ពូទីន ធ្វើ​ទង្វើ​«សុភាព​បុរស» ដាក់​ភរិយា​​ប្រធានាធិបតី​ចិន

លោកប្រធានាធិបតីនៃប្រទេសរ៉ូស្សី បានធ្វើកាយវិការមួយដ៏ប្រពៃ ដែលមនុស្សស្ត្រីក្នុងលោក ទប់ចិត្ត​មិន​និយាយ​ល្អ​ពី​លោក​មិន​បាន៖ លោកយកអាវធំរបស់លោក មកគ្របដណ្ដប់ឲ្យលោកស្រី ប៉េង លីយ័ន (Peng Liyuan) ភរិយា​លោក​ប្រធានាធិបតី​ចិន។ តែគួរឲ្យស្ដាយ វីដេអូដែលបង្ហាញពីកាយវិការដ៏ប្រពៃនេះ ត្រូវបានហាមឃាត់ក្នុងប្រទេសចិន។
រូបភាពបង្ហាញ ពីឆ្វេងទៅស្ដាំ លោក បារ៉ាក់ អូបាម៉ា លោក ស៊ី ជីនពីង លោកស្រី ប៉េង លីយ័ន និងលោក វ្លាឌីមៀ ពូទីន។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១២ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 13, 2014
  • ប្រធានបទ: ជំនួបកំពូល
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សតិចណាស់ដែលមិនដឹង៖ លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ដែល​ទើប​នឹង​លែង​លះ ពី​អតីត​ភរិយា​របស់​លោក ជា​សុភាព​បុរស​មួយ​រូប។ ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ក្នុង​ជំនួប​កំពូល អេប៊ិច (Apec) នា​រដ្ឋធានី​ប៉េកាំង ខណៈ​ពេល​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ជា​ស្វាមី​កំពុង​ញញឹម​ញញែម​ទទួល​ភ្ញៀវ និង​ជជែក​ជា​មួយ​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ធ្វើ​បែប​វា​ហី​នោះ លោក​ប្រធានាធិបតី ពូទីន ឯ​ណេះ​វិញ បាន​យក​អាវ​ធំ​របស់​លោក ដែល​មាន​លក្ខណៈ​ដូច​ជា​ភួយ​ផង​នោះ មក​ដណ្ដប់​ឲ្យ​លោក​ស្រី ប៉េង លីយ័ន ស្ត្រី​ទី​មួយ​នៃ​ប្រទេស​ចិន។

ឈុតឆាកនេះ ត្រូវ​បាន​ម៉ាស៊ីត​ថត​របស់​ទូរទស្សន៍ ចិន ផ្លូវការ (CCTV) ចាប់​រូប​ភាព​បាន ហើយ​យក​ទៅ​ផ្សាយ។ បន្ទាប់​មក រូប​ភាព​នេះ​ត្រូវ​បាន​កាត់​ជា​បំណែក​ខ្លីៗ យក​ទៅ​ចែក​ចាយ​ពាស​ពេញ​ពិភពលោក។

ទង្វើរបស់លោក ពូទីន គ្មានអ្វីក្រៅពីចង់ផ្ដល់ភាពកក់ក្ដៅ ទៅឲ្យលោកស្រី លីយ័ន ខណៈពេលដែលមាន​ខ្យល់​ត្រជាក់ បក់ចូលដល់ក្នុងបន្ទប់ប្រជុំនេះឡើយ។ ប៉ុន្តែសម្រាប់កាយវិការ នៅក្នុងចំណងការទូត និងពិធីការធំៗ រហូតដល់ថ្នាក់ប្រមុខរដ្ឋដូច្នេះ ទង្វើនេះអាចចាត់ទុកថា ជាកំហុសមួយដ៏ធំ ដែលមានលក្ខណៈទៅនឹង «ចែចង់​ប្រពន្ធរបស់រដ្ឋបុរសម្នាក់ទៀត ដែលជាដៃគូរសន្ទនារបស់ខ្លួន»។

យ៉ាងណាក៏ដោយ វីដេអូត្រូវបានបែកធ្លាយ និងចែកចាយព្រោងព្រាត នៅតាមបណ្ដាញសង្គម និងប្រព័ន្ធ​ចែក​ចាយវីដេអូ បង្កឲ្យមានចំណាប់អារម្មណ៍កាន់តែខ្លាំង។ ប៉ុន្តែនៅក្នុងប្រទេសចិនកុម្មុយនីសវិញ រូបភាពនេះ ត្រូវ​បានហាមឃាត់ និងដកចេញនូវប៉ុន្មានម៉ោងក្រោយមក ពីបណ្ដាញអ៊ិនធើណែត ជាពិសេស ពីបណ្ដាញសង្គម។

គេហទំព័រព័ត៌មានអាមេរិកាំងមួយ Foreign Policy បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាន​ធ្វើនយោបាយប្រឆាំង នឹងអំពើពុករលួយ នៅក្នុងរដ្ឋការរបស់ប្រទេសចិន។ ឆ្លងចេញពីយុទ្ធនាការនេះ មេដឹកនាំចិនរូបនេះ បានបញ្ជាឲ្យគេដកចេញ ឬលប់ចោលទាំងអស់ នូវអ្វីក៏ដោយ​ដែលអាចប៉ះពាល់ដល់​រូប​ភាព​ដ៏ស្អាតស្អំ របស់ខ្លួន និងអ្នកនៅជុំវិញ។

ចំណែកឯលោកស្រី ប៉េង លីយ័ន វិញ បានទទួលយកអាវធំនោះ មកគ្របខ្លួនបន្តិច តាមបែបគួរសម តែបាន​ដោះវាចេញវិញ ទៅឲ្យអ្នកបម្រើម្នាក់ នៅប៉ុន្មានវិនាទីក្រោយមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...