អតីតប្រមុខរដ្ឋសូវៀត ព្រមានពីសង្គ្រាមលោកទី៣ កំពុងហៀបផ្ទុះ
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៨ មករា ២០១៧
- កែប្រែចុងក្រោយ: January 30, 2017
- ប្រធានបទ: សង្គ្រាមលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក មីខាអ៊ីល ហ្គោរបាឆូវ (Mikhaïl Gorbatchev) អតីតប្រមុខរដ្ឋចុងក្រោយ នៃអតីតសហភាពសូវៀត ដែលធ្លាប់ជាមហាអំណាចកុម្មុយនីសធំជាងគេ បានសំដែងក្ដីបារម្ភរបស់លោក នៅចំពោះសភាពការណ៍បច្ចុបន្ន ដោយបានថ្លែងឡើងថា៖ «វាកាន់តែច្បាស់ហើយ ថាពិភពលោកយើងសព្វថ្ងៃ កំពុងត្រៀមខ្លួន ដើម្បីធ្វើសង្គ្រាមលោកជាថ្មីទៀត»។
លោក ហ្គោរបាឆូវ បានថ្លែងដូច្នេះ កាលពីថ្ងៃទី២៦ ខែមករានេះ នៅលើទំព័រអត្ថបទមួយ របស់ទស្សនាវដ្ដី «Time» អាមេរិក។ លោកបានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន ពិភពលោកបានពេញប្រៀប ទៅដោយបញ្ហា (...) ហើយរាល់អ្នកនយោបាយ ទំនងជាលែងមានទិសដៅពិតប្រាកដ និងកំពុងវង្វេងវង្វាន់»។
អតីមេដឹកនាំដ៏មានឥទ្ធិពល ដែលសព្វថ្ងៃមានអាយុ ៨៥ឆ្នាំនោះ បានថ្លែងស្នើទៅ មេដឹកនាំនៅលើពិភពលោកទាំងអស់ ឲ្យធ្វើការថ្កោលទោស «យោធានីយកម្ម នៅក្នុងការធ្វើនយោបាយ និងការប្រឡងប្រណាំង ផ្នែកសព្វាវុធ» ដោយហេតុថា «ស្ថានភាពបែបនេះ មានគ្រោះថ្នាក់បំផុត»។ លោកថា បណ្ដារដ្ឋមួយចំនួន បានបង្កើនការចំណាយ ទៅលើវិស័យយោធារបស់ពួកគេ តែបែរជាផ្អាប់ទុក នូវថវិកាដ៏សំខាន់ ដែលមានទិសដៅសម្រាប់សង្គមទៅវិញ។
ក្នុងទសវត្សន៍ឆ្នាំ៨០ លោក មីខាអ៊ីល ហ្គោរបាឆូវ ធ្លាប់បានជជែកចរចា ជាមួយសហរដ្ឋអាមេរិក ជុំវិញដំណើរការកាត់បន្ថយអាវុធនុយក្លេអ៊ែរ របស់ពិភពលោក។ លោកបានបារម្ភ នៅក្នុងអត្ថបទរបស់ទស្សនាវដ្ដី ដោយខ្លាចក្រែងស្ថានភាពនៅពេលនោះ អាចនឹងវិលត្រឡប់មកវិញ។ លោកបានថ្លែងថា៖ «នៅថ្ងៃនេះ ការគម្រាមដោយអាវុធនុយក្លេអ៊ែរ ទំនងជាកំពុងពន្លេចខ្លួនឡើងសារជាថ្មី»។
លោក ហ្គោរបាឆូវ បានពញ៉ាក់អារម្មណ៍ ពីទំនាក់ទំនងរបស់ក្រុមប្រទេសមហាអំណាច ដែលមានសភាពកាន់តែអាក្រក់ តាំងពីច្រើនឆ្នាំកន្លងមក។ លោកបានទាមទារឲ្យក្រុមប្រទេសទាំងនោះ ត្រូវបញ្ចប់ស្ថានភាពបែបនេះ កុំឲ្យមានតទៅទៀត ខណៈសង្គ្រាមប្រឆាំងនឹងភេរវកម្ម មានភាពចាំបាច់ណាស់ និងមិនមែនគ្រាន់តែជា «កិច្ចការល្មមៗ» នោះទេ។ អតីតមេដឹកនាំរូបនេះ បានថ្លែងឡើង ដោយសម្លឹងមើលវែងឆ្ងាយថា៖ «គោលបំណងដ៏សំខាន់ និងជាថ្មីម្ដងទៀត គឺត្រូវបញ្ជៀសសង្គ្រាម»៕
អតីតមេដឹកនាំ នៃអតីតសហភាពសូវៀតរូបនេះ បានពន្យល់ថា៖ «នឹងគ្មានបញ្ហាណាមួយ ត្រូវបានដោះស្រាយចេញ ដោយប្រើមធ្យោបាយ នៃការធ្វើសង្គ្រាមនោះឡើយ»។ បញ្ហាទាំងនោះ ដែលរួមមាន «ភាពក្រីក្រ បរិស្ថាន ជនអន្តោប្រវេសន៍ កំណើនប្រជាជននៅលើផែនដី និងភាពរីងរៃនៃធនធានធម្មជាតិ» សុទ្ធសឹងជារឿងចំពោះមុខ ដែលអតីតប្រមុខរដ្ឋវ័យដ៏ចំណាស់ ចង់លើកឡើង បញ្ជាក់ទៅកាន់មេដឹកនាំពិភពលោក មានទាំងប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងជាពិសេសអង្គការសហប្រជាជាតិ។
លោកថា៖ «វាល្មមដល់ពេល ដែលត្រូវធ្វើប្រតិកម្មហើយ»៕