ចន ឃេរី៖ យន្ដហោះប្រដេញរ៉ូស្ស៊ី គួរត្រូវ«បាញ់ទម្លាក់»
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៦ មេសា ២០១៦
- កែប្រែចុងក្រោយ: April 17, 2016
- ប្រធានបទ: អាមេរិក-រ៉ូស្ស៊ី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើយោងតាមច្បាប់ដែលនៅជាធរមាន សហរដ្ឋអាមេរិកគួរតែបាញ់ទម្លាក់យន្ដហោះប្រដេញទាំងនោះ របស់ប្រទេសរ៉ូស្ស៊ី ដែលបានបង្ហោះជាច្រើនដង រំលងពីលើនាវាល្បាត ខាងចម្បាំងលើទឹក របស់កងទ័ពអាមេរិក នៅក្នុងដែនទឹកអន្តរជាតិ នៃសមុទ្របាល់ទិក។ នេះជាការថ្លែងអះអាង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃេរី (John Kerry) កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ។
ហេតុការណ៍ខាងលើ បានកើតឡើងចាប់តាំងពីថ្ងៃចន្ទ បន្ទាប់ពីនាវាចម្បាំងអាមេរិក បានបង្ហាញវត្តមាន នៅចម្ងាយប្រមាណជា ១៣០គីឡូម៉ែត្រ ពីមូលដ្ឋានយោធា កាលីនីហ្គ្រាត (Kaliningrad) ដែលស្ថិតក្នុងខេត្តដាច់ដោយឡែកមួយ របស់ប្រទេសរ៉ូស្ស៊ី (នៅភាគខាងលិចបំផុត)។ ខេត្តនេះ មានទីតាំងស្ថិតនៅចន្លោះ រវាងសមុទ្របាល់ទិក ប្រទេសប៉ូឡូញ និងប្រទេសលីតួអានី តែមិនជាប់ជាមួយនឹងទឹកដី រ៉ូស្ស៊ី ធំនោះទេ។
យន្ដហោះប្រដេញ ធុន «Su-24» របស់ប្រទេសរ៉ូស្ស៊ី រំលងពីលើនាវាល្បាត សម្រាប់សង្គ្រាមលើទឹក ធុន «USS Donald Cook» របស់ប្រទេសអាមេរិក បានកើតឡើងជាច្រើនដង នៅថ្ងៃចន្ទ និងថ្ងៃអង្គារ។ បញ្ជាការដ្ឋានកងទ័ពអាមេរិក ប្រចាំទ្វីបអ៊ឺរ៉ុប បានថ្លែងឲ្យដឹងថា ជាពិសេសនៅថ្ងៃពុធ យន្ដហោះប្រដេញរ៉ូស្ស៊ី ធុន «Su-24» បានហោះត្រឹមតែកំពស់ ប្រមាណ ជា៩ម៉ែត្រ ពីលើនាវាចម្បាំងអាមេរិកប៉ុណ្ណោះ។ ទង្វើខាងលើត្រូវបានមន្ទីរប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក) ចាត់ទុកថាមានសណ្ឋាន ហាក់ដូចជាការវាយប្រហារមួយ និងជាកាយវិការ ដ៏«ព្រហើន»។
សម្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃេរី បានធ្វើប្រតិកម្មច្បាស់ៗ តបនឹងទង្វើខាងលើ តាមកញ្ចក់ទូរទស្សន៍ «CNN» របស់អាមេរិកថា៖ «យើងសូមថ្កោលទោស នូវកាយវិការរបៀបនេះ។ ជាការមិនយល់ បង្ករឿង និងមានគ្រោះថ្នាក់ជាទីបំផុត។ បើយោងតាមច្បាប់ ដែលមានជាធរមាន យន្ដហោះទាំងនោះ គួរតែត្រូវបានបាញ់ទម្លាក់។»
លោក ឃេរី បានព្រមានទៀតថា៖ «គេត្រូវយល់ថា វាគឺជាកិច្ចការដ៏ធ្ងន់ធ្ងរមួយ ហើយសហរដ្ឋអាមេរិកនឹងមិនទុកឲ្យខ្លួនរងគ្រោះនោះឡើយ។ (...) យើងបានផ្ដល់ដំណឹង ទៅប្រទសរ៉ូស្ស៊ីពីគ្រោះថ្នាក់ ដែលអាចកើតមាន ហើយយើងសង្ឃឹមថា ករណីរបៀបនេះ នឹងមិនកើតមានជាថ្មីទៀតទេ។»។
នៅចំពោះការលើកឡើងខាងលើ ប្រទេសរ៉ូស្ស៊ីបានច្រានចោល នូវការចោទប្រកាន់ ដែលថាយន្ដហោះរបស់ខ្លួនបានបង្ករឿង។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរ៉ូស្ស៊ី លោក អ៊ីហ្គ័រ កូណាឆេនកូ (Igor Konachenkov) បានអះអាងនៅថ្ងៃព្រហស្បត្តិដដែលថា នោះគឺជាការហ្វឹកហាត់មួយ ដែលផ្លូវហោះហើររបស់យន្ដហោះទាំងនោះ បានស្ថិតនៅយ៉ាងឆ្ងាយ ពីនាវាល្បាតរបស់អាមេរិក។ លោកបានថ្លែងឡើងថា៖ «នៅជិតមូលដ្ឋានកងទ័ពរ៉ូស្ស៊ី ក្នុងសមុទ្របាល់ទិក សេរីភាពជាមូលដ្ឋាន នៃការធ្វើចរាចរណ៍ របស់នាវាអាមេរិក មិនអាចមកកំណត់សេរីភាពជាមូលដ្ឋាន នៃការហោះហើរ របស់កងកម្លាំងរ៉ូស្ស៊ីបានឡើយ»៕
» វីដេអូ និងរូបភាព ដែលកងទ័ពអាមេរិក នៅលើនាវា «USS Donald Cook» ថតបាន ពីសកម្មភាពរបស់យន្ដហោះរ៉ូស្ស៊ី៖