រកឃើញបន្ទាយលាក់អាវុធនៃកុលសម្ព័ន្ធដើម នៅក្បែរក្រុង ស៊ីដនី
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ មីនា ២០១៦
- កែប្រែចុងក្រោយ: April 02, 2016
- ប្រធានបទ: របកគំហើញ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បូរាណវត្ថុតូចធំ ចំនួនមិនតិចជាង ២០ ០០០ ត្រូវបានរកឃើញ នៅក្នុងការដ្ឋានសំណង់សាធារណៈមួយ ដែលស្ថិតក្នុងតំបន់ជាយក្រុង នៃក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី។ វត្ថុទាំងនោះ ទំនងជាត្រូវបានរក្សាទុក នៅក្នុងមូលដ្ឋានកងទ័ពដ៏សំងាត់មួយ ដែលកើតឡើង ក្នុងជំនាន់ប្រយុទ្ធតតាំង នឹងអាណានិគមអង់គ្លេស ពោលគឺតាំងពី២សតវត្សន៍មុន។ នេះជាការប្រកាសឲ្យដឹង របស់ក្រុមអ្នកបូរាណវិទូ ទៅកាន់ប្រព័ន្ធសារព័ត៌មាន។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» លោក ស្កុត ហ្វ្រង់ (Scott Franks) អ្នកជំនាញមកពីការិយាល័យបេតិកភ័ណ្ឌ និងប្រឹក្សាយោបល់ «Tocomwall» បានថ្លែងឲ្យដឹងថា៖ «ទីនោះ ជាតំបន់ដ៏ធំ និងដ៏សំខាន់មួយ មិនសម្រាប់ត្រឹមតែ ក្រុងស៊ីដនី ប៉ុណ្ណោះទេ តែសម្រាប់ជាតិ (អូស្ត្រាលី) ទាំងមូល»។
លោកបានបញ្ជាក់ទៀតថា បើទោះជាគេនៅមិនទាន់ដឹង ពីពេលវេលាពិតប្រាកដក៏ដោយ ក៏ទីកន្លែងកំណាយ នៅលើផ្ទៃដី ប្រមាណជា ៧០០ម៉ែត្រការ៉េ ដែលស្ថិតក្នុងតំបន់ «Randwick» នេះ អាចជាមូលដ្ឋានលាក់អាវុធ ដើម្បីធ្វើការប្រយុទ្ធ តទល់នឹងអាណានិគមអង់គ្លេស នៅក្នុងសម័យកាលនោះ។ នៅក្នុងចំណោមឧបករណ៍ ជាច្រើនហូរហៀរ ដែលគេបានរកឃើញនេះ មានផ្លែលំពែង និងសម្ភារៈសម្រាប់ប្រារព្ធពិធីសាសនា។
ក្រុមកុលសម្ព័ន្ធម្ចាស់ស្រុក មានវត្តមាន រស់នៅលើកោះអូស្ត្រាលី តាំងពី៤០ ពាន់ឆ្នាំកន្លងទៅហើយ។ នៅក្នុងប៉ុន្មានសតវត្សន៍ចុងក្រោយ បើទោះជាក្រុមកុលសម្ព័ន្ធនេះ បានបង្កបង្កើតជាវប្បធម៌ និងប្រជាជន ដែលមានចំនួនច្រើនយ៉ាងណាក៏ដោយ តែពួកគេនៅតែស្ថិត ក្នុងសភាពខ្សត់ខ្សោយ និងដាច់ដោយឡែក ពីពិភពជឿនលឿនដទៃទៀត។
នៅពេលក្រុមអាណានិគមអ៊ឺរ៉ុប បានឈានជើងជាន់កោះ អូស្ត្រាលី នៅឆ្នាំ១៧៨៨ ក្រុមកុលម្ព័ន្ធដើមទាំងនោះ មានចំនួនប្រជាជន ប្រមាណជា១លាននាក់។ តែនាពេលសព្វថ្ងៃនេះ ពីក្នុងចំណោមចំនួនពលរដ្ឋអូស្ត្រាលីសរុបជាង២៣លាននាក់ ក្រុមកុលសម័ន្ធជនជាតិដើម មានចំនួនសរុប ត្រឹមតែ ៦សែន ៧ម៉ឺននាក់ប៉ុណ្ណោះ៕