គង្គ ប៊ុនឈឿន កវីស្ទឹងសង្កែបានលាចាកលោកហើយ
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មេសា ២០១៦
- កែប្រែចុងក្រោយ: April 17, 2016
- ប្រធានបទ: វីរៈជន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការចាកចេញ ដោយគ្មានពេលវិលត្រឡប់ និងមិនអាចរកពាក្យអ្វី មកថ្លែងជំនួសការសោកស្ដាយ បានឡើយ។ គឺលោក មុត ថារី ដែលជាកូនប្រសារ ជាអ្នកប្រកាស នូវដំណឹងដ៏រន្ធត់នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីប៉ុន្មានម៉ោងមុននេះ។
លោក គង្គ ប៊ុនឈឿន កវីដែលនៅសល់ពីសង្គមចាស់ បានលាចាកលោកយើងនេះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសណ័រវេស វេលាម៉ោង ០៧ និង២០នាទី ម៉ោងក្នុងស្រុក។
លោក មុត ថារី បានថ្លែងប្រាប់ សារព័ត៌មានក្នុងប្រទេសកម្ពុជាមួយថា លោកឪពុកក្មេករបស់លោក បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ បន្ទាប់ពីម្ចាស់កម្រងចម្រៀង ស្ទឹងសង្កែរូបនេះ បានរងនូវជំងឺមហារីក អស់ជាច្រើនឆ្នាំកន្លងមក។ ធាតុរបស់លោក គង្គ ប៊ុនឈឿន គ្រោងនឹងយកមកបញ្ចុះ នៅអាស្រម ឬមណ្ឌលមួយនៅក្នុងវត្តត្រពាំងគិន នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើបុណ្យសព នៅក្នុងប្រទេសណ័រវេសរួចរាល់។
អ្នកនិពន្ធជើងចាស់ ដែលមានគ្រប់ស្នារដៃ ទាំងចម្រៀង កំណាព្យ ប្រលោមលោក ភាពយន្ដ បានចាប់កំណើត នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ១៩៣៩ នៅភូមិ-ឃុំ-ស្រុកចំការសំរោង ខេត្តបាត់ដំបង។ ឪពុករបស់លោក ឈ្មោះ គង់ ឈិន ជាអ្នកស្រុកតាកែវ ខណៈម្ដាយរបស់លោក ឈ្មោះ ម៉រ ភីង ជាអ្នកស្រុកបាត់ដំបង។
យុវជន គង្គ ប៊ុនឈឿន ដែលមាននិស្ស័យខាងតែងនិពន្ធ តាំងពីតូចក្រូចឆ្មារ បានចាប់ផ្ដើមប្រឡូក ចូលក្នុងវិស័យតែងនិពន្ធច្បាស់លាស់ នៅខណៈពេលដែលយុវជន ទើបតែមានអាយុ ១៦ឆ្នាំ គឺនៅឆ្នាំ១៩៥៥។ បន្ទាប់មក នៅឆ្នាំ១៩៥៧ យុវជន ប៊ុនឈឿន បានដណ្ដើមជ័យលាភី បានលេខមួយ នៅក្នុងមហាស្រពអក្សរសិល្ប៍មួយ នាខេត្តបាត់ដំបង ជាមួយនឹងស្នាដៃ «ស្នេហារលុះអវសាន្ត»។
នៅឆ្នាំ២០០០ លោក គង្គ ប៊ុនឈឿន ដែលពេលនោះ មានអាយុ៦១ឆ្នាំ បានក្លាយជាអ្នកនិពន្ឋខ្មែរទី២ បន្ចាប់ពីលោក ពេជ្រ ទុំក្រវិល ដែលទទួលបានជ័យលាភី ស្នាដៃតែងនិពន្ធក្របខណ្ឌអាស៊ាន។
នៅខែកក្កដា ឆ្នាំ២០០០ លោក គង្គ ប៊ុនឈឿន បានសរសរប្រលោមលោកមួយ មានចំណងជើងថា«វាសនានាង ម៉ារីណា» ដោយដកស្រង់ យកសាច់រឿងពិត នៃស្នេហាត្រីកោណ របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដ៏មានអំណាចម្នាក់ និងកញ្ញា តាត ម៉ារីណា (អតីតតារាសម្ដែង) យកលាតត្រដាង។
បន្ទាប់ពីសៀវភៅនេះ ត្រូវបានបោះពុម្ភផ្សាយ លោក គង្គ ប៊ុនឈឿន បានរងការគំរាមសំលាប់ ទាំងគ្រួសារជាញឹកញាប់ ដែលជាហេតុធ្វើឲ្យលោក និងគ្រួសារបង្ខំចិត្តរត់ភៀសខ្លួន ទៅកាន់ប្រទេសថៃ និងនៅទីបំផុត ទទួលបានសិទ្ធិរស់នៅ ជាជនភៀសខ្លួន នៅក្នុងប្រទេសណ័រវ៉េស រហូតដល់សព្វថ្ងៃ៕