អ៊ឺរ៉ូ២០១៦៖ ស្លូវាគី ទម្លាក់ រ៉ូស្ស៊ី កាន់តែជ្រៅ ២-១
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 20, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនជាស្រួលអ្វីសោះ សម្រាប់ក្រុមជម្រើសជាតិរ៉ូស្ស៊ី ដែលទទួលបានលទ្ធផលលើកមុន ស្មើជាមួយក្រុមអង់គ្លេស នៅថ្ងៃពុធទី១៥ ខែមិថុនានេះ ក្រុមបាល់ទាត់របស់ប្រទេសមហាអំណាច បានចាប់ផ្ដើមការប្រកួតដំបូង នៃជុំទីពីរ ក្នុងវគ្គជម្រុះ ជាមួយក្រុមស្លូវាគី ដោយចាញ់ក្រុមនេះ ក្នុងពិន្ទុ១ទល់នឹង២។ ការប្រកួតនេះ បានប្រព្រឹត្តិទៅ នៅក្នុងកីឡាដ្ឋាន «Pierre-Mauroy» នៃក្រុង «Lille» ភាគខាងជើងប្រទេសបារាំង។
មិនត្រឹមតែប៉ុណ្ណឹងទេ តែក្រុមជម្រើសជាតិរ៉ូស្ស៊ី បានរងការគម្រាមពីសំណាក់ សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ថានឹងបណ្ដេញចេញពីការប្រកួតជាស្ថាពរ ប្រសិនបើក្រុមអ្នកគាំទ្រជាតិរ៉ូស្ស៊ីរបស់ខ្លួន បង្កអំពើហិង្សាជាថ្មីទៀត បន្ទាប់ពីហេតុការណ៍ហិង្សា បានកើតឡើងនៅក្រុងម៉ារសីយ៍ កាលពីចុងសប្ដាហ៍មុន បង្កឲ្យមានមនុស្សរបួសជាច្រើននាក់។
ចំពោះការប្រកួតជាមួយក្រុម ស្លូវាគី នេះទៀតសោធ ខ្សែការពាររបស់រ៉ូស្ស៊ី ហាក់ដូចជាមានភាពផុយស្រួយ ផ្ដល់ចន្លោះឲ្យកីឡាករខ្សែប្រយុទ្ធ ជាតិស្លូវាគី តាំងពីនាទីដំបូង។ ហើយទីបំផុតទៅ គឺនៅនាទីទី៣២ កីឡាករស្លូវាគី «Hamsik» បានបណ្ដើរបាល់ទម្លុះខ្សែការពាររ៉ូស្ស៊ី រហូតចូលទៅ ទាត់បញ្ចូលទី ធ្វើឲ្យក្រុមស្លូវាគីនាំមុខបានមួយគ្រាប់។ នៅជាង១២នាទីក្រោយមក គឺនៅនាទី៤៤ មុនចប់ពាក់កណ្ដាលម៉ោងទីមួយ កីឡាករខ្សែប្រយុទ្ធស្លូវាគីដដែល រកគ្រាប់បាល់បានមួយគ្រាប់ទៀត។
ត្រឡប់ចូលមកវិញ នៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមរ៉ូស្ស៊ីមិនមានឱកាសច្រើនប៉ុន្មាន ដើម្បីប្រតិកម្មរកគ្រាប់បាល់មកវិញឡើយ។ ហើយបណ្ដាអ្នកគាំទ្ររ៉ូស្ស៊ី ត្រូវរង់ចាំរហូតដល់នាទីទី៨០ ទើបកីឡាករ «Glushakov» របស់ក្រុមខ្លួន រកគ្រាប់បាល់បានមួយវិញ។ នៅសល់ពេលវេលាជាង១០នាទីទៀត (រាប់ទាំងម៉ោងបន្ថែមផង) តែក្រុមរ៉ូស្ស៊ី នៅតែមិនអាចទម្លុះខ្សែការពាររបស់ក្រុមស្លូវាគី ដើម្បីរកឱកាសទាត់បញ្ចូលទី បានទៀតឡើយ។
ជាលទ្ធផលនៅពេលនេះ សម្រាប់ពូល B៖ ក្រុមស្លូវាគី រកបានបីពិន្ទុ ដូចក្រុមវែលដែរ ខណៈក្រុមរ៉ូស្ស៊ី និងអង់គ្លេស នៅតែមួយពិន្ទុដដែល។ ប៉ុន្តែគេត្រូវរង់ចាំការប្រកួត រវាងក្រុមអង់គ្លេស និងវែល នៅថ្ងៃស្អែកនេះទៀត ទើបដឹងថា តើក្រុមណាមានពិន្ទុប៉ុន្មាន សម្រាប់ការប្រកួតជុំទីពីរ នៃវគ្គជម្រុះ ក្នុងពូល B។
» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖