បាល់ទាត់ពិភពលោក៖ ស្វីស រងគ្រោះនឹងរន្ទះជើងរបស់ បារាំង (២-៥)
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាសុបិន្ដដ៏អាក្រក់របស់ប្រទេសស្វីស នៅពេលដែលក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន ចាញ់ក្រោមរន្ទះជើង របស់ក្រុមបាល់ទាត់បារាំង ក្នុងពិន្ទុ២ទល់នឹង៥។ ប្រទេសស្វីស នឹងមានឱកាសទាត់ទល់នឹង ក្រុមហុងឌុយរ៉ាស មួយប្រកួតទៀត ដើម្បីអាចដឹងថាខ្លួនអាចឡើងទៅ១/៨ផ្ដាច់ព្រ័ត្រ បានឬយ៉ាងណា។
ក្រុមបាល់ទាត់បារាំង សប្បាយនឹងជ័យជំនះរបស់ពួកខ្លួន។ (រូបថតហ្វេសប៊ុក)
បាល់ទាត់ពិភពលោក - គ្រាន់តែនៅក្នុង១៨នាទីដំបូងប៉ុណ្ណោះ ក្រុមបាល់ទាត់បារាំង ដែលសម្បូរទៅដោយជើងថ្មីៗល្អៗនោះ បានធ្វើការវាយលុកបានពីរគ្រាប់ភ្លាមៗ សង្កត់ក្រុមស្វីស ដោយគ្មានត្រាប្រណី។ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង ទម្ងន់គ្រាប់បាល់របស់បារាំង បានបង្ខំឲ្យក្រុមកីឡាករស្វីស ត្រឡប់ចូលទៅក្នុងបន្ទប់សម្រាកវិញ ដោយងើបមុខសឹងតែមិនរួច ក្នុងពិន្ទុ ៣ទល់នឹង០។
នៅពេលត្រឡប់មកកាន់ការប្រកួត នៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមស្វីសបានរងទម្ងន់ជើងបារាំង ចំនួនពីរគ្រាប់ទៀត ដើម្បីបង្គ្រប់ពិន្ទុ ៥ ទល់នឹង០។ បើទោះជាស្វីសបានរកពិន្ទុមកវិញ បានពីរគ្រាប់ក៏ដោយ តែនៅមិនគ្រប់គ្រាន់ឡើយនឹងបង្គ្រប់សងបារាំង ដល់ទៅ៥គ្រាប់នោះ។ ម្យ៉ាងទៀតពីរគ្រាប់ របស់ក្រុមស្វីសនេះ បានដោយសារតែក្រុមបារាំង មិនបានប្រុងប្រយ័ត្នខ្លាំង ដូចពីពេលផ្ដើមប្រកួតនោះទេ។
បញ្ហាដែលធ្វើក្រុមស្វីស ដែលស្ថិតនៅលេខរៀងទី៦ នៅក្នុងចំណាត់ថ្នាក់របស់ហ្វីហ្វា បានបាត់បង់នូវជំហររបស់ខ្លួន ហើយឈានទៅដល់ ការបែកធ្លាយនូវចំណុចខ្សោយរបស់ខ្លួន បើកឱកាសឲ្យបារាំងធ្វើការវាយលុកស្រេចនឹងចិត្តនោះ បានចាប់ផ្ដើមតាំងពីនាទីទី៩មកម្លេះ បន្ទាប់ពីខ្សែបម្រើស្វីសមួយរូប កីឡាករ ស្ទែវ វុន ប៊ែរហ្សេន (Steve von Bergen) បានរងរបួសក្រោមភ្នែកបន្តិច ដោយបានបះនឹងសន្ទុះជើងទ្របាល់ ដ៏ខ្ពស់របស់កីឡាករបារាំង អូលីវីយ៉េ ហ្សីរូ (Olivier Giroud) ហើយបានត្រូវផ្លាស់ប្ដូរភ្លាមៗមួយរំពេច។
កីឡាករស្វីស ប៊ែរហ្សេន មានតួនាទីជាគន្លឹះមួយ សម្រាប់បម្រើនិងចែកបាល់ ទៅឲ្យកីឡាកររួមក្រុមរបស់ខ្លួន។ ជាពិសេស តួនាទីសំខាន់របស់កីឡាករនេះ បានបង្ហាញច្បាស់នៅក្នុងគ្រាប់បាល់ របស់កីឡាករបារាំង ការីម ប៊ែនហ្សេម៉ា (Karim Benzema)ដែលទាត់បញ្ចូលទីនៅនាទីទី៦៧នោះ ដោយការធ្វេសប្រហែស របស់កីឡាករស្វីស ហ្វីលីព សេនឌើរ៉ូស (Philippe Senderos) ដែលចូលមកជំនួស កីឡាករ ប៊ែរហ្សេន។
តែយ៉ាងណាក៏ដោយ ក្រុមស្វីស មានបីពិន្ទុរួចហើយ បន្ទាប់ពីខ្លួនបានទាត់ឈ្នះ ក្រុមបាល់ទាត់ អេក្វាទ័រ កាលពីប្រាំថ្ងៃមុន នៅក្នុងការប្រកួតជុំជម្រុះ នៃពូល E នេះ។ ការឡើងទៅកាន់វគ្គ ១/៨ ផ្ដាច់ព្រ័ត្រនៅតែមានសង្ឃឹមនៅឡើយ នៅពេលដែលក្រុមស្វីស ទៅជួបប្រកួតជាមួយនឹងក្រុម ហុងឌីរ៉ាស់ លើកក្រោយ៕
សូមទស្សនាវីដេអូសង្ខេបការប្រកួតឡើងវិញ៖