អ្នកវិភាគនិយាយពីស្ដេច ដែលគ្មានអំណាចខុសពីរដ្ឋធម្មនុញ្ញ
«វាមិនល្អទេ បើមហាក្សត្រ និងនាយករដ្ឋមន្ត្រីទាស់គ្នា» នេះ ជាព្រះរាជឱង្ការរបស់អតីតព្រះមហាក្សត្រ ដែលត្រូវបានលោក ឡៅ ម៉ុងហៃ ស្រង់យកមកបញ្ជាក់ បន្ទាប់ពីអ្នកជំនាញខាងបញ្ហាសង្គម និងនយោបាយកម្ពុជារូបនេះ បានស្នើនៅពេលនោះ «សុំផ្ទាល់ទៅព្រះករុណាចាស់ (ព្រះបាទ នរោត្ដម សីហនុ) ឲ្យប្រើប្រាស់អំណាច របស់លោកដែលចែងក្នុងរដ្ឋធម្មនុញ្ញ»។
បន្ទាប់ពីព្រះរាជឱង្ការតប របស់ព្រះអង្គរួច លោក ឡៅ ម៉ុងហៃ បានពន្យល់ថា រឿងហ្នឹង ក៏«ចប់ត្រឹមហ្នឹងទៅ»។ អ្នកវិភាគបានបង្ហើបទៀតថា៖ «ម្តងនោះ ខ្ញុំជជែកតឹងមាត់តឹងក អំពីអំណាចស្តេច ជាមួយចៅហ្វាវាំង គង់ សំអុល នៅមុខលោក។ តែលោកឃាត់ ហើយបង្វែរទៅនិយាយរឿងផ្សេង។»។
នៅក្នុងជំពូកទី២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ស្ដីពីព្រះមហាក្សត្រ ដែលមាន២៤មាត្រា បានចែងយ៉ាងច្រើន អំពីព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រ បើទោះជាព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យ តែមិនមានអំណាចក៏ដោយ។ [...]