ហ៊ុន សែនថាបើ​បក្ស​ប្រឆាំង​ឈ្នះ​ នឹង​​មាន​របប​​ខ្មែរ​ក្រហម តែ​កឹម សុខា​ថា​មេ​ខ្មែរ​ក្រហម​គឹ​ហ៊ុន សែន

Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: May 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុងកែប៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្តែងៗ ដោយព្រមានជាសាធារណៈពីទីរួមខេត្តកែបថា បើសិនជា គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ឈ្នះការបោះឆ្នោត​តំណាងរាស្ត្រនីតិកាលទី៥ នាខែកក្កដា ខាងមុខ របបបប្រល័យពូជសាសន៍ខ្មែរក្រហម នឹងវិលមកវិញដោយសារតែ​គណបក្សប្រឆាំងនេះ បានសន្យាថានឹងលុបបំណុលរបស់ប្រជាពលរដ្ឋ ដែលជំពាក់ធនាគារទាំងអស់ បើគណបក្សនេះ​ឈ្នះឆ្នោត។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា របស់គណបក្សប្រជាជនកម្ពុជានៅខេត្តកែប នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតប ទៅនឹងការលើកឡើងរបស់គណបក្សប្រឆាំងថា គណបក្ស​ប្រឆាំងបានឃោសនាដោយបានសន្យាជាមួយប្រជាជនថា នៅពេលដែលខ្លួនឈ្នះ ខ្លួននឹងលុបបំណុលទាំងអស់ ដែល​ប្រជាជនជំពាក់ធនាគារ គឺមិនឲ្យមានតទៅទៀតទេ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានមានប្រសាសន៍ថា៖ «របបអាពត ខ្មែរក្រហមនឹងអាចកើតមានម្តងទៀត ពីព្រោះមុននឹងឈានទៅលុបបំណុល បានលុះត្រាតែលុបចោលនូវច្បាប់នានា ពាក់ព័ន្ធនឹងធនាគារ នោះទើបអាចលុបបំណុលរបស់អ្នកជំពាក់បាន ដូច្នេះវាមិនខុសអីពីរបបប៉ុលពតទេ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ចំអកឡកឡីយទៅដល់គណបក្សប្រឆាំងថា បើសិនជាមានការ​រំលាយបំណុលធនាគារមែននោះ គឺរបបរបស់បក្សប្រឆាំង នឹងក្លាយជារបបខ្មែរក្រហមពិតប្រាកដមែន។ លោកនាយក​រដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ៖«ផ្ទុយទៅវិញ បើសិនជាក្រុមបក្សប្រឆាំងមិនហ៊ានលុបចោល បំណុលតាមការ​សន្យា​ទេនោះ ការឃោសនាសន្យារបស់គេ គឺគ្រាន់តែជាការបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ»។

លោកនាយករដ្ឋមន្ត្រីបានឆ្លើយតប ទៅកាន់គណបក្សប្រឆាំងតាមបែបផ្ចាញ់ផ្ចាលថា គណបក្សប្រឆាំងដែលបាន​លើក​ឡើងថា លោកកំពុងតែភ័យខ្លាចចាញ់បក្សប្រឆាំង គួរតែគិតមើលអំពីលទ្ធិផលការបោះឆ្នោតឡើងវិញ ពីព្រោះនៅ​ពេល​បោះឆ្នោត ឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជាភ័យរហូតដល់ឡើងកៅអីពី ៦៤ ទៅដល់ ៧៣ ហើយនៅឆ្នាំ២០០៨ ភ័យក៏បានបន្តឡើងពី ៧៣ រហូតដល់ ៩០ កៅអីតែម្តង។ លោកបានថ្លែងបែបចំអកទៀតថា ៖ «បើគណបក្សប្រឆាំងខ្លាំង យកឈ្នះតែមួយកៅអីនៅខេត្តកែបទៅវាល្អហើយ ពីព្រោះការយកឈ្នះគណបក្សប្រជាជនកម្ពុជាវាទៅមិនរួចនោះទេ ហើយសូម្បីតែប្អូនរបស់ខ្លួនក៏មិនអាចនៅជាមួយបានដែរ តើឲ្យពលរដ្ឋជឿយ៉ាងម៉េចកើត»។

ឆ្លើយតបទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក៏បានឆ្លើយតបវាយបកបែបចំអក ទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា អ្វីដែលនាយករដ្ឋមន្ត្រីហ៊ុន សែន និយាយ​គឺ​គាត់​និយាយបែបបញ្ច្រាស់ ពីព្រោះរូបគាត់នេះហើយ (ធ្លាប់)ជាមេខ្មែរក្រហម។ លោកបានឲ្យដឹងទៀតថា ៖«ពួកយើងពុំដែល​មានអាវុធទេ ហើយក៏ពុំដែលទាក់ទងជាមួយប្រទេសកម្មុនីសយូន ចិនទេ អ្វីដែលគាត់និយាយគឺបំភ្លឺស»។

លោកកឹម សុខា បានឲ្យដឹងទៀតថា បើសិនជាចង់មានតម្លាភាពនោះ គឺលោកហ៊ុន សែន បើកវេទិការ និយាយតទល់គ្នា​ជា​មួយរូបលោក នៅក្នុងកម្មវិធីទូរសទ្សន៍ដើម្បីឲ្យដឹងថា តើគោលការណ៍គណបក្សនយោបាយណាខ្មែរក្រហម គោលការណ៍​គណបក្សណាប្រជាធិបតេយ្យ គឺប្រជាជនលោកជាអ្នកវាយតម្លៃដោយខ្លួនឯង។

តាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើស​តំណាង​រាស្ត្រនីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ដែលមានគណបក្សនយោបាយចំនួន៨ ដែលបានចូលរួម​ប្រកួត​ប្រជែង ហើយនៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះ គ.ជ.ប នឹងមានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់​លេខ​រាង​ឈ្មោះគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ក្រុងកែប ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...