរ៉េ​ខាង​ជើង​ផ្ទុះ​លើ​អាកាស
កាំជ្រួចដែលយកមកសំដែងឫទ្ធិ នៅក្នុងព្យុះហយាត្រា នៃបុណ្យជាតិមួយ របស់ប្រទេសកូរ៉េខាងជើង។ (រូបថត​ឯកសារ)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 17, 2016
  • ប្រធានបទ: វិបត្តិកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការបរាជ័យលើកដំបូង នៅក្នុងការបាញ់សាកល្បង ជាបន្តបន្ទាប់ នៅក្នុងប៉ុន្មានចុងក្រោយនេះ ហើយ​ដែល​តែងត្រូវបានរបបកុម្មុយនីសកូរ៉េខាងជើង ប្រកាសទទួលស្គាល់ និងអួតអាងមិនដាច់ពីមាត់។ ក្រសួង​ការពារ​ជាតិ​អាមេរិក ក៏បានអះអាងដែរថា កាំជ្រួចរយៈមធ្យម​បំពាក់ដោយគ្រាប់បែក បានផ្ទុះឆេះនៅពេលហោះឡើង ទៅដល់លើអាកាស។ អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក) លោក ចេហ្វ ដេវិដ (Jeff Davis) បានថ្លែងឲ្យដឹងថា៖ «វាជាការប៉ុនប៉ង នៃការបាញ់សាកល្បងដ៏គ្រោះថ្នាក់មួយ ដែល​បាន​បញ្ចប់​ទៅ ដោយការផ្ទុះទៅជាភ្លើងមួយដុំ»។

សម្រាប់អង្គការសហប្រជាជាតិវិញ បានបង្ហាញនូវក្ដីបារម្ភរបស់ខ្លួន ជុំវិញការសាកល្បងជាថ្មីនេះ និងបាន​អំពាវនាវ​ឲ្យក្រុង ព្យុងយ៉ាង ឲ្យត្រឡប់មកធ្វើការត្រិះរិះឡើងវិញ។ នេះបើតាមលោក ហ្វារ៉ង់ ហាក (Farhan Haq) អ្នក​នាំ​ពាក្យ របស់អង្គការពិភពលោក ដ៏កំពូលមួយនេះ។

ជំហានទៅពង្រាយប្រព័ន្ធប្រឆាំងកាំជ្រួច...

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានពន្យល់ទៀតថា កាំជ្រួចបំពាក់ដោយគ្រាប់បែក ទំនងជាត្រូវបានបាញ់ចេញ ពីរថយន្ដចល័ត ដែលស្ថិតក្នុងតំបន់ឆ្នេរភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង។ កន្លែងនេះ មិនធ្លាប់ត្រូវ​បាន​ប្រើ​ប្រាស់ ដើម្បីធ្វើការបាញ់សាកល្បង ពីមុនមកនោះទេ។

លោក ចេហ្វ ដេវិដ បានបញ្ជាក់ទៀតថា ការសាកល្បងរបស់ក្រុង ព្យុងយ៉ាង នឹងជួយជំរុញឲ្យអាមេរិក និង​កូរ៉េ​ខាង​ត្បូង ជជែកគ្នាកាន់តែទៅមុខ ជុំវិញគម្រោងដាក់ពង្រាយប្រព័ន្ធប្រឆាំងកាំជ្រួច «THAAD» របស់អាមេរិក នៅ​តាមបណ្ដោយព្រំដែនកូរ៉េ។ លោកបាននិយាយថា៖ «យើងធ្វើបែបនេះ បណ្ដាលមកពីការបង្ករឿង ជា​បន្ត​បន្ទាប់ របស់ប្រទេសកូរ៉េខាងជើង»។

បាញ់សាកល្បងដើម្បីអបអរខួបកំណើត ជីតាស្ថាបនិក...

ការបាញ់សាកល្បងកាំជ្រួច កាលពីថ្ងៃសុក្រ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ពីសំណាក់កងទ័ពអាមេរិក និង​កូរ៉េ​ខាង​ត្បូង។ អ្នកទទួលខុសត្រូវខាងចារកម្មមួយរូប របស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារព័ត៌មាន យ៉ុងហាប់ (Yonhap នៅកូរ៉េខាងត្បូង) ថាកាំជ្រួចកូរ៉េខាងជើងនេះ បានបាត់ពីកញ្ចក់ប្រព័ន្ធត្រួតពិនិត្យ​អាកាស នៅ​ប៉ុន្មានវិនាទីក្រោយមក។ ហេតុការណ៍នេះ ធ្វើឲ្យគេសន្និដ្ឋានថា កាំជ្រួចបានផ្ទុះឆេះ នៅក្នុងអាកាស។

ប្រទេសកូរ៉ខាងត្បូងបានរំពឹងថា ប្រទេសកុម្មុយនីសបាន​ចាប់យកឱកាស នៃទិវាខួបកំណើត​ស្ថាបនិក​របប​ដឹកនាំ​ក្រុងព្យុងយ៉ាង លោក គីម អ៊ីលស៊ុង (Kim Il Sung) ដែលជាជីតាមេដឹកនាំ​កូរ៉េខាងជើងសព្វថ្ងៃ កាល​ពី​ថ្ងៃ​សុក្រ ទី១៥ ខែមេសានេះ ដើម្បីធ្វើការបាញ់សាកល្បងសព្វាវុធ។ វាក៏ជាឱកាស ដើម្បីបង្ហាញពីមហិទ្ធិរិទ្ធិ​ជា​លើកដំ​បូង នូវ​កាំជ្រួចរយៈមធ្យម ឈ្មោះ «Musudan» ដែលអាចបាញ់ដល់កោះ «Guam» (ទឹកដីអាមេរិក) នៅ​កណ្ដាល​មហា​សមុទ្រ​ប៉ាស៊ីភិក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...