អា «សំបូរ» ដំរីខ្ញុំ ល្បីពេញទ្វីបអ៊ឺរ៉ុប
ប្រសិនជានៅក្នុងប្រទេសកម្ពុជា សំនុំរឿង «កឹម សុខា-ធី សុវណ្ណថា-ស្រី ចំរើន-ស្រីមុំ» បានបង្កចំណាប់អារម្មណ៍ សម្រាប់មនុស្សជាច្រើននោះ តែចំពោះនៅក្រៅប្រទេសវិញ គេបានចាប់អារម្មណ៍ខ្លាំងក្លា នឹងមរណភាពរបស់ «សំបូរ» ដំរីមួយក្បាល ដែលទើបនឹងដួលងាប់ កាលពីពេលថ្មីៗនោះ នៅក្នុងតំបន់រមណីយដ្ឋានវប្បធម៌អង្គរទៅវិញ។ នាទ្វីបអ៊ឺរ៉ុប សារព័ត៌មានតូចធំ ចេញផ្សាយទាំងនៅលើក្រដាស ទាំងតាមបណ្ដាញអ៊ិនធើណែត បានយកករណីរបស់ «សំបូរ» យកមកចុះផ្សាយយ៉ាងព្រោងព្រាត តាំងពីដើមសប្ដាហ៍ រហូតមកដល់ថ្ងៃនេះ។
សារព័ត៌មានទាំងនោះមួយចំនួន បានដកស្រង់យកអត្ថបទទាំងមូល ឬផ្នែកខ្លះរបស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» យកមកចុះផ្សាយ នៅលើទំព័ររបស់គេ។ តែសារព័ត៌មានខ្លះទៀត បានចូលទៅដកស្រង់ព័ត៌មាននេះ ពីសារព័ត៌មានក្នុងស្រុក ដូចយ៉ាង «ភ្នំពេញប៉ុស្ដ៍» ឬ «ខេមបូឌៀដេល្លី» ជាដើម ដោយដាក់បន្ថែម ពីការស្រាវជ្រាវរបស់អ្នកនិពន្ធ ទៅលើមូលហេតុដែលធ្វើឲ្យ [...]