ស៊ីរី៖ ប្រធានាធិបតីរ៉ុស្សី ដៀលរដ្ឋមន្ត្រីការបរទេសអាមេរិកថានិយាយកុហក
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: September 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានាធិបតីរ៉ុស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានវាយតម្លៃរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃេរី (John Kerry) ថាបាននិយាយកុហក នៅថ្ងៃពុធទី០៤ខែកញ្ញានេះ ទាក់ទងនឹងសំនុំរឿងវិបត្តិនៅប្រទេសស៊ីរី។
លោក ចន ឃេរី (អង្គុយនៅកណ្ដាល) នៅក្នុងកិច្ចពិភាក្សាដេញដោល ក្នុងរដ្ឋសភាអាមេរិក នៅថ្ងៃទី០៤ខែកញ្ញានេះ។ (រូបថត Reuters)
លោក ពូទីន បានចាត់ទុកថា សម្ដីរបស់លោក ឃែរី ដែលនិយាយថាគ្មានក្រុមអ៊ីស្លាមជ្រុលនិយម នៃបណ្ដាញភេវរនិយមអាល់កៃដា (Al-Qaïda) ណាមួយ នៅប្រយុទ្ធកៀកស្មារជាមួយ នឹងក្រុមបះបោរនៅស៊ីរីនោះ ជាសម្ដី«កុហក»។
លោកពូទីន ថ្លែងដូច្នេះ នៅចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សរ៉ូស្សី ដោយថែមទាំងបានរំលឹកថា លោកបានតាមដានទស្សនានៅតាមកញ្ចក់ទូរទស្សន៍ នូវកិច្ចជជែកពិភាក្សានៅក្នុងសភាអាមេរិក ដែលលោក ចន ឃេរី បានច្រានចោលពីវត្តមានរបស់អាល់កៃដា នៅស៊ីរី បើទោះជាលោកបានដឹងពីវត្តមាន នៃសមាជិកក្រុមនិយមជ្រុល ចាបា អាល់នូស្រា (Jabhat al-Nusra) ដែលគេស្គាល់ថាជាក្រុមបណ្ដាញភេវរនិយមអន្តរជាតិ បានចូលរួមក្នុងការប្រយុទ្ធកៀកស្មារ ជាមួយនឹងក្រុមបះបោរនោះក៏ដោយ។
ទាក់ទងនឹងការថ្លែងរបស់លោកឃេរី ក្នុងសភាអាមេរិកនេះ ប្រធានាធិបតីរ៉ូស្សី លោកពូទីន បានថ្លែងថា «វាមិនគួរឲ្យសប្បាយអ្វីឡើយ ហើយវាជារឿងភ្ញាក់ផ្អើលជាទីបំផុតសម្រាប់ខ្ញុំ។ យើងនិយាយទៅកាន់ប្រជាជនអាមេរិក ហើយយើងហ៊ាននិយាយថា ពួកគេសុទ្ធតែជាមនុស្សត្រឹមត្រូវ តែចន ឃេរី និយាយកុហក ហើយគាត់ដឹងខ្លួនគាត់ ថាគាត់កុហក។ គួរឲ្យសោកស្ដាយណាស់។»
ឆ្លៀតក្នុងឱកាសនោះ លោកបូទីន បានរំលឹកជាថ្មីទៀត ពីជំហររបស់ប្រទេសរ៉ុស្សី នៅក្នុងវិបត្តិនៅស៊ីរី ដោយបានចាត់ទុកថាជារំលោភឈ្លានពានមួយ ប្រសិនជាមានការប្រើប្រាស់កម្លាំងយោធា ដោយគ្មានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ការថ្លែងរបស់លោក បានសម្ដៅដោយផ្ទាល់ទៅរក សហរដ្ឋអាមេរិក ដែលកំពុងដាក់ពង្រាយរួចជាស្រេច នូវមហានាវាយក្សផ្ទុកយន្ដហោះចម្បាំង និងកាំជ្រួចធុនធ្ងន់ នៅក្បែរប្រទេសស៊ីរីនោះ ដោយនៅរងចាំតែភ្លើងខៀវ ពីប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) ប៉ុណ្ណោះ៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ