អ្នក​វិភាគ​និយាយ​ពី​ស្ដេច ដែល​គ្មាន​អំណាច​ខុស​ពី​រដ្ឋធម្មនុញ្ញ

បើទោះរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ព្រះមហាក្សត្រសោយរាជ្យសម្បត្តិ ដោយគ្មានអំណាចក៏ដោយ តែព្រះអង្គនៅមានព្រះរាជសិទ្ធិមួយចំនួន ដែលច្បាប់ដ៏កំពូលនេះ បានប្រគល់ថ្វាយទ្រង់។ ប៉ុន្តែព្រះរាជសិទ្ធិនេះ មិនមានការអនុវត្តទេ រាប់ពីរជ្ជកាលស្ដេ​ចមុន រហូតមកដល់រជ្ជកាលស្ដេចបច្ចុប្បន្ន។ នេះ បើតាមលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ពីបញ្ហានយោបាយនៅកម្ពុជា។
អ្នក​វិភាគ​និយាយ​ពី​ស្ដេច ដែល​គ្មាន​អំណាច​ខុស​ពី​រដ្ឋធម្មនុញ្ញ
ពីឆ្វេងទៅស្ដាំ៖ ព្រះឆាយាលក្ខណ៍របស់ព្រះរាជាបច្ចុប្បន្ន ព្រះបាទ នរោត្ដម សីហមុនី និងអតីតព្រះរាជា ព្រះបាទ នរោត្ដម សីហនុ។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 06, 2018
  • ប្រធានបទ: វិភាគ​នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«វាមិនល្អទេ បើមហាក្សត្រ និងនាយករដ្ឋមន្ត្រីទាស់គ្នា» នេះ ជាព្រះរាជឱង្ការរបស់អតីតព្រះមហាក្សត្រ ដែលត្រូវបានលោក ឡៅ ម៉ុងហៃ ស្រង់យកមកបញ្ជាក់ បន្ទាប់ពីអ្នកជំនាញខាងបញ្ហាសង្គម និងនយោបាយកម្ពុជារូបនេះ បានស្នើនៅពេលនោះ «សុំផ្ទាល់ទៅព្រះករុណាចាស់ (ព្រះបាទ នរោត្ដម សីហនុ) ឲ្យប្រើប្រាស់អំណាច របស់លោក​​ដែលចែង​ក្នុងរដ្ឋធម្មនុញ្ញ»។

បន្ទាប់ពីព្រះរាជឱង្ការតប របស់ព្រះអង្គរួច លោក ឡៅ ម៉ុងហៃ បានពន្យល់ថា រឿងហ្នឹង ក៏«ចប់ត្រឹមហ្នឹងទៅ»។ អ្នកវិភាគបានបង្ហើបទៀតថា៖ «ម្តងនោះ ខ្ញុំជជែកតឹងមាត់តឹងក អំពីអំណាចស្តេច ជាមួយចៅហ្វាវាំង គង់ សំអុល នៅមុខលោក។ តែលោកឃាត់ ហើយបង្វែរទៅនិយាយរឿងផ្សេង។»។

នៅក្នុងជំពូកទី២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ស្ដីពីព្រះមហាក្សត្រ ដែលមាន២៤មាត្រា បានចែងយ៉ាងច្រើន អំពីព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រ បើទោះជាព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យ តែមិនមានអំណាចក៏ដោយ។ ព្រះរាជសិទ្ធិនោះ រួមមាន ​ទ្រង់​ជា​មេ​បញ្ជា​ការ​កំពូល​ នៃ​កង​យោធពល​ខេមរភូមិន្ទ (មាត្រា២៣) ទ្រង់​គង់​ជា​ព្រះអធិបតី​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ (មាត្រា២៤ថ្មី) និងទ្រង់​មាន​ព្រះរាជ​សិទ្ធិ​ បន្ធូរបន្ថយ​ទោស​ និងលើក​លែង​ទោស (មាត្រា២៧) ជាដើម។ 

នៅក្នុងជំពូកទី ១៤ នៃរដ្ឋធម្មនុញ្ញ ស្ដីពីសមាជជាតិ ក៏មានចែងដែរថា ព្រះមហាក្សត្រ គឺជាព្រះរាជាធិបតីភាព (មាត្រា១៤៨ថ្មី) នៃសមាជជាតិទាំងនោះ ដែលត្រូវប្រព្រឹត្តិធ្វើ រៀងរាល់​មួយឆ្នាំម្ដង នៅដើមខែធ្នូ។ រាល់ព្រះរាជសិទ្ធិ ជាអាទិ៍ខាងលើ មិនត្រូវបានរដ្ឋធម្មនុញ្ញចែងថា ចាំបាច់ត្រូវបានមានការទូលសុំ ឬការឯកភាព ពីនាយករដ្ឋមន្ត្រីនោះឡើយ។

ផ្ទុយទៅវិញ ព្រះរាជសិទ្ធិទាំងនេះ មិនមានការអនុវត្តជាក់ស្ដែងទេ។ លោក ឡៅ ម៉ុងហៃ បានសម្ដែងការខកចិត្ត ដោយលោកថា ព្រះមហាក្សត្រទាំងពីរព្រះអង្គ (ព្រះបាទ នរោត្ដម សីហនុ និងព្រះបាទ នរោត្ដម សីហមុនី) «មិនអាចបំពេញតួនាទី និងប្រើប្រាស់សិទ្ធិអំណាច ដូចមានកំណត់ ក្នុងរដ្ឋធម្មនុញ្ញបាន»។

អ្នកជំនាញខាងកិច្ចការសង្គម និងនយោបាយរូបនេះ បានលើកឡើងថា៖ «ព្រះអង្គជាមេបញ្ជាកំពូល តែមិនដែលឃើញ ព្រះអង្គគ្រងឯកសណ្ឋានយោធានិងត្រួតពលឡើយ។ ព្រះអង្គ គង់ជាព្រះអធិបតីសមាជជាតិ តែអត់មានសមាជជាតិ [ដើម្បី]នឹងធ្វើជាព្រះអធិបតី។ ព្រះអង្គមានព្រះរាជសិទ្ធិលើកលែងទោស និងបន្ធូរបន្ថយទោស តែព្រះអង្គមិនអាចប្រើប្រាស់សិទ្ធិនេះ ដោយព្រះអង្គឯងបាន។»។

ជារឿយៗ ក្រុមអ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលឯករាជ្យជាច្រើននាក់ តែងធ្វើការរិះគន់ថា រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលមួយនេះ ហាក់ត្រូវបានចោះៗ យកមកអនុវត្ត ទៅតាមតែការចង់បាន របស់រដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុណ្ណោះ។ ព្រះរាជសិទ្ធិខាងលើ របស់ព្រះមហាក្សត្រ ក៏បានរងការរិះគន់ដែរថា ថាមិនត្រូវបានអនុវត្ត ឲ្យបានពេញលេញទេ។

កាលពីប៉ុន្មានខែមុន មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ថែមទាំងបានបរិហារ ដោយត្រង់ៗថា ព្រះមហាក្សត្រសព្វថ្ងៃ គឺជាចំណាប់ខ្មាំង របស់លោក ហ៊ុន សែន នោះទៀតផង។ ប៉ុន្តែការបរិហាររបស់លោក សម រង្ស៊ី ទទួលបានលទ្ធផលមកវិញ ដោយបណ្ដឹងមួយ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ដាក់ទៅកាន់ទៅតុលាការ ប្ដឹងអតីតប្រធានគណបក្សប្រឆាំង ពីបទប្រមាថព្រះមហាក្សត្រ។

ចំពោះលោក ឡៅ ម៉ុងហៃ វិញ បានសង្កេតឃើញថា៖ «ស្តេចយើង ក៏ដូចជាអ្នកឯទៀតក្តី មិនចង់ដោះស្រាយបែបសកម្ម ច្រើនតែ [ដោះស្រាយតាមបែប] អសកម្ម គេចចេញពីបញ្ហា ទុកឲ្យពេលវេលាដោះស្រាយ ឬភាគីនៃបញ្ហា សម្របសម្រួលទៅវិញ។ ដូចជា លោកមិនពេញចិត្តនឹងច្បាប់ណាមួយ លោកច្រើនគេច ទៅក្រៅប្រទេស ទុកឲ្យប្រមុខរដ្ឋស្តី ចុះហត្ថលេខាជំនួស។»។

អ្នកវិភាគបានថ្លែងបន្តថា៖ «លោក គួរតែបញ្ចេញទស្សន:ដោយស្ងាត់ៗ ជាមួយនាយករដ្ឋមន្ត្រី ឬដោយចំហរ ថាលោកមិនអាចចុះហត្ថលេខាបានទេ ដោយហេតុអញ្ចេះអញ្ចុះទៅ។ ឆ្នាំទៅ ខ្ញុំជំទាស៎នឹងច្បាប់មួយចំនួន ហើយសុំស្តេចបច្ចុប្បន្ន កុំចុះហត្ថលេខា ដោយលើកឧទាហរណ៍ស្តេច​បែលហ្សីក  ដែលសុខចិត្តសុំដាក់រាជ្យ មិនចុះហត្ថលេខាលើច្បាប់ ដែលប៉ះពាល់ដល់មនសិការលោក។»។

យ៉ាងណា ពាក្យ​«មនសិការ»ប៉ុន្មានម៉ាត់នេះ ហាក់គ្មានន័យប៉ុន្មានឡើយ សម្រាប់លោក ហ៊ុន សែន។ កាលពីឆ្នាំ២០០៥ បុរសខ្លាំងកម្ពុជា ធ្លាប់គម្រាម រំលាយរបបរាជានិយមកម្ពុជា ចោលម្ដងហើយ បន្ទាប់ពីអតីតព្រះមហាក្សត្រ បានអនុវត្តតាម «មនសិការ» របស់ទ្រង់ មិនឡាយព្រះហស្ថលេខា ទៅលើសន្ធិសញ្ញាបំពេញបន្ថែម ដែលក្រុមអ្នក​រិះគន់​ចាត់​ទុកថា ជាអត្ថបទច្បាប់ ដែលទទួលស្គាល់​សន្ធិសញ្ញាខុសច្បាប់​ទាំងឡាយ ដែលត្រូវបានធ្វើឡើង ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លើកបន្តុប​ឡើង​ដោយក្រុង​ហាណូយ និងដែលបានធ្វើឲ្យប្រទេសកម្ពុជា បាត់ទឹកដីរបស់ខ្លួន ទៅឲ្យប្រទេសវៀតណាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...