មីយ៉ាន់ម៉ា៖ អ៊ុងសាន ស៊ូជី អំពាវនាវរកការផ្សះផ្សារជាតិ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 17, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មេដឹកនាំ ជាសកម្មជនប្រឆាំងរបស់ភូមា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានវត្តមាននៅទីក្រុងអូស្លូ (Oslo) នៃ ប្រទេសណ័រវេស ក្នុងពិធីទទួលពានរង្វាន់ ណូប៊ែលសន្តិភាព ដែលគេត្រូវជូនទៅលោកស្រី តាំងពីម្ភៃឆ្នាំមុន។ នៅក្នុងពិធីដ៏គួរអោយរំជួលចិត្តនេះ លោកស្រីបានថ្លែង ថានឹងបន្តប្រយុទ្ធដើម្បីលិទ្ធិប្រជាធិបតេយ្យ ជាបន្ត ទៅទៀត។
អ៊ុងសាន ស៊ូជី ថ្លែងក្នុងឱកាសទទួលពានរង្វាន់ ណូប៊ែលសន្តិភាព នៅអូស្លូ/ Photo Reuter
បន្ទាប់ពីបានធ្វើការកែទំរង់ អស់ពេញមួយឆ្នាំ ដោយក្រុមអ្នកកាន់អំណាចនៅភូមានោះមក លោកស្រី អ៊ុងសាន ស៊ូជី បានសន្យាថានឹងធ្វើការផ្សះផ្សាជាតិ តែបានចិញ្ចឹមចិត្តលើកពី បញ្ហាដែលទាក់ទងនឹង អ្នកទោសមនសិកា និងជម្លោះ ជាតិពិន្ធុ នៅក្នុងប្រទេសរបស់លោកស្រី។
«សុទិដ្ឋិនិយមដោយប្រយ័ត្នប្រយ៉ែង»
លោកស្រីបានបន្លឺថា «គណបក្សសម្ពន័្ធជាតិ សំរាប់លទ្ធិប្រជាធិបតេយ្យ របស់ខ្ញុំ និងរូបខ្ញុំផ្ទាល់ បានត្រៀមខ្លួនរួចជា ស្រេច និងមានបំណង់យ៉ាងខ្លាំង ក្នុងដំណើរការណាក៏ដោយ ដើម្បីឈានទៅធ្វើការផ្សះផ្សារជាតិ។» ជាមួយនឹងផ្ដាសៀតជាប់ នឹងសក់ ដែលជាទំលាប់រាល់ដងរបស់លោកស្រី និងសំលៀកបំពាក់ប្រពៃណីពណ៌ស្វាយ រុំដោយកន្សែងបង់កផងនោះ «ស្រ្តីរបស់ទីក្រុងរ៉ង់ហ្គូន (Rangoun)» រូបនេះ ត្រូវបានទះដៃទទួលស្វាគមន៍ យ៉ាងកងរំពង ពីសំណាក់អ្នកមុខអ្នកការ សំខាន់ៗ និងជនភៀសខ្លួនភូមា នៅឯបរទេស ដែលបានប្រមូលផ្ដុំគ្នា នៅក្នុងសាលាក្រុង អូស្លូ។
លោកស្រីបានរំលឹង ពី«សុទិដ្ឋិនិយមដោយប្រយ័ត្នប្រយ៉ែង» នៅក្នុងដំណើរសព្វថ្ងៃ ឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យរបស់ ប្រទេសលោកស្រី ដែលមានប្រធានាធិបតី លោក ថេន សេន (Thein Sein) ជាអតីត នាយទាហ៊ានមួយរូប ដោយបាន រៀបចំអោយមាន ជារដ្ឋាភិបាលមានលក្ខណៈស៊ីវិលសឹងតែទាំងអស់មួយឡើង។ លោកស្រីពន្យល់ឡើងថា «ប្រសិន ជាខ្ញុំសញ្ជឹងនៅក្នុងចិត្ត ពី"សុទិដ្ឋិនិយមដោយប្រយ័ត្នប្រយ៉ែង"នេះឡើង មិនមែនខ្ញុំគ្មានការទុកចិត្ត នៅអនាគតកាល នោះទេ តែគឺមកពីខ្ញុំមិនចង់ជំរុញ អោយមានការទុកចិត្តមួយ តាមបែបងងឹតងងល់នោះ។»
ទោះបីជារដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ឈប់បាញ់ជាមួយ ក្រុមជាតិពិន្ធុជាច្រើន ដែលបានបះបោរនោះក៏ដោយ ក៏ការបង្កហេតុនានា នៅមិនទាន់បានបញ្ឈប់នៅឡើយ នៅក្នុងប្រទេសភូមា។ លោកស្រីបានលើកពី ជម្លោះខ្លះៗដែល បានកើតឡើង ដូចជាការប្រឈមមុខ រវាងសហគមន៍អ្នកកាន់សាសនាព្រះពុទ្ធ និងក្រុមអ្នកកាន់សាសនា អ៊ីស្លាម ក៏ព្រមទាំងការប្រយុទ្ធដែលបានកើតមានឡើងជាមួយនឹង ក្រុមបណ្ដាជន រ៉ាកឃីន (Rakhines) នោះជាដើម។ តាំងពី ថ្ងៃទី២៨ឧសភាមក កាសែតផ្លូវការរបស់ភូមា បានរាយការណ៍ថា ជម្លោះរវាងសហគមន៍ នៅខាងលិចប្រទេស បាន សម្លាប់មនុស្សប្រមាណជា ៥០នាក់។
«មាតាប្រជាធិបតេយ្យ»
រង្វាន់ណូប៊ែលសន្តិភាពនេះ ត្រូវបានគេសម្រេចជូនលោកស្រី តាំងពីឆ្នាំ១៩៩១ ខណៈដែលលោកស្រីត្រូវគេបង្ខាំង នៅក្នុងគេហដ្ឋាន ដែលជាការលើកទឹកចិត្តមួយយ៉ាងធំ ក្នុងការបន្តប្រយុទ្ធ និង«បានបើកទ្វានៅក្នុងបេះដូង» របស់ លោកស្រី។ នៅក្នុងការថ្លែងរបស់លោកស្រីនេះ លោកស្រីបានប្រកាសអោយដឹងថា «មានអ្នកទោសមនសិការម្នាក់ គឺជារឿងដែលហួសហេតុមួយ ក្នុងចំណោម [...] ដូច្នេះសូមអ្នកកុំភ្លេចពួកគេ ហើយធ្វើនូវអ្វីៗដែលអ្នកអាចធ្វើបាន ដើម្បីឈានទៅដល់ការដោះលែងពួកគេ អោយមានសេរីភាព។»
លោកស្រីបានរំលឹកថា «គឺដោយសារការផ្លាស់ប្ដូរនេះ នៅក្នុងប្រទេសរបស់ខ្ញុំ ដែលធ្វើអោយខ្ញុំ នៅជាមួយលោកអ្នកនៅ ថ្ងៃនេះ។» ហើយនៅក្រោយការថ្លែងសុន្ទរកថា របស់លោកស្រី សំលេងទះដៃដ៏កងរំពង បានលាន់ចេញពីហ្វូងមនុស្ស រាប់ពាន់អ្នក មានគ្រប់ជាតិសាសន៍ នៅខាងមុខសាលាក្រុង និងសារមន្ទី ណូប៊ែល។ លោកស្រីបានបន្តដំណើរ ទៅ ទស្សនាការតាំងពិពរណ៌មួយ ដែលសារមន្ទី ណូប៊ែល បានរៀបចំជាពិសេស សំរាប់លោកស្រី នៅក្រោមប្រធានបទ «មាតាប្រជាធិបតេយ្យ»។
តាំងពីរង្វាន់ ណូប៊ែលសន្តិភាព ត្រូវបានសម្រេចជូនលោកស្រី កាលពីឆ្នាំ១៩៩១ នោះមក លោកស្រី អ៊ុងសាន ស៊ូជី បានក្លាយជានិមិត្តរូប ដ៏សំខាន់មួយរបស់ពិភពលោក ក្នុងការដឹកនាំប្រយុទ្ធតស៊ូដោយអហឹង្សា។ នៅក្នុងដំណើរ ទស្សនកិច្ចជាលើកដំបូង នៅក្រៅប្រទេស តាំងពីម្ភៃបួនឆ្នាំកន្លងមកនេះ លោកស្រីនឹងចាកចេញពី ណ័រវ៉េស និងស្វីស ហើយបន្តដំណើរទៅអង់គ្លេស អ៊ៀរឡង់ និងទីបញ្ចប់ នៅបារាំង៕
---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២
ជាមួយនឹងប្រភពពត៌មាន៖ ទីភា្នក់ងារសារពត៌មានបារាំង AFP