ហ៊ុន សែន៖ សម រង្ស៊ី នឹងមិនត្រឡប់មកស្រុកខ្មែរវិញ មួយជីវិត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 15, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មើលអ្នកក្លាហាន សូមអញ្ជើញ! ទ្វារចំហរហើយ!» នេះជាសំដីចំអក របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា តបទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅមួយថ្ងៃ បន្ទាប់ពីបុរសខ្លាំងកម្ពុជារូបនេះ បានលុបចោលនូវបទបញ្ជា ដែលហាមប្រាមក្រុមហ៊ុនយន្ដហោះ មិនឲ្យដឹកមេដឹកនាំប្រឆាំងត្រឡប់ចូលកម្ពុជាវិញ។ លោកនាយករដ្ឋមន្ត្រី នៅបានអះអាងទៀតថា លោក សម រង្ស៊ី នឹងមិនអាចត្រឡប់មកកម្ពុជាវិញ អស់មួយជីវិត ដោយសារ«គុក» នៅរង់ចាំលោក។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានថ្លែងថា៖ «ពីមុនខ្ញុំគិតសុវត្ថិភាពលោក (លោក សម រង្ស៊ី) តែឥឡូវដោយសារលោកថាមកភ្លាម ខ្ញុំក៏អុកភ្លាមដែរ។ អត់ទាន់បាន ១០ម៉ោងផង ប្តូរចិត្តថាអត់មកទេ។ អ៊ីចឹង បានក្នុងបទអត្ថាធិប្បាយបិទកន្ទុយចុងក្រោយរបស់ខ្ញុំ លើកជាសំណួរថា អ្វីជាឧបសគ្គ សម្រាប់ការវិលត្រឡប់ គឺគុក។ ហើយបើគុក ជាឧបសគ្គ មួយជីវិតនេះ គាត់អត់មកទេ»។
កាលពីម្សិលម៉ិញ រដ្ឋាភិបាលកម្ពុជាបានលុបចោល នូវសេចក្ដីសម្រេចមួយរបស់ខ្លួន ដែលចេញក្នុងខែតុលា ឆ្នាំ២០១៦ ហាមប្រាមទៅក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ដែលមានជើរហោះហើរ មកកម្ពុជា មិនឲ្យទទួលយកលោក សម រង្ស៊ី ឲ្យជិះក្នុងយន្ដហោះ ឬបើមិនដូច្នេះទេ យន្ដហោះដែលមានដឹកលោក សម រង្ស៊ី នឹងត្រូវបញ្ជាឲ្យហោះត្រឡប់ ទៅព្រលានយន្ដហោះដើមវិញ ឬចាត់វិធានការ ដើម្បីឃាត់ខ្លួនលោក សម រង្ស៊ី មិនឲ្យចេញពីព្រលានយន្ដហោះជាដើម។
» អានអត្ថបទទាក់ទង៖ រដ្ឋាភិបាលលុបចោលបម្រាមហាម សម រង្ស៊ី វិលមកកម្ពុជាវិញ
ការលុបចោល នូវសេចក្ដីសម្រេចនេះ ធ្វើឡើងនៅក្រោយការថ្លែងរបស់លោក សម រង្ស៊ី ក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុអាស៊ីសេរី កាលពីមួយថ្ងៃមុន ដែលអះអាងថា លោកនឹងត្រឡប់ចូលប្រទេសកម្ពុជាវិញ បើសិនជារដ្ឋាភិបាលកម្ពុជា លុបចោលបំរាម ដែលបានរារាំងរូបលោក នាពេលកន្លងមក និងបើទោះជាលោកត្រូវជាប់ពន្ធនាគារក៏ដោយ។
នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានបន្តពន្យល់ថា សេចក្ដីសម្រេចក្នុងឆ្នាំ២០១៦ ដែលរារាំងដំណើរលោក សម រង្ស៊ី មិនឲ្យត្រឡប់ចូលកម្ពុជាវិញនោះ ត្រូវបានធ្វើឡើង គឺដើម្បីការពារសុវត្ថិភាព ជូនលោក សម រង្ស៊ី និងដើម្បីបញ្ជៀសការបង្ហូរឈាម។
លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «តាមពិតអា ស.ជ.ណ មុន មានគោលដៅការពារសុវត្ថិភាពជីវិតរបស់គាត់ (លោក សម រង្ស៊ី) តែម្តង សុខចិត្តឲ្យគេដៀលត្មេះ។ សុខចិត្តឲ្យត្មេះដៀល តែមិនចង់ឲ្យឃើញឈាមខ្មែរហូរទេ។ បំរាមមុន ក្នុងគោលដៅបញ្ចៀសគ្រោះថ្នាក់ មិនមែនបិទសិទ្ធិ។ ប៉ុន្តែគាត់ (លោក សម រង្ស៊ី) យកទៅជាបញ្ហាថា យើងបិទសិទ្ធិទៅវិញ តែសម្រាប់អ្នកគ្រប់គ្រងប្រទេស យើងមិនចង់ឲ្យមានហិង្សាកើតឡើងទេ ព្រោះតែចុះដល់ដីច្បាស់ណាស់ថា ការចាប់ខ្លួនមួយ នឹងត្រូវធ្វើហើយ។ នេះជាអំណាចតុលាការ បញ្ជាដោយព្រះរាជអាជ្ញា និងនគរបាលយុត្តិធម៌ គេទៅចាប់ហើយ ជាប់គុកប៉ុន្មានអីប៉ុន្មាននោះ ជាអំណាចសាលក្រម»។»។
កាលពីយប់ម៉ិញ (ព្រឹកព្រហាមនៅកម្ពុជា) លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន នៅឯបរទេស ដើម្បីគេចចេញពីការចាប់ចង ពីសំណាក់អាជ្ញាធរកម្ពុជា នៅក្នុងសំណុំរឿងក្ដីជាច្រើន នៅឯតុលាការកម្ពុជានោះ បានពន្យល់ថា លោកចង់ឲ្យមានការធានា ពីការបោះបង់ចោល នូវគម្រោងរបស់លោក ហ៊ុន សែន ទាក់ទងនឹងការកំចាត់ចោល នូវបណ្ដាជនប្រឆាំង ១០០ ទៅ២០០នាក់ នៅមុនលោកត្រឡប់ចូលប្រទេសកម្ពុជាវិញ។
ជាមួយនឹងរូបភាពចំអកមួយផង (រូបភាពខាងក្រោម) លោក សម រង្ស៊ី បានសរសេរនៅលើបណ្ដាញសង្គមថា៖ «មុននឹងវិលត្រឡប់ មកប្រទេសកម្ពុជាវិញ ខ្ញុំត្រូវការឲ្យលោក ហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រមបោះបង់គម្រោងរបស់គាត់ ដែលចង់ "កំចាត់មនុស្សពី ១០០ ទៅ ២០០ នាក់" ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះ ត្រូវបានគាត់ប្រកាសជាសាធារណៈ [កាលពីពេល]ថ្មីៗនេះ។ ខ្ញុំដឹងថា តាំងតែពីឆ្នាំ១៩៩៧ ខ្ញុំជាមនុស្សទី១ នៅលើបញ្ជីខ្មៅរបស់គាត់ ហើយខ្ញុំក៏ដឹងដែរថា គាត់បានរក្សាផ្នត់គំនិត និងទម្លាប់ខ្មែរក្រហម តាំងតែពីគាត់ ធ្វើជាមេទ័ពខ្មែរក្រហម ក្រោមរបប ប៉ុល ពត។»។
រីឯអ្នកឃ្លាំមើលស្ថានការណ៍ នយោបាយកម្ពុជាវិញ បាននិយាយថា ការលុបចោលសេចក្ដីសម្រេច ដែលគ្មានការលើកលែងទោស ទាក់ទងនឹងករណីលោក សម រង្ស៊ី នេះ ពិតជាមិនបានធ្វើឲ្យការប្រកួតប្រជែងផ្នែកនយោបាយ នឹងត្រូវធ្វើឡើង ដោយស្មើភាពនោះទេ ជាពិសេសនៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ។ លោក មឿង តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «Central» បានអះអាងថា៖ «ការលុបចោលលិខិតហាមឃាត់នោះ មិនមានន័យថា គាត់បានផុតទោស ដែលត្រូវបានចោទប្រកាន់កន្លងមកនោះទេ។ ហេតុនេះ ត្រូវការការទម្លាក់ចោល បទចោទនានា និងការលើកលែងទោសពីព្រះមហាក្សត្រ លើទោសទាំងអស់ ដែលគាត់ត្រូវរងការចោទប្រកាន់ ក្នុងសាលក្រមស្ថាពរ។»។
ប៉ុន្តែការលើកលែងទោសណាមួយនោះ ត្រូវបានលោក ហ៊ុន សែន ប្រកាសច្រានចោលរួចជាស្រេច នៅព្រឹកថ្ងៃនេះដដែល។ នាយករដ្ឋមន្ត្រីកម្ពុជា នៅបានចំអកបន្ថែម ឲ្យលោក សម រង្ស៊ី ដែលចង់មកប្រកួតប្រជែងជាមួយលោក ក្នុងការបោះឆ្នោតខាងមុខ ខណៈអតីតប្រធានគណបក្សសង្គ្រោះជាតិ អស់មានតំណែងអ្វី នៅក្នុងគណបក្សនយោបាយ នៅកម្ពុជាទៀតហើយ។ លោកថា បើចង់មកប្រកួតប្រជែងជាមួយលោក ត្រូវប្រកួតប្រជែង នៅក្នុងគណបក្សឲ្យឈ្នះជាមុនសិនទៅ៕