រ៉ូស្ស៊ីបាញ់កាំជ្រួចពីនាវាមុជទឹកជាលើកទី១ កំទេចមូលដ្ឋាន ISIS
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៨ ធ្នូ២០១៥
- កែប្រែចុងក្រោយ: December 09, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសរ៉ូស្ស៊ី បានពង្រឹងភាពមានប្រៀប នៃកងទ័ពរបស់ខ្លួនបន្ថែមទៀត នៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី។ ហើយនេះ គឺជាលើកទីមួយហើយ ដែលប្រទេសរ៉ុស្ស៊ី បានធ្វើការវាយប្រហារ សំដៅមូលដ្ឋានសំខាន់មួយចំនួន របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដោយបាញ់កាំជ្រួចជាច្រើនគ្រាប់ ចេញពីនាវាមុជទឹករបស់ខ្លួន ដែលកំពុងបោះមូលដ្ឋាន នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
រដ្ឋមន្ត្រីការពារជាតិរ៉ូស្ស៊ី បានប្រកាសពីដំណឹងនេះ កាលពីថ្ងៃទី៨ ខែធ្នូ ដោយបានបញ្ជាក់ថា កងទ័ពរ៉ូស្ស៊ី បានធ្វើការវាយប្រហារ ទៅលើ«ទីតាំងសំខានចំនួនពីរកន្លែង របស់កងកម្លាំងភេរវជន» នៅក្បែរក្រុងរ៉ាកា ដែលជាបញ្ជាការដ្ឋានធំបំផុត របស់ក្រុមរដ្ឋអ៊ីស្លាម។ វីដេូខាងលើនេះ ត្រូវបានដាក់បង្ហោះនៅលើ យូធូប ដោយក្រសួងការពារជាតិរ៉ូស្ស៊ី ដើម្បីបង្ហាញពីការបាញ់កាំជ្រួច ចេញពីនាវាមុជទឹក និងទីតាំងដែលកាំជ្រួចទាំងនោះ បានវាយប្រហារ។
លោករដ្ឋមន្ត្រីការពារជាតិរ៉ូស្ស៊ី បានអះអាងទៀតថា ប្រទេសអ៊ីស្ត្រាអែល និងសហរដ្ឋអាមេរិក ដែលកំពុងដឹកនាំយុទ្ធនាការទម្លាក់គ្រាប់បែក នៅក្នុងប្រទេសស៊ីរី ត្រូវបានប្រកាសជូនដំណឹងជាមុន ពីការវាយប្រហារនេះ។
កាំជ្រួចអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ
ប្រទេសរ៉ុស្ស៊ី បានធ្វើការប្រហារជាច្រើន តាមផ្លូវសមុទ្រ ទៅលើក្រុមរដ្ឋអ៊ីស្លាមរួចមកហើយ កាលពីពេលកន្លងមក។ នាវាដែលបានបាញ់កាំជ្រួចចេញទៅនោះ បានបោះទីតាំងរបស់ខ្លួន នៅក្នុងសមុទ្រកាស្ពែន ដែលមានចំងាយប្រមាណជា ១៥០០គីឡូម៉ែត្រ ពីទិសដៅវាយប្រហារ។
លោកប្រធានាធិបតីរ៉ូស្ស៊ី វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានលើកឡើង កាលពីថ្ងៃអង្គារថា កាំជ្រួចរ៉ូស្ស៊ីដែលបាញ់ចេញ ពីនាវាទាំងនោះ អាចនឹងត្រូវបំពាក់ ដោយក្បាលគ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែលោកថា ការប្រើប្រាស់កម្លាំងនុយក្លេអ៊ែរ នឹងមិនចាំបាច់ឡើយ ក្នុងសង្គ្រាមប្រឆាំងភេរវកម្ម។
ដោយឡែក ចំពោះយន្ដហោះទម្លាក់គ្រាប់បែក របស់រ៉ូស្ស៊ីវិញ បានធ្វើការហោះចេញចំនួន៦០០លើក និងកំទេចបានទីតាំងសំខាន់ៗ និងខុសៗគ្នា ចំនួន៣០០កន្លែង នៅក្នុងរយៈពេល តែ៣ថ្ងៃចុងក្រោយនេះប៉ុណ្ណោះ។ នេះ បើតាមក្រសួងការពារជាតិរ៉ុស្ស៊ី ដែលបានផ្សាយឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ជាផ្លូវការមួយ៕
» នាវាជ្រមុជទឹក របស់កងទ័ពរ៉ូស្ស៊ី៖