ដំរីជំទង់មួយក្បាល រំដោះខ្លួនពីសត្វតោ ១៤ក្បាល
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 13, 2014
- ប្រធានបទ: វីរភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំរីនេះ គ្មានស្នែងសម្រាប់វ័ធទេ ហើយភ្លុករបស់វាក៏នៅខ្លីៗ មិនអាចនឹងយកមកការពារខ្លួនបានដែរ។ ប៉ុន្តែដោយសារវាមានមាឌធំ ជា«ដំរីសារ» រួមផ្សំនឹងភាពវាងវៃរបស់វាផង ទើបអាចគេចផុតពីគ្រោះអាសន្នដល់ជីវិត ដែលកើតមកពីការឡោមព័ទ្ធរបស់ក្រុមតោ ប្រមាណជា១៤ក្បាល។
នៅក្នុងវីដេអូ ដែលដាក់បង្ហោះដោយ សារព័ត៌មានអាមេរិក New York Post កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ បានបង្ហាញឲ្យឃើញ ពីដំរីមួយក្បាល បានធ្លាក់ខ្លួនទៅក្នុងការយាយីសម្លាប់ធ្វើជាចំណី របស់តោ១៤ក្បាល នៅក្នុងឧទ្យានសត្វព្រៃដ៏ធំ នៃប្រទេសហ្សំប៊ី ឈ្មោះហៅថា Norman Carr Safaris Chinzombo Camp។ តែបើទោះជាខ្លួន បានក្លាយជាទិសដៅ នៃអាហារពេលរបស់ក្រុមតោក៏ដោយ តែដំរីជំទង់នៅតែព្យាយាមការពារខ្លួន និងមិនអោនក្បាល ឲ្យសត្វតោទាំងនេះសម្លាប់ខ្លួនជាដាច់ខាត។
នៅក្នុងរូបភាព សត្វតោជាច្រើនក្បាល បានលោតសង្គ្រប់ពីលើដំរី និងបានខាំសំដៅ សង្កត់សត្វដំរីរងគ្រោះ ឲ្យទន់ជើងដួលនៅនឹងមាត់ទឹក។ ប៉ុន្តែដំរីនៅតែមិនចុះញ៉ម ហើយរត់សំដៅទឹក រហូតដល់សត្វតោបង្ខំចិត្តលោតចុះ ហើយបោះបង់ចំណីសាច់ខ្ចីនេះចោល។ តោមួយក្បាល ទំនងជានៅស្ដាយ បានរត់ទៅតាម តែដំរីដែលដឹងខ្លួនថា វាលែងមានគ្រោះថ្នាក់ទៀតហើយនោះ បានបែរក្បាលមកវិញ រត់ដេញតោរត់បាតជើងសព្រាត។
ដោយសារតែភាពក្លាហានរបស់វា អ្នកថែរក្សាឧទ្យានជាតិ បានផ្ដល់រហស្សនាមទៅឲ្យសត្វដំរីវ័យក្មេងនេះថា Hercule (អាទិទេពមួយអង្គ ក្នុងរឿងនិទានរបស់ចក្រភពក្រិច ដែលមានកម្លាំងខ្លាំងអស្ចារ្យ)៕