អាមេរិកប្រតិកម្មករណីយន្ដហោះប្រដេញរ៉ូស្ស៊ី ស្ទាក់ចាប់យន្ដហោះឈ្លបការណ៍របស់ខ្លួន
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៧ មេសា ២០១៦
- កែប្រែចុងក្រោយ: April 17, 2016
- ប្រធានបទ: អាមេរិក-រ៉ូស្ស៊ី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបះទង្គិចសារជាថ្មីទៀត បានកើតឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសរ៉ូស្ស៊ី នៅថ្ងៃព្រហស្បត្តិ៍កន្លងមក។ នេះ ជាការអះអាងកាលពីថ្ងៃសៅរ៍ របស់អ្នកស្រី ឡ័រ៉ា សៀល (Laura Seal) អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក)។ យន្ដហោះយោធាឈ្លបការណ៍មួយគ្រឿង របស់កងទ័ពអាមេរិក ត្រូវបានស្ទាក់ចាប់ ដោយយន្ដហោះប្រដេញ របស់កងទ័ពរ៉ូស្ស៊ី។ សកម្មភាពនេះ ត្រូវបានធ្វើឡើង ដោយមិនបានគិតពីសុវត្ថិភាព និងដោយគ្មានសីលធម៌វិជ្ជាជីវៈ។
អ្នកស្រី ឡ័រ៉ា សៀល បានថ្លែងឲ្យដឹងថា៖ «យន្ដហោះយោធាអាមេរិក បានហោះហើរ នៅក្នុងលំហអាកាសអន្តជាតិ និងមិនបានចូលទៅក្នុងទឹកដីរ៉ូស្ស៊ី សូម្បីបន្តិចឡើយ»។
យន្ដហោះឈ្លបការណ៍អាមេរិកនោះ ជាប្រភេទ «Boeing RC-135» ខណៈយន្ដហោះប្រដេញរ៉ូស្ស៊ី ជាប្រភេទ «Soukhoï Su-27»។
ការប៉ះទង្គិចនេះ បានកើតឡើងជាលើកទីពីរ នៅក្នុងអំឡុងពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ រវាងប្រទេសមហាអំណាចទាំងពីរ។ យន្ដហោះប្រដេញ ធុន «Su-24» របស់ប្រទេសរ៉ូស្ស៊ី រំលងពីលើនាវាល្បាត សម្រាប់សង្គ្រាមលើទឹក ធុន «USS Donald Cook» របស់ប្រទេសអាមេរិក បានកើតឡើងជាច្រើនដង នៅថ្ងៃចន្ទ និងថ្ងៃអង្គារ។ បញ្ជាការដ្ឋានកងទ័ពអាមេរិក ប្រចាំទ្វីបអ៊ឺរ៉ុប បានថ្លែងឲ្យដឹងថា ជាពិសេសនៅថ្ងៃពុធ យន្ដហោះប្រដេញរ៉ូស្ស៊ី ធុន «Su-24» បានហោះត្រឹមតែកំពស់ ប្រមាណ ជា៩ម៉ែត្រ ពីលើនាវាចម្បាំងអាមេរិកប៉ុណ្ណោះ។ ទង្វើខាងលើ ត្រូវបានក្រសួងការពារជាតិអាមេរិក ចាត់ទុកថាមានសណ្ឋាន ហាក់ដូចជាការវាយប្រហារមួយ និងជាកាយវិការ ដ៏«ព្រហើន»។
ចំពោះប្រទេសរ៉ូស្ស៊ីវិញ បានច្រានចោល ការចោទប្រកាន់ដែលថា ខ្លួនបង្ករឿង និងខ្វះភាពហ្មឺងម៉ាត់នៅក្នុងសកម្មភាពទាំងនេះ។
អ្នកស្រី ឡ័រ៉ា សៀល បានរំពឹងទៀតថា ការស្ទាក់ចាប់ដែលប្រកបដោយគ្រោះថ្នាក់នេះ អាចបង្ករបួសស្នាមធ្ងន់ធ្ងរ ទៅដល់អ្នកបើកបរយន្ដហោះទាំងអស់។ អ្នកស្រីអ្នកនាំពាក្យ បានថ្លែងបន្ថែមថា៖ «ជាងនេះទៅទៀត ទង្វើដែលជាស្នាដៃរបស់អ្នកបើកបរយន្ដហោះម្នាក់ អាចបង្កឲ្យមានភាពតានតឺង រវាងប្រទេសយើងទាំងពីរ»៕