វៀតណាមត្រៀមចេញផ្សាយវចនានុក្រម ខ្មែរ-យួន ជាផ្លូវការ
ទីភ្នាក់ងារព័ត៌មានផ្លូវការ «VNA» របស់វៀតណាម បានបញ្ជាក់ថា គម្រោងចងក្រងវចនានុក្រម ទ្វេរភាសា ខ្មែរ-យួន យួន-ខ្មែរ នេះ ជាគំនិតរៀបចំឡើងដោយរដ្ឋាភិបាលកុម្មុយនីសក្រុង ហាណូយ ដែលបានចាត់ឲ្យក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម ជាអ្នកទទួលបន្ទុក និងប្រគល់ជាបន្ទាប់ ទៅឲ្យសាកលវិទ្យាល័យ ត្រាវិញ (Trà Vinh) ដែលស្ថិតក្នុងអតីតខេត្តព្រះត្រពាំង (ខេត្តមួយនៃទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នជាខេត្តត្រាវិញ) ជាអ្នកអនុវត្តផ្ទាល់។
ទីភ្នាក់ងារព័ត៌មាន នៃរបបកុម្មុយនីស្ដ បានស្រង់សំដីរបស់សាស្ត្រាចារ្យវៀតណាម លោក ង្វៀន ស៊ី ទ្វឹន (Nguyên Sy Tuân) ដែលជាសមាជិកម្នាក់ នៃក្រុមចងក្រងវចនានុក្រម មកបញ្ជាក់ថា គម្រោងខាងលើ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់សិស្ស និងនិស្សិត ដែលរៀនភាសាខ្មែរ-យួន និងជាពិសេសសម្រាប់បណ្ដាជនខ្មែរ ទាំងជាង១,៤លាននាក់ ដែលរស់នៅលើទឹកដីកម្ពុជាក្រោម (វៀតណាមហៅ «Nam Bô»)។