ប៉ូកបា ឧទ្ទិសជ័យជំនះរបស់ក្រុមបារាំង ឲ្យទៅក្មេងថៃទាំង១២
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 11, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាកីឡាករបារាំងមួយចំនួន បានសម្រេចប្រគល់ប្រាក់បំណាច់បន្ថែមពិសេស ដែលទទួលបាន បន្ទាប់ពីក្រុមខ្លួនរកបានជ័យជំនះ នៅក្នុងការប្រកួតនីមួយៗ ទៅឲ្យសមាគម ឬអង្គការមនុស្សធម៌នោះ កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) ខ្សែបម្រើបារាំងវិញ បានជ្រើសរើសឧទ្ទិសជ័យជំនះរបស់ខ្លួន ទៅឲ្យកីឡាករបាល់ទាត់ វ័យក្មេងថៃ ទាំង១២នាក់ ដែលទើបនឹងត្រូវបានសង្គ្រោះ និងយកចេញទាំងអស់គ្នា ពីរូងភ្នំស្ថិតនៅភាគខាងជើង នៃប្រទេសថៃ ក្រោយពីពួកគេ បានជាប់គាំងខ្លួន អស់រយៈពេល១៧ថ្ងៃ នៅទីនោះមក។
ខ្សែបម្រើបារាំង បានបង្ហោះពាក្យពេជន៍ទាំងនេះ ជាភាសាអង់គ្លេស នៅលើទំព័រទ្វីសធើររបស់ខ្លួន ដោយមានអត្ថន័យ ជាខេមរភាសាទាំងស្រុង ដូចខាងក្រោមថា៖ «ជ័យជំនះ (កាលពីយប់ម៉ិញ ទល់នឹងក្រុម ប៊ែលហ្សិក) នេះ ត្រូវបានឧទ្ទិសទៅយុវកីឡាករ ដ័ក្លាហាន នៅថ្ងៃនេះ។ សូមអបអរសាទរ ដល់អ្នកទាំងអស់គ្នា! អ្នកឯងពិតជាអស្ចារ្យខ្លាំងណាស់។»។
This victory goes to the heroes of the day, well done boys, you are so strong #thaicaverescue #chiangrai pic.twitter.com/05wysCSuVy
— Paul Pogba (@paulpogba) 10 juillet 2018
កីឡាករបាល់ទាត់វ័យក្មេង អាយុពី១២ ដល់១៦ឆ្នាំ និងគ្រូបង្វឹក អាយុ២៥ឆ្នាំ ទាំងអស់ចំនួន ១៣នាក់ ទើបនឹងត្រូវបានសង្គ្រោះជាស្ថាពរ ចេញពីរូងភ្នំជាបន្តបន្ទាប់ រាប់ពីថ្ងៃអាទិត្យ មកទល់នឹងយប់ថ្ងៃអង្គារម្សិលម៉ិញ បន្ទាប់ពីពួកគេ ត្រូវបានជាប់គាំង នៅក្នុងរូងភ្នំខាងលើ អស់រយៈពេលជាង២សប្ដាហ៍ ដោយសារទឹកភ្លៀងជន់លិចច្រកចូល និងនៅតាមបណ្ដោយរូងភ្នំ។ តុល្យភាពសរុប៖ ក្មេង៤នាក់ ត្រូវបាននាំចេញ នៅថ្ងៃអាទិត្យ - ៤នាក់ នៅថ្ងៃចន្ទ និង៥នាក់ចុងក្រោយ ក្នុងយប់ថ្ងៃអង្គារ។
ពួកគេទាំងនេះ ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ «Fifa» អញ្ជើញឲ្យមកទស្សនាដោយផ្ទាល់ ការប្រកួតផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក នៅចុងសប្ដាហ៍ខាងមុខ។ តែបើតាមក្រុមគ្រូពេទ្យ ការធ្វើដំណើររបស់ក្រុមក្មេងរងគ្រោះ ទំនងជាមិនអាចធ្វើបានទេ ក្រោមមូលហេតុ សុខភាពដ៏ផុយស្រួយរបស់ពួកគេ ដែលចាំបាច់ត្រូវឲ្យពួកគេ សម្រាកនៅមន្ទីរពេទ្យ សម្រាប់រយៈពេលជាច្រើនថ្ងៃ៕