អ៊ឺរ៉ូ២០១២៖ ក្រិចនិងឆែក ឡើងទៅ១ភាគ៤ ផ្ដាច់ព្រ័ត្រ ដោយបានផ្ដួលរ៉ូស្ស៊ីនិងប៉ូឡូញ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: June 17, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បាល់មូល ! ក្រិចបានធ្វើអោយចំណាត់ថ្នាក់ ក្រឡាប់ចាក់ ដោយបានប្រកួតឈ្នះ រ៉ូស្សី (១-០) ហើយបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ជាមួយនឹងឆែក ដែលបានឈ្នះ ប៉ូឡូញ ក្នុងពិន្ទូដូចគ្នានេះ។ រ៉ូស្ស៊ី ដែលមុននេះ មានពិន្ទុខ្ពស់ ជាងគេ ក្នុងក្រុមជុំជំរុះA រួមនឹងប៉ូឡូញផង ត្រូវបានផាត់ចេញទាំងសោកស្ដាយ ពីពានរង្វាន់បាល់ទាត់អ៊ឺរ៉ូ នៅឆ្នាំ ២០១២នេះ។
ក្រុមកីឡាករក្រិចត្រេតអរនឹងជ័យជំនះរបស់ខ្លួន/ Crédit photo: uefa.com
តួលេខខ្លីៗ ដើម្បីរំលឹកពី ចំណាត់ថ្នាក់ក្នុងជុំជំរុះ ក្នុងថ្ងៃនេះ ដែលការប្រកួតទាំងពីរ បានធ្វើក្នុងពេលតែមួយ នៃក្រុមA ៖
- មុនការប្រកួត រ៉ូស្ស៊ី ទទួលបាន ៤ពិន្ទុ និងឆែក ៣ ពិន្ទុ នឹងត្រូវបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។
- នៅនាទីទី ៤៥ + ២ នៅកីឡាដ្ឋានរបស់ទីក្រុង Varsovie (ប្រទេសប៉ូឡូញ) កីឡាករក្រិច ការ៉ាហ្គូនីស (Karagounis) បានទាត់ចូលទីរបស់រ៉ូស្ស៊ី ធ្វើអោយក្រិចនាំមុខ នៅក្នុងការប្រកួតនេះ ហើយ ចំណាត់ថ្នាក់ ក៏បានផ្លាស់ប្ដូរតាមដែរ គឺ រ៉ូស្ស៊ី ទទួលបាន ៤ពិន្ទុ និងក្រិច ៤ ពិន្ទុ នឹងត្រូវបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។
- នៅនាទីទី ៧២ នៅកីឡាដ្ឋានរបស់ទីក្រុង Wroclaw (ប្រទេសប៉ូឡូញ) កីឡាករឆែក ជីរ៉ាសេក (Jiracek) បានទាត់ បញ្ចូលទីរបស់ប៉ូឡូញ ធ្វើអោយឆែកនាំមុខនៅក្នុងការប្រកួតនេះ ហើយចំណាត់ថ្នាក់ ក៏បានផ្ដាសប្ដូរតាមដែរ គឺ ឆែក ទទួលបាន ៦ពិន្ទុ និងក្រិច ៤ ពិន្ទុ នឹងត្រូវបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។
- នៅចុងបញ្ចប់នៃការប្រកួតទាំងពីរគូរ លទ្ធផលចុងក្រោយ ឆែកឈ្នះប៉ូឡូញ ១-០ ហើយរ៉ូស្ស៊ីចាញ់ក្រិច ០-១ ដូច្នេះចំណាត់ ថ្នាក់ចុងក្រោយនៅក្នុងក្រុម A នេះ បានធ្វើអោយរ៉ូស្ស៊ី និងប៉ូឡូញខ្ទាតចេញពី ការប្រកួតបន្ដនៃ ១ភាគ៤ផ្ដាច់ព្រ័ត្រ។
ក្រិចជាអ្នកធ្វើអោយរ៉ូស្ស៊ី ក្អួតឈាម
នរណាៗក៏នឹកស្មានមិនដល់ដែរ ក្នុងខណៈដែល ក្រុមជំរើសជាតិរ៉ូស្ស៊ី មានពិន្ទុ៤ខ្ពស់ជាងគេបង្អស់ នៅក្នុងក្រុមA ត្រូវក្រិច ផ្ដួលអោយក្អួតឈាម នៅក្នុងពិន្ទុ៤ដូចគ្នា។ គេក៏មិននឹកស្មានទៅទៀត នៅពេលដែលក្រិច ក្នុងការប្រកួតមុនៗថា ជាក្រុម មួយ ដែលមានខ្សែរការពារអន់ជាទីបំផុត បែរជាបានសង់រួចនៅថ្ងៃនេះ នូវ«មហាកំផែងដ៏ធំមហិមា» ហើយបានទប់ជាប់ រហូត រាល់ការវាយលុករបស់ រ៉ូស្ស៊ី តាំងពីរពាក់កណ្ដាលម៉ោងដំបូង រហូតដល់ចប់ប្រកួត។
ការប្រកួតយ៉ាងស្វិតស្វាញរវាង ក្រិចនិងរ៉ូស្ស៊ី/ Crédit photo: uefa.com
ក្រុមបាល់ទាត់របស់ប្រទេសក្រិច បានដឹងខ្លួនតាំងពីមុនប្រកួតមកម្លេះថា សំណាងក្នុងការឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ របស់ក្រុមខ្លួន មានតិចជាទីបំផុត ផ្ទុយពីក្រុមបាល់ទាត់របស់ប្រទេសរ៉ូស្ស៊ី ដែលបានបង្ហាញនូវគោលបំណងយ៉ាងមុតមាំ ថាក្រុមខ្លួននឹងអាច ដណ្ដើមបាននៅឆ្នាំនេះ នូវពានរង្វាន់បាល់ទាត៉អ៊ឺរ៉ុប។ តែដឹងអី នៅពេលឃើញលទ្ធផលក្រោយ ការប្រកួត និងពិន្ទុនៅក្នុងក្រុមជុំជំរុះ ក្រិចមិនត្រឹមតែបានឈ្នះរ៉ូស្ស៊ីប៉ុណ្ណោះទេ តែក៏បានជួយរុញរ៉ូស្ស៊ី អោយបានឆាប់ វិលត្រឡប់ទៅផ្ទះវិញ យ៉ាងលឿនថែមទៀតផង។
គឺកីឡាករក្រិច ហ្សីយ៉រហ្សីយ៉ូស ការ៉ាហ្គូនីស (Giorgios Karagounis) ដែលបានស៊ុតបាល់បញ្ចូលទី របស់រ៉ុស្ស៊ី នៅក្នុង ២នាទីបន្ថែមរបស់ ពាក់កណ្ដាលម៉ោងដំបូង ហើយធ្វើអោយក្រុមរបស់គាត់បាននាំមុខ តាំងពីពេលនោះមក។ តែគួរ អោយស្ដាយ ដែលវីរបុរសបាល់ទាត់ របស់ប្រទេសក្រិចរូបនេះ នឹងមិនបាន មកចូលរួមទាត់ នៅក្នុងការប្រកួត ១ភាគ៤ ផ្ដាច់ព្រ័ត្រ លើកក្រោយនេះទេ ដោយហេតុនៅក្នុងការប្រកួតលើកនេះ គាត់ទទួលបានកាតលឿងមួយពីអាជ្ញាកណ្ដាល និងនៅការប្រកួតលើកមុន គាត់ទទួលបានកាតលឿងនេះមួយដែរ រួចហើយ។ សូមបញ្ជាក់ថា ទទួលកាតលឿងពិរដង បូកបញ្ចូលគ្នា ទោះជានៅក្នុងការប្រកួតខុសគ្នាក៏ដោយ វាស្មើនឹង កាតក្រហមមួយ ដែលនឹងពិន័យកីឡាករមានកំហុស មិនអោយទៅចូលរួមទាត់ នៅក្នុងការប្រកួតបន្ទាប់មក។ រីឯរ៉ូស្ស៊ីវិញ បានខិតខំយ៉ាងសម្បើបណាស់ដែរ ក្នុងការទាញពិន្ទុ អោយមកស្មើនឹងក្រិចវិញ តែនៅតែធ្វើអ្វីក្រិចមិនបានទាល់តែសោះ បើទោះណាជាការគ្រប់គ្រងបាល់ មានខ្លាំងជាងក្រិច យ៉ាងច្រើនលើសលប់ក៏ដោយ (៧៨%)។
គេអាចនិយាយបានក្នុងពេលនេះថា ប្រទេសក្រិច ដែលកំពុងមានវិបត្តិនេះ (នយោបាយ និងសេដ្ឋកិច្ច) នឹងអាចទៅជួប ប្រជែង ជាមួយនឹងអាឡឺម៉ង់ ដែលកំពុងមានថាមពលយ៉ាងរឹងមាំ នៅ១ភាគ៤ផ្ដាច់ព្រ័ត្រ ...
ជីរ៉ាសេក (Jiracek) បានធ្វើអោយ ប៉ូឡូញ យំមួយប្រទេស
ប្រសិនបើរ៉ូស្ស៊ី បានខ្ទាតចេញពីអ៊ឺរ៉ូ ទាំងហួសចិត្ត ក៏មានផងដែរ ប្រទេសមួយទៀត គឺប៉ូឡូញ ដែលបានផាត់ចេញ ពីការ ដណ្ដើមពានរង្វាន់ ទាំងទឹកភ្នែកយំសោយសង្រេង។ ប្រទេសប៉ូឡូញ ជាអ្នកសហរៀបចំ ការប្រកួតបាល់ទាត់អ៊ឺរ៉ូនៅឆ្នាំនេះ ហើយក៏គួរតែឆ្លៀតឱកាសនេះ ដើម្បីបានស្រែកហ៊ោកញ្ជ្រៀវ សប្បាយគាំទ្រ នឹងក្រុមកីឡាករបាល់ទាត់របស់ប្រទេសខ្លួន អោយបានយូបន្ដិច។ តែវាជាប្រការមួយ ដែលមិនអាចទៅរួច។ បើមើលការប្រកួតនៅថ្ងៃនេះ ក្រុមជំរើសជាតិប៉ូឡូញ គ្រប់គ្រងបាល់បានយ៉ាងច្រើន នៅក្នុងពាក់កណ្ដាលម៉ោងដំបូង បង្កអោយមានក្ដីសង្ឃឹមយ៉ាងច្រើនទៅដល់អ្នកគាំទ្រ ព្រោះមានឱកាសដល់ទៅ៤ទៅ៥ដង ក្នុងការទាត់បញ្ចូលទីរបស់ឆែក។ តែប៉ូឡូញនៅតែមិនអាចធ្វើអ្វីកើត ដោយសារ តែក្រុមកីឡាករបាល់ទាត់របស់ឆែក មានភាពច្បាស់លាស់ ក្នុងការស៊ុតបញ្ចូលទីច្រើនជាង។
ការប្រកួតយ៉ាងស្វិតស្វាញរវាង ប៉ូឡូញនិង ឆែក/ Crédit photo: uefa.com
ក្រុមជំរើសជាតិឆែក ដែលនៅពេលជួបជាមួយរ៉ូស្ស៊ី ក្នុងការប្រកួតលើកដំបូង បានចាញ់សឹងតែយំមិនចេញ ជាមួយនឹងពិន្ទុ ១-៤ នោះ បានវិលត្រឡប់មកវិញ តាំងតែពីការជួបប្រកួតជាមួយ ក្រិចលើកមុនម្លេះ (២-១)។ សូមបញ្ចាក់ថា ក្រុមជំរើសជាតិ ឆែក ធ្លាប់បានចូលទៅប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាមួយនឹងអាឡឺម៉ង់ ក្នុងការដណ្ដើមពានរង្វាន់អ៊ឺរ៉ុប កាលពីឆ្នាំ១៩៩៦ នៅ អង់គ្លេស។ នៅលើកនេះ គឺកីឡាករឆែក ភេទ្រ ជីរ៉ាសេក (Petr Jiracek) ដែលគាត់បានទទួលបាល់ពី មីឡង់ បារ៉ូស (Milan Baros) ហើយស៊ុតបញ្ចូលទីរបស់ប៉ូឡូញ មួយគ្រាប់នៅនាទីទី៧២ បានជួយអោយក្រុមខ្លួន មានជ័យជំនះ និងបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ឬក៏ប្រហែលជាអាច ទៅដល់វគ្គផ្ដាច់ព្រ័ត្រផងក៏មិនដឹង៕
ក្រុមកីឡាករឆែកត្រេតអរនឹងជ័យជំនះរបស់ខ្លួន/ Crédit photo: uefa.com
---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ