រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប​ត្រូវ​បាន​តែងតាំង​ ដើម្បី​អង្កេត​ទំនាក់​ទំនង​ក្រោម​តុ «ត្រាំ-រ៉ូស្ស៊ី»

ក្រសួងយុត្តិធម៌អាមេរិក បានតែងតាំងរដ្ឋអាជ្ញាពិសេសមួយ កាលពីថ្ងៃពុធនេះ ដើម្បីស៊ើបអង្កេត ទៅលើឥទ្ធិពល របស់រដ្ឋាភិបាលក្រុងម៉ូស្គូ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីចុងឆ្នាំកន្លងទៅ នៅសហរដ្ឋអាមេរិក។
រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប​ត្រូវ​បាន​តែងតាំង​ ដើម្បី​អង្កេត​ទំនាក់​ទំនង​ក្រោម​តុ «ត្រាំ-រ៉ូស្ស៊ី»
ពីឆ្វេងទៅស្ដាំ៖ លោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរ៉ូស្ស៊ី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ (រូបថតឯកសារ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៥ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 18, 2017
  • ប្រធានបទ: បោះឆ្នោតអាមេរិក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងយុត្តិធម៌អាមេរិក បានសម្រេចតែងតាំង រដ្ឋអាជ្ញាពិសេសមួយរូប កាលពីថ្ងៃពុធ ដើម្បីពង្រឹងឯករាជ្យភាព និងភាពទទួលយកបាន នៃការស៊ើបអង្កេត ទៅលើសំនុំរឿង ទំនាក់ទំនងក្រោមតុ ដែលអាចកើតមានឡើង រវាងអ្នកជិតដិត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងរដ្ឋាភិបាល នៃប្រទេសរ៉ូស្ស៊ី ហើយដែលអាចមានឥទ្ធិពល ទៅលើការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីចុងឆ្នាំកន្លងមក។ ជាការវិវត្តន៍ថ្មីមួយទៀត នៅក្នុងសំនុំរឿងដ៏រសើប ដែលអាចបង្ក ឲ្យមានពពកខ្មៅងងឹតបន្ថែមទៀត គ្របដណ្ដប់​ពីលើ​​អាណត្តិ​ប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ។

រដ្ឋអាជ្ញា«ពិសេស»​នោះ គឺលោក «Robert Mueller» ដែលជាអតីតនាយកប្រតិបត្តិ​ភ្នាក់ងារ «FBI» ដ៏មានឥទ្ធិពលមួយរូប តាំងពីជំនាន់ប្រធានាធិបតី ហ្សក វ័លឃើ ប៊ូស (George W. Bush ) រហូតមកដល់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។ នេះ បើតាមការប្រកាស របស់លោក រ៉ូដ រ៉ូស៊ិនស្ទែង (Rod Rosenstein) អនុរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌។ ដោយឡែក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក «Jeff Sessions» ដែលជាអ្នកជិតដិត របស់លោក ត្រាំ ត្រូវបានព្យួរសិទ្ធិ​ពី​តំណែង​ បន្ទាប់ពីសំនុំរឿង ស៊ើបអង្កេតខាងលើ ត្រូវបានបើកធ្វើ តាំងពីខែមីនាមកនោះ។

ការតែងតាំងនេះ មានបំណងដើម្បីឲ្យការស៊ើបអង្កេត នៅក្នុងសំនុំរឿងដ៏ប្រទាំងប្រទើស​ ងាកចេញឲ្យដាច់ ពីអំណាចនយោបាយ ជាពិសេសដើម្បីកុំឲ្យក្រសួងយុត្តិធម៌ ដែលជាអ្នកគ្រប់គ្រងលើភ្នាក់ងារ «FBI» អាចលូកដៃចូល ក្នុងការស៊ើបអង្កេតបាន។ ប៉ុន្តែវាក៏ជាសេចក្ដីសម្រេចមួយ ដែលបានបង្កការភ្ញាក់ផ្អើលមិនស្ទើរដែរ ទៅដល់សេតវិមាន។

យ៉ាងណា លោក ដូណាល់ ត្រាំ នៅតែបង្ហាញ ពីសុទិដ្ឋិនិយមរបស់លោក នៅចំពោះការតែងតាំងថ្មីនេះ។ លោកបានធ្វើប្រតិកម្ម នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ដូចខ្ញុំបាននិយាយ ជាច្រើនដងរួចហើយថា ការស៊ើបអង្កេត ដ៏ពេញបរិបូណ៍មួយ នឹងជួយបំភ្លឺ ពីអ្វីដែលយើងបានដឹងរួចហើយ នោះ គឺគ្មានទំនាក់ទំនងអ្វីទាំងអស់ រវាងក្រុមការងាររបស់ខ្ញុំ ក្នុងយុទ្ធនាការបោះឆ្នោត ជាមួយនឹងស្ថាប័នបរទេសណាមួយនោះ»។

លោក ដូណាល់ ត្រាំ បានបន្តទៀតថា៖ «ខ្ញុំកំពុងរង់ចាំយ៉ាងអន្ទះសារ ដើម្បីឲ្យសំនុំរឿងនេះ បញ្ចប់ទៅឲ្យបានឆាប់រហ័សបំផុត»។

ការតែងតែង លោក «Robert Mueller» ត្រូវបានសាទរជាទូទៅ ដោយក្រុមអ្នកតំណាងរាស្ត្រ ដោយសភាទាំងពីរថ្នាក់ របស់សហរដ្ឋអាមេរិក។ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ លោក «Dianne Feinstein» បានថ្លែងឡើងថា៖ «លោក បប់ (Bob រហស្សនាមរបស់លោក "Robert Mueller") ធ្លាប់ជារដ្ឋអាជ្ញាសហព័ន្ធ ដ៏ល្អមួយរូប ជានាយក "FBI" ដែលពោរពេញដោយសមត្ថភាព ហើយយើងមិនអាចរកបាន វរជនណាផ្សេង ដែលល្អជាងលោក ដើម្បីទទួលយកតំណែងនេះទេ»។

សម្រាប់លោក «Susan Collins» សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បានហៅការតែងតាំងនេះ ថាជាការសម្រេចចិត្ត ដ៏ល្អមួយ។ រីឯអ្នកតំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ លោក «Jason Chaffetz» វិញ បានសរសេរ នៅលើទំព័រទ្វីសធើររបស់លោកថា៖ «លោក "Robert Mueller" ជាជម្រើស ដ៏វិសេសវិសាល។ លោកមានប្រវត្តិការងារ ដ៏កំពូល។ [លទ្ធផល ដែលចេញពីការស៊ើបអង្កេតរបស់] លោកនឹងត្រូវទទួលយល់ព្រម យ៉ាងទូលំទូលាយបំផុត។»។

ជាមួយនឹងការតែងតាំង«ពិសេស»នេះ លោក «Robert Mueller» មានឋានៈ ជាអ្នកគ្រប់គ្រង លើការស៊ើបអង្កេត ប្រកបដោយឯករាជ្យភាព ជាងរដ្ឋអាជ្ញាធម្មតា ឬនាយកគ្រប់គ្រងធម្មតា របស់ភ្នាក់ងារ «FBI»។ គ្មាននរណាម្នាក់ មានសិទ្ធិ ឬមានអំណាច ដកលោកចេញពីតំណែង ជា«រដ្ឋអាជ្ញាពិសេស» នេះបានទេ ដរាបណាលោក មិនបានធ្វើកំហុសណាមួយ ឬលោក មិនលាលែងដោយខ្លួនឯង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...