បាល់ទាត់អ៊ីតាលី៖ ខ្សែប្រយុទ្ធក្រុមអ៊ីនថឺ នឹងខកខានប្រកួតដល់ចប់រដូវកាល
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធសំខាន់របស់ក្រុម អ៊ីនថឺ មីឡាន (Inter Milan) កីឡាករ ឌីកូ មីលីតូ (Diego Milito) ទំនងជាត្រូវសំរាក រហូតដល់ចប់រដូវកាល បន្ទាប់ពីរងការឈឺចាប់របួសសរសៃជង្គង់របស់គាត់ ក្នុងពេលការប្រកួតអ៊ឺរ៉ូប៉ាលីក (Europa League) ដោយបានយកឈ្នះក្រុមស៊ីអេហ្វអរ ឃ្លុជ (CFR Cluj) ក្នុងលទ្ធផល ២-០។
កីឡាករ ឌីកូ មីលីតូ ដួលនៅលើស្មៅ នៅក្រោយការប្រកួតបានចាប់ផ្ដើមតែ៦នាទីប៉ុណ្ណោះ។
តារាខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីនរូបនេះ គឺជាអ្នករកគ្រាប់បាល់បញ្ចូលទីទាំង២គ្រាប់ ក្នុងការ ប្រកួតផ្តាច់ព្រ័ត្រ ពេលដែលក្រុមអ៊ីនថឺឈ្នះពានរង្វាន់កំពូលរបស់អ៊ឺរ៉ុបឆែមពានលីក (Champions League) កាលពីឆ្នាំ ២០១០។ គូររំឮកថា កីឡាកររូបនេះ ទើបតែជាសះពីរបួស តែបែជាជួបរឿងសោកសៅ បន្ទាប់ពីការចូលលេងបានតែ ៦នាទីប៉ុណ្ណោះ ក្នុងកីឡាដ្ឋាន សាន ស៊ីរ៉ូ (San Siro) របស់ក្រុមអ៊ីនថឺ កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៤ខែកុម្ភះនេះ។
លោក អេនដ្រេ ស្ត្រាម៉ាកស្ស៊នី (Andrea Stramaccioni) ជំនួយការគ្រូបង្វឹករបស់ក្រុមអ៊ីនថឺ បាន ប្រាប់ដល់អ្នកយកពត៌មានថា «វាជាបញ្ហាសរសៃជើងរបស់គាត់ ហើយជាប្រភេទរបួសថ្មីមួយទៀតសំរាប់ឌីកូ យើងមិនដឹងជាត្រូវធ្វើយ៉ាងម៉េចទេ ចំពោះបញ្ហានេះ។»
ជំនួយការរូបនេះបន្តទៀតថា «យើងរីករាយ នៅពេលឃើញគាត់មកលេងបានវិញ ដោយគាត់ជាមនុស្សសំខាន់ម្នាក់ ហើយគាត់ជាកីឡាករគំរូដល់កីឡាករទាំងអស់ក្នុងក្រុម។ យើងនឹងរង់ចាំគាត់ នៅពេលណាដែលគាត់អាចមកត្រឡប់ មកសហការជាមួយនឹងក្រុមវិញ។»
កីឡាករ រ៉ូដ្រីកូ ប៉ាឡាស៊ីអូ (Rodrigo Palacio) ជនរួមជាតិរបស់កីឡាករឌីកូ បានធ្វើការជំនួស ដំណែង ហើយបានជួយរកគ្រាប់បាល់ទាំង២គ្រាប់ ក្នុងការប្រកួតជើងទី១ វគ្គ៣២ក្រុមនោះ ប៉ុន្តែកីឡាកររូបនេះមានតួនាទី ជាខ្សែបំរើស្លាប។
ក្រុមអ៊ីនថឺមានចំណាត់ថ្នាក់លេខ៤ ក្នុងតារាង ស៊ឺរី អេ (Serie A) លីកបាល់ទាត់កំពូលរបស់ ប្រទេសអ៊ីតាលី ប៉ុន្តែឥឡូវត្រូវប្រឈមមុខ នឹងបញ្ហាអវត្តមានខ្សែប្រយុទ្ធសំខាន់របស់គេ រហូតដល់ចប់រដូវកាល៕
-----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ