បាល់ទាត់ពិភពលោក៖ ប៊ែលហ្សិកបញ្ជូនប្រេស៊ីល ឲ្យត្រឡប់ទៅផ្ទះមុនក្ដីរំពឹង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 08, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីម្ចាស់ពានរង្វាន់លើកមុន គឺក្រុម អាល្លឺម៉ង់ ដែលត្រូវបានផាត់ចេញ ពីព្រឹត្តិការណ៍ពិភពលោក តាំងពីវគ្គជម្រុះតាមពូលនោះ នៅវេលានេះ ដល់វេនរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល ម្ដង។ ក្រុមបាល់ទាត់ របសប្រទេសស្ដេចបាល់ទាត់ ដែលទទួលការរំពឹង ថានឹងអាចលើកពានពិភពលោក ឆ្នាំនេះក្នុងប្រទេសរ៉ូស្ស៊ីនោះ បានប្រកួតចាញ់ក្រុម បីសាចក្រហម ប៊ែលហ្សិក ដោយគ្រាប់បាល់ ១-២ នៅក្នុងការប្រកួតដ៏តឹងតែងមួយ នៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។
វាជាការប្រកួតដ៏តឹងតែង ដោយសារក្រុម ប្រេស៊ីល បានសាកល្បង និងព្យាយាមតាមគ្រប់មធ្យោបាយ ដើម្បីរកគ្រាប់បាល់ឲ្យស្មើមកវិញ។ តែនៅចំពោះខ្សែការពារ ប៊ែលហ្សិក ដ៏រឹងមាំ និងពោរពេញ ដោយបទពិសោធន៍ ក្រុមស៊ាំបា ប្រេស៊ីល មិនអាចរកគ្រាប់បាល់ បាន លើសពី១គ្រាប់ ដែលរកបានដោយកីឡាករ «Renato Augusto» នៅនាទីទី ៧៦ នោះឡើយ។
តែគេត្រូវនិយាយ ពីភាពទន់ខ្សោយ របស់សន្ទុះបាល់ទាត់ ប្រេស៊ីល ដែលបង្ហាញឲ្យអ្នកផងបានដឹង តាំងពីការប្រកួតដំបូង នៃបាល់ទាត់ពិភពលោកមកម្លេះ។ មិនត្រឹមតែប៉ុណ្ណឹង មួយគ្រាប់ដំបូង របស់ប៊ែលហ្សិក ក្នុងការប្រកួតយប់ថ្ងៃសុក្រនេះ គឺជាគ្រាប់បាល់របស់កីឡាករ «Fernandinho» ខ្សែបម្រើប្រេស៊ីល ដែលប្រើក្បាលរុញបាល់ បញ្ចូលទីរបស់ក្រុមខ្លួនឯង តាំងពីនាទីទី ១៣។
រីឯគ្រាប់បាល់ ប៊ែលហ្សិក ទីពីរ រកបានដោយកីឡាករ ខេវីន ឌឺប្រូញ (Kevin De Bruyne) ដែលជាគ្រាប់បាល់ ទាត់ពីចំងាយជាង២០ម៉ែត្រ បន្ទាប់ពីទទួលបាល់ បានមកពីកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku) ខ្សែប្រយុទ្ធដ៏ខ្លាំងដូចដំរី របស់ក្រុមបីសាចក្រហម។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ប្រេស៊ីល និងក្រុម ប៊ែលហ្សិក៖
ជាលើកដំបូង រាប់ចាប់ពីឆ្នាំ១៩៨៦ ក្រុម ប៊ែលហ្សិក បានឡើងដល់វគ្គ ១ភាគ២ផ្ដាច់ព្រ័ត្រ ដើម្បីទៅជួបនឹងក្រុម បារាំង ដែលទទួលបានសំបុត្រឡើងវគ្គ ១ភាគ២ មុនគេបង្អស់ កាលពីប៉ុន្មានម៉ោងកន្លងមក ក្នុងថ្ងៃសុក្រដដែល។ ក្រុមទាំងពីរ នឹងត្រូវជួបប្រកួតគ្នា នៅយប់ថ្ងៃអង្គារខាងមុខ ដើម្បីដណ្ដើមយកជ័យជំនះ ឈានទៅប្រកួតផ្ដាច់ព្រ័ត្រ ដែលជាការប្រកួតចុងក្រោយ នៃព្រឹត្តិការណ៍ពិភពលោក៕