អាមេរិក​នឹង​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​ជា​អចិន្ត្រៃយ៍ នៅ​អ៊ឺរ៉ុប​ខាង​កើត

តែប្រព័ន្ធខែលការពារ ជាលក្ខណៈអចិន្ត្រៃយ៍ និងនៅជាប់ក្បែរ«នឹងរបងផ្ទះ»​នេះ មិនបានធ្វើឲ្យ​រដ្ឋាភិបាល​ក្រុង មូស្គូ សប្បាយ​ចិត្ត​ជាមួយ​ប៉ុន្មាន​ឡើយ។
អាមេរិក​នឹង​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​ជា​អចិន្ត្រៃយ៍ នៅ​អ៊ឺរ៉ុប​ខាង​កើត
រថពាសដែក របស់កងទ័ពជើងគោកអាមេរិក។ (រូបថតឯកសារ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២២ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 27, 2016
  • ប្រធានបទ: អូតង់-រ៉ូស្ស៊ី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីបង្កា នូវរាល់ការរំលោភបំពាន ពីសំណាក់ប្រទេសរ៉ូស្ស៊ី ដែលអាចកើតឡើង ជាយថាហេតុនោះ សហរដ្ឋ​អាមេរិកបានសម្រេចចិត្ត ដាក់ពង្រាយជាលក្ខណៈអចិន្ត្រៃយ៍ នូវប្រព័ន្ធខែលការពារ នៅក្នុង​បណ្ដា​ប្រទេស​អ៊ឺរ៉ុប​ខាង​កើត ចាប់​តាំង​ពីខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមការប្រកាសឲ្យដឹង របស់មន្ទីរប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក)។

អ្នកស្រី ឡូរ៉ា សៀល (Laura Seal) អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានថ្លែងឲ្យដឹងថា៖ «ការដាក់ពង្រាយនេះ នឹង​ធ្វើ​ឡើង​ដោយមិនឈប់ឡើយ ដើម្បីអនុញ្ញាតឲ្យមានវត្តមាន នៃប្រព័ន្ធខែលការពារជាប់រហូត និងការ​បង្កើន​គុណភាព នៃការហ្វឹកហាត់ សម្រាប់ក្រុមប្រទេសជាសម្ព័ន្ធមិត្ត នៅក្នុងអង្គការអូតង់ (OTAN ឬ NATO = អង្គការ​នៃ​សន្ធិសញ្ញា​អាត្លង់ទិកខាងជើង)»។

អ្នកនាំពាក្យបានបន្តថា វត្តមាននៃប្រព័ន្ធខែលការពារនេះ នឹងនៅតែបន្ត នៅក្នុងបណ្ដាប្រទេស នៅអ៊ឺរ៉ុប​ខាង​កើត។

ប៉ុន្តែគម្រោងនេះ មិនមែនជារឿងថ្មីថ្មោងនោះទេ។ មន្ទីរប៉ង់តាហ្គោន និងអង្គការអូតង់ ធ្លាប់បានលើកឡើង​កាល​ពីលើកមុនៗរួចហើយ ពីការដាក់ពង្រាយ នូវប្រព័ន្ធខែលការពារ នៅអ៊ឺរ៉ុបខាងកើតនេះ ដោយ​គ្រាន់​តែ​មិន​បាន​បញ្ជាក់ ពីកាលវេលាពិតប្រាកដ។

តម្លើងសាច់ដុំយោធា

កាលពីខែកុម្ភៈកន្លងទៅ សហរដ្ឋអាមេរិកបានបង្កើន គម្រោងថវិការការពារជាតិឆ្នាំ២០១៧របស់ខ្លួន រហូត​ដល់​ទៅ​៤ដង​លើស​ឆ្នាំមុនៗ ប្រមាណជា ៣.៤ពាន់លានដុល្លារ សម្រាប់តម្លើងសាច់ដុំយោធា នៅលើទ្វីបអ៊ឺរ៉ុប។

ជាមួយនឹងប្រព័ន្ធខែលការពារនេះ (រួមមានទាហានប្រមាណជា ៤២០០នាក់ ដែលបំពាក់ដោយរថក្រោះ និង​រថពាស​ដែក​រាប់សិបគ្រឿង) កងទ័ពជើងគោកអាមេរិក នឹងមានលទ្ធភាពអាចប្រើប្រាស់ ទាហានឬសម្ភារៈសិក ដែល​មាន​ស្រាប់​នៅ​នឹង​កន្លែង សម្រាប់ករណីដែលមានជម្លោះផ្ទះឡើង។

បូករួមនឹងប្រតិបត្តិការផ្សេងៗផង ទាហ៊ានអាមេរិកដែលមានវត្តមាន នៅលើទឹកដីអ៊ឺរ៉ុប នឹងមានចំនួនឡើង​​រហូត​ដល់​ ៦២០០០នាក់ ។ ចាប់តាំងពីរដូវផ្ការីក ឆ្នាំ២០១៤មក អង្គការនៃ​សន្ធិសញ្ញាអាត្លង់ទិកខាងជើង បាន​បង្កើត​នូវ​វិធានការ​ច្រើនយ៉ាង និងជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាព ដល់បណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ដែល​ស្ថិត​ក្នុង​ទ្វីប​អ៊ឺរ៉ុប​ខាងកើត។

រ៉ូស្ស៊ីក្ដៅស្លឹកត្រជៀក!

ចំពោះរដ្ឋាភិបាលក្រុងមូស្គូវិញ បានព្រមានជារឿយៗ នៅចំពោះប្រព័ន្ធការពារណាក៏ដោយ ដែលមាន​លក្ខណៈ​អចិន្ត្រៃយ៍ ពីសំណាក់កងកម្លាំងសម្ព័ន្ធមិត្ត នៅជាប់នឹងព្រំប្រទលរបស់ខ្លួន។ ប្រទេសរ៉ូស្ស៊ី បានចាត់ទុក​ទង្វើ​នេះ ថា​បាន​ផ្ទុយ​ទៅនឹងកិច្ចព្រមព្រៀង ជាមូលដ្ឋានគ្រឹះ រវាងអង្គការអូតង់ និងប្រទេសរ៉ុស្ស៊ី ដែលបានចុះ​ហត្ថលេខា កាល​ពី​ឆ្នាំ១៩៩៧​កន្លង​ទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...